រង់ចាំការធ្វើកោសល្យវិច័យ…ដើម្បីបញ្ជាក់ការស្លាប់ស្ត្រីអង់គ្លេសរូបនេះ
- កោះកុង
ខេត្តកោះកុង ៖ រហូតមកទល់ព្រឹកថ្ងៃទី០១ វិច្ឆិកា នេះ សម្រាប់ការស្លាប់របស់នាង Amelia Bambridge ជនជាតិអង់គ្លេសនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ដោយរង់ចាំការធ្វើកោសល្យវិច័យសិន ។ នាង Amelia Bambridge បានចេញពីវៀតណាម កាលពីកំឡុងថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០១៩ មកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរាគមន៍បាវិត និងបន្តធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ រហូតបាត់ខ្លួននៅព្រឹកទៀបភ្លឺថ្ងៃទី២៤ ខែតុលា ពេលដែលនាងជាមួយមិត្តភក្តិទើបស្គាល់គ្នាជិត ១០នាក់ រៀបចំកម្មវិធីមួយមានឈ្មោះថា «ចាំមើលថ្ងៃរះ» នៅលើកោះរ៉ុង ។

សូមរំលឹកថា ស្ត្រីជនជាតិអង់គ្លេសខាងលើ បានបាត់ខ្លួន៨ថ្ងៃមកហើយ ត្រូវតាមស្វែងរកឃើញយ៉ាងភ្លូកទឹកភ្លូកដីនៅតំបន់កោះរ៉ុង ហើយប្រទះឃើញសាកសពស្ត្រីរងគ្រោះអណ្តែតនៅលើលម្ហសមុទ្រក្នុុងភូមិសាស្ត្រស្រុកកោះស្តេច ចម្ងាយពីកោះរ៉ុងប្រមាណជាង៤០ម៉ៃល៍ ស្មើនឹងជាង៦០គីឡូម៉ែត្រ នៅរសៀលថ្ងៃ៣១ តុលា ហើយភ្លាមៗក្រោយរកឃើញសាកសព ត្រូវបានសមត្ថកិច្ចរៀបចំដឹកជញ្ជូននាំមកកាន់កំពង់ផែក្រុងព្រះសីហនុ ដើម្បីធ្វើការងារបន្តតាមនីតិវិធី ។

មន្ត្រីកងទព័ជើងទឹកនៅក្នុងទីបញ្ជាការជួរមុខនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានឱ្យដឹងដឹង
ថា សាកសពស្ត្រីរងគ្រោះត្រូវបានកម្លាំងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូតកម្ពុជា របស់លោកឧកញ៉ា ទៀ វិចិត្រ បានប្រទះឃើញសាកសពស្ដ្រីជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge រូបនេះ អណ្ដែតនៅលើផ្ទៃសមុទ្រនៅចំណុច(ខនដរ) ក្បែរព្រំដែនសមុទ្រកម្ពុជា-ថៃ ។

ទោះជាយ៉ាងនេះក្តី ភ្លាមៗក្រោយទទួលដំណឹងថា សាកសពត្រូវបានរកឃើញហើយនោះ ក្រុមអ្នករាយការណ៍ព័ត៌មាននៅមិនទាន់ទទួលបានរបាយការណ៍ពីសមត្ថកិច្ចជំនាញអំពីការស្លាប់របស់ស្ត្រីរងគ្រោះថាបណ្តាលមកពីហេតុអ្វីនៅឡើយទេ ។ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ បានថ្លែងប្រាប់ឱ្យដឹងបន្ថែមថា សពនារីជនជាតិអង់គ្លេស ត្រូវបានរកឃើញនៅម្ដុំកោះឆ្លាម ក្នុងខេត្តកោះកុង ហើយនៅពេលនេះកម្លាំងរបស់លោកកំពុងតែនាំសពរបស់នាងមកលើគោក ដើម្បីធ្វើកោសល្យវិច័យបន្ថែមទៀត ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានបញ្ជាក់ថា តាមព័ត៌មានបឋមដែលលោកទទួលបាន គឺពិតជារកឃើញសពរបស់នាង បានអណ្ដែតដល់ខេត្តកោះកុង ហើយពេលនេះកម្លាំងនគរបាល អាជ្ញាធរ បានទាក់ទងទៅខាងក្រុមលំហសមុទ្រនាំយកសពរបស់នាងមកលើគោកវិញ ។ បើតាមលោកឧត្តមសេនីយ៍ស្នងការ ការងារនេះអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចាត់ឲ្យទាំងអាជ្ញាធរនិងសមត្ថកិច្ចទាក់ទងអន្តរាគមន៍នាំយកសពរបស់នាងមកលើគោកដើម្បីធ្វើកោសល្យវិច័យមុនពេលប្រគល់ជូនក្រុមគ្រួសារ ។

សូមបញ្ជាក់ថា នាង Amelia Bambridge បានចេញពីក្រុងព្រះសីហនុ ឆ្ពោះទៅក្រុងកោះរ៉ុង នៅម៉ោង៥ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ និងទៅដល់កោះរ៉ុងនៅម៉ោង៦ល្ងាច ។ នាងបានចូលស្នាក់នៅផ្ទះសំណាក់ Ness Beach នៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃដដែល ។ មុនពេលបាត់ខ្លូនគេបានប្រទះឃើញនាងជាលើកចុងក្រោយ នៅម៉ោង៣និង៣០ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីជប់លៀងមួយនៅឆ្នេរកោះរ៉ុង (Police Beach) ក្រោយមកក៏បាត់ខ្លួនតែម្តង ។

ក្រោយបាត់ខ្លួនប្រធានគណៈបញ្ជាការឯកភាពខេត្ត លោក គួច ចំរើន សហការជាមួយនាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ព្រមទាំងមានការចូលរួមពីក្រុមលោកឧកញ៉ា ទៀ វិចិត្រ និងប្រជាពលរដ្ឋរាប់រយនាក់ រហូតមានការប្រើសុខនហិតក្លិននិងឧទ្ធម្ភាគចក្របានបើកប្រតិបត្តិការស្វែងរកយ៉ាងសកម្មបំផុតដែលសរុបអ្នករុករកមិនខ្វះពីជាង២០០នាក់ទេ ។

ការបាត់ខ្លួនស្ត្រីអង់គ្លេសរូបនេះមនុស្សលើកោះ៦នាក់ត្រូវបានឃាត់ខ្លួនសាកសួរផងដែរ ក្នុងការខិតខំស្វែងរកព័ត៌មានជុំវិញការបាត់ខ្លួននេះ ។ ពិតជាគួរឱ្យសោកស្តាយចំពោះការទទួលមរណភាពរបស់ស្ត្រីទេសចររូបនេះ ។សពស្ត្រីដែលបានរកឃើញនោះ ត្រូវបានបុរសជាឪពុកអះអាងថា ពិតជាកូនស្រីគាត់ដែលបាត់ខ្លួន ព្រោះមានស្នាមសាក់រូបក្បាលគោនៅដើមដៃ ៕

















ចែករំលែកព័តមាននេះ