ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ខ្លាំង​ណាស់​…​ពិការ​ភ្នែក​ទាំង​៣ ទៅ​ណា​មក​ណា ទាល់តែ​តោង​គ្នា

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពិការភាពមានច្រើនប្រភេទ ខ្លះពីកំណើត ខ្លះដោយសារ​ឧប្បត្តិហេតុផ្សេងៗ ខ្លះ​ដោយ​សារសង្គ្រាម ។ ជា​អកុសល​ជន​ពិការ​ប្រុស​-ស្រី​៣​នាក់ មាន​ទាំង​កូន​តូច​បី​ក្នុង​ដៃ​ផង​នោះ រស់​ដោយ​លំបាក…

ខេត្តបន្ទាយមានជ័យ ៖ ពិការភាពមានច្រើនប្រភេទ ខ្លះពីកំណើត ខ្លះដោយសារ​ឧប្បត្តិហេតុផ្សេងៗ ខ្លះ​ដោយ​សារសង្គ្រាម ។ ជា​អកុសល​ជន​ពិការ​ប្រុស​-ស្រី​៣​នាក់ មាន​ទាំង​កូន​តូច​បី​ក្នុង​ដៃ​ផង​នោះ រស់​ដោយ​លំបាក មើលទៅ​ពិតជា​គួរ​ឲ្យ​សង្វេគ​ណាស់ ដោយសារ​ពួក​គេ​ទៅ​ណា​មក​ណា​ត្រូវ​តោង​ដៃ​គ្នា អាស្រ័យ​លើ​បុរស​ម្នាក់ដែល​ពិការ​ភ្នែក​ម្ខាង ហើយ​ភ្នែក​ម្ខាង​ទៀត​ មើល​បាន​មិន​ដល់​៥០​ភាគរយ និង​មើល​មិន​បាន​ឆ្ងាយ​ទៀត​ផង ។

ជន​ពិការ​ទាំង​៣​នាក់​ខាងលើ ២​នាក់​ជា​ប្តី​ប្រពន្ធ​ឈ្មោះ ឆ​ន តុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ ប្រាក់ សា​វេ​ត អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ចល័ត និង​មាន​ទីលំនៅ​ភូមិ​ច្រ​ម៉ាស់ ឃុំ​ប្រាសាទ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ (​ប្តី​ពិការ​ភ្នែក​ម្ខាង​ ប្រពន្ធ​ពិការ​ភ្នែក​ទាំង​២) ។ ចំណែក​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ កៅ យ៉ែ​ម អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប (​ពិការ​ភ្នែក​ទាំង​២) ។

គ្រួសារ ​ពិការ​ភ្នែក​ខាងលើ បុរស​ជា​ប្តី​អះអាង​ថា ពិការ​តាំងពី​អាយុ​៤​ខែ ដោយសារ​ទឹកសាប៊ូ ឯ​នាង​ប្រពន្ធ​អះអាង​ថា ពិការ​កាលពី​អាយុ​៨​ឆ្នាំ ដោយសារ​ជំងឺ​ក​ញ្ជ្រិ​ល ។ ទោះជា​យ៉ាងណា​គ្រួសារ​មួយ​នេះ ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​បង្កើត​បានកូន​ស្រី​២​នាក់ មាន​អា​វៈយ​វៈ​គ្រប់គ្រាន់​ជា​ចំណងដៃ ។ ចំណែក​ស្ត្រី​ពិការ​ឈ្មោះ កៅ យ៉ែ​ម អះអាង​ថា បាន​ធ្លាក់ខ្លួន​ពិការ​តាំងពី​កំណើត ។

ជន​ពិការ​ទាំង​៣​នាក់ រស់នៅ​ប្រៀប​ដូច​ជា​គ្រួសារ​តែ​មួយ ស្ត្រី​ឈ្មោះ កៅ យ៉ែ​ម ជា​មិត្ត​ភ​កិ្ត​របស់​បុរស​ខាងលើ គឺ​ស្នាក់​នៅ​ជុំ​គ្នា និង​ទៅ​ណា​មក​ណា​ជំ​ុ​គ្នា​រហូត ។ ពួក​គេ​ប្រាប់​ថា បច្ចុប្បន្ន​រស់​អាស្រ័យ​លើ​ការ​ចល័ត​ទី តាម​បណ្តា​ខេត្ត​ដាក់​ធុងបាស់ និង​អំ​ភ្លី​ស្រែកច្រៀង ដើម្បី​សុំ​ថវិកា​ពី​អ្នកស្រុក ដោយ​ម្តង​ទៅ​ខេត្ត​នេះ ម្តង​ទៅ​ខេត្ត​នោះ ។

ពួក​គេ​រៀបរាប់​ប្រាប់​កោះសន្តិភាព​បន្ត​ទៀត​ថា ការ​ចល័ត​ទី ដាក់​ធុងបាស់​ស្រែកច្រៀង​រក​ប្រាក់​ចិញ្ចឹមជីវិត​នេះ ពេល​ខ្លះ​ក៏​មានការ​ថ្នាំងថ្នាក់​ពី​អ្នក​ដទៃ​ដែរ តែ​ក៏​ចេះ​តែ​សុំ​អង្វរ​គេ​ទៅ ធ្វើ​ម្តេច​បើ​ជីវិត​ធ្លាក់​បែប​ហ្នឹង​ទៅ​ហើយ ពិសេស​ដើម្បី​ចិញ្ចឹម​កូនស្រី​២​នាក់ ដែល​នៅ​តូច​ៗ​ឲ្យ​មាន​អនាគត​នឹង​គេ ។

អ្វី​ដែល​កាន់តែ​ខ្លោចចិត្ត​អាណិត​ថែម​ទៀត​នោះ បុរស​ពិការ​ភ្នែក​ខាងលើ ក្លាយជា​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក ដឹក​ប្រពន្ធ និង​មិត្ត​ស្រី ព្រមទាំង​កូន និង​ឧបករណ៍​ច្រៀង ទៅ​ណា​មក​ណា​ទៀត​ផង ។ ជន​ពិការ​ទាំង​៣​នាក់​ខាងលើ សុំ​អំពាវនាវ​យ៉ាង​ទទូច សប្បុរសជន​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ​ដល់​ពួក​គេ​ផង ពិសេស​អ្នកស្រុក​សូម​មេត្តា​យោគយល់ ពេល​ពួក​គេ​ដាក់​ទីតាំង​លក់​សម្លេង​ដើម្បី​ចិញ្ចឹមជីវិត ព្រោះ​គ្មាន​ប្រាក់ខែ​ឡើយ ៕​

អត្ថបទសរសេរ ដោយ