ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​បើក​បុ.ក​ឡាន​នៅ​អាកាស​យាន​ដ្ឋាន​អា​មេរិក​បណ្ដាល​ឱ្យ​ស្លា.ប់​២នាក់,​រ.បួ.ស​ជា​ច្រើន​នាក់

1 ថ្ងៃ មុន

ទី​ក្រុង​ញូយ៉ក៖ យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែរ​កាណាដា (Air Canada) បាន​បើក​ទៅ​បុក​រថ​យន្ត​មួយ​គ្រឿង​ដែល​ចត​នៅ​ស្ងៀម​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់ ម្នាក់​​ជា​អាកាស​យានិក​ និង​ម្នាក់​ទៀត​ជា​​អាកាស​យានិក​រង​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ឡា​ហ្កា​ឌា (LaGuarida) នៃ​ទី​ក្រុង​ញូយ៉ក…

ទី​ក្រុង​ញូយ៉ក៖ យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែរ​កាណាដា (Air Canada) បាន​បើក​ទៅ​បុក​រថ​យន្ត​មួយ​គ្រឿង​ដែល​ចត​នៅ​ស្ងៀម​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​២​នាក់ ម្នាក់​​ជា​អាកាស​យានិក​ និង​ម្នាក់​ទៀត​ជា​​អាកាស​យានិក​រង​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ឡា​ហ្កា​ឌា (LaGuarida) នៃ​ទី​ក្រុង​ញូយ៉ក ប្រទេស​អាមេរិក​។ យន្ត​ហោះ​នោះ​ចាក​ចេញ​ដំណើរ​ទី​ក្រុង​ម៉ុង​រ៉េអាល់​ (Montreal) ប្រទេស​កាណាដា​ និង​បាន​ទៅ​ដល់​ញូយ៉ក​នៅ​វេលា​ម៉ោង​១១:៤០​យប់​។

គ្រាន់​តែ​ទៅ​ដល់​ភ្លាម យន្ត​ហោះ​ក៏​រត់​ទៅ​បុក​រថ​យន្ត​សង្គ្រោះ​បន្ទាន់​មួយ​គ្រៀង​ដែល​ចត​នៅ​លើ​ផ្លូវ​​សម្រាប់​យន្ត​ហោះ​ឡើង​-​ចុះ​។​ ​ប្រភព​ជា​ច្រើន​បាន​ប្រាប់​ទូរ​ទស្សន៍​អឹន​ប៊ីស៊ី​ (NBC) ថា​អាកាស​យានិក​ទាំង​២​នាក់​ស្លាប់​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​ ខណៈ​ដែល​​​មនុស្ស​ជា​ច្រើន​នាក់​ទៀត​រង​របួស​​។ ​​មុន​ពេល​កើត​ហេតុ​ រថ​យន្ត​​កំពុង​ចេញ​ប្រតិ​បត្តិ​ការ​ជួយ​សង្គ្រោះ​មនុស្ស​ដែល​ជួប​ប្រ​ទះ​នឹង​ឧប​ទ្ទវ​ហេតុ​ដាច់​ដោយ​ឡែក​មួយ​ទៀត​។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​​​អាកាស​យាន​ដ្ឋាន​កើត​ហេតុ​ខាង​លើ​។ គេឃើញ​យន្ត​ហោះ​ចត​នៅ​ស្ងៀម​ក្រោយ​ហេតុ​ការណ៍​នោះ និង​ឃើញ​ផ្នែក​ខាង​មុខ​របស់​យន្ត​ហោះ​កំពិត​កំពៀវ​យ៉ាង​ធ្ងន់​ធ្ងរ​។​ ​«អាជ្ញា​ធរ​ជាតិ​ខាង​សុវត្ថិភាព​ក្នុង​ការ​ដឹក​ជញ្ជូន» ចាប់​ផ្ដើម​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​សំណុំ​រឿង​នេះ​ហើយ​។ ព្រលាន​យន្ត​ហោះ​ខាង​លើ​បាន​ចេញ​សេចក្ដី​ព្រមាន​ថា​អាច​នឹង​មាន​បញ្ហា​រអាក់​រអួល​ដោយ​សារ​អាកាស​ធាតុ​មិន​អំណោយ​ផល​ព្រោះ​ទី​ក្រុង​ញូយ៉ក​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ខ្លាំង​។

គួរ​កត់​សម្គាល់​ថា​ឧបទ្ទ​វ​ហេតុ​ខាង​លើ​នេះ​កើត​ឡើង​ចំពេល​ដែល​អាកាស​យាន​ដ្ឋាន​នានា​កំពុង​ប្រឈម​នឹង​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ដោយ​សារ​ក្រសួង​សន្តិ​សុខ​មាតុ​ភូមិ​កំពុង​តែ​កក​ស្ទះ​ថវិកា​។ ព្រលាន​យន្ត​ហោះ​ឡា​ហ្កា​ឌា (LaGuardia) ​ដែល​ជួប​ប្រទះ​នឹង​ឧបទ្ទវ​ហេតុ​នេះ​ក៏​កំពុង​ទទួល​រង​សម្ពាធ​ខ្លាំង​​ដូច​គ្នា​។ បុគ្គលិក​ត្រូវ​តែ​ធ្វើ​ការ​អត់​ប្រាក់​ឈ្នួល​ជា​បណ្ដោះ​អាសន្ន​។ អ្នក​ដំណើរ​ត្រូវ​តម្រង់​ជួរ​គ្នា​យ៉ាង​វែង​អន្លាយ​ដើម្បី​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​៕ ប្រភព៖ ដេលីមែល (Daily Mail) និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ