ក្រុងហុងកុង ៖ ក្រោយទិវាថ្មីពោរពេញដោយការប៉ះទង្គិចគ្នារវាងពួកបាតុករនិងប៉ូលិស មានការវាយប្រហារដោយកាំបិតមួយ កាលពីយប់ថ្ងៃទី៣វិច្ឆិកានៅហុងកុង បណ្ដាលឲ្យមនុស្ស៥នាក់រងរបួស ក្នុងនោះមានអ្នកទទួលខុសត្រូវនយោបាយមូលដ្ឋានម្នាក់ ជាសកម្មជនស្និទ្ធលទ្ធិប្រជាធិបតេយ្យដែលត្រូវដាច់ស្លឹកត្រចៀក។
ការប៉ះទង្គិចគ្នានានាកើតមាននាឱកាសនៃការប្រមូលផ្ដុំអ្នកតវ៉ាជាច្រើនក្រុម ក្នុងបណ្ដាមជ្ឈមណ្ឌលពាណិជ្ជកម្មនាវេលារសៀល។ មុននេះកងកម្លាំងប៉ូលិសនិងពួកបាតុករបានប៉ះទង្គិចគ្នាជាច្រើនម៉ោង បន្ទាប់ពីមនុស្សច្រើនពាន់នាក់លើកគ្នាដើរហែក្បួនតាមដងវិថីដោយគ្មានការអនុញ្ញាត ហើយកើតមានការប៉ះទង្គិចគ្នានានា។ ប៉ូលិសបានប្រើកាណុងបាញ់ទឹកនិងឧស្ម័នបង្ហូរទឹកភ្នែកបំបែកពួកបាតុករ។ រួចនាយប់ថ្ងៃទី៣វិច្ឆិកាមានការវាយប្រហារបង្ហូរឈាមមួយកើតមាននៅមុខប្លុកពាណិជ្ជកម្មមួយ នៅKOO SHINGដែលនៅទីនោះពួកអ្នកតវ៉ាប្រមូលផ្ដុំគ្នាចាប់ពីព្រឹកមក។
យោងតាមសាក្សីទាំងឡាយថាជនវាយប្រហារជាបុរសម្នាក់ ពាក់អាវយឺតពណ៌ប្រផេះដែលស្រែកពាក្យនានាគាំទ្រចិន។ បណ្ដារូបភាពតាមទូរទស្សន៍បង្ហាញលោកANDREW CHIUជាអ្នកកាន់ទង់នៃចលនាតវ៉ា ត្រូវគេកាប់ដាច់ស្លឹកត្រចៀកម្ខាង។ ចំណែកបុរសម្នាក់ទៀតដេកសន្លប់ជាមួយឈាមស្រោចខ្លួន។
យោងតាមរូបភាពរបស់ទូរទស្សន៍ហុងកុងRTHK គេឃើញបុរសជាអ្នកវាយប្រហារ ត្រូវពួកមនុស្សចោមរោមវាយគេយ៉ាងសាហាវ។ សរុបមនុស្ស៥នាក់ក្នុងនោះមានបុរស៤នាក់់និងនារីម្នាក់ រងរបួសដោយ២នាក់របួសធ្ងន់។ ចំណែកមនុស្ស៣នាក់ត្រូវចាប់ខ្លួន៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ