រាជធានីភ្នំពេញ ៖ លោកវរៈសេនីយ៍យោធាអមដោយមេធាវី និងក្រុមគ្រួសារប្រមាណជិត២០នាក់នៅតែបន្តការតវ៉ាមិនសុខចិត្ត និងចោទចំពោះអាជ្ញាធរខណ្ឌឬស្សីកែវដែលបានប្រើកម្លាំងឈូសឆាយរំលោភយកដីរបស់គាត់ នៅតំបន់អភិវឌ្ឍឬស្សីកែវ ទៅចែងឲ្យប្រជាពលរដ្ឋផ្សេងទៀត ខណៈពេលដែលសំនុំរឿងនោះ កំពុងតែដំណើរនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញនៅឡើយ ។
ដោយនៅព្រឹកថ្ងៃទី៣០ ខែតុលានេះ លោកវរៈសេនីយ៍រូបនោះបានចុះទៅឃាត់គ្រឿងចក្រនិងធ្វើសន្និសីទកាសែត នៅលើដំទំនាស់នោះ ស្ថិតនៅក្នុងភូមិ ទួលពពែ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ទទូចសុំដល់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ព្រមទាំងលោកទេសរដ្ឋមន្ត្រីជា សុផារ៉ា មេត្តាជួយអន្តរាគមន៍ ។ ការឃាត់គ្រឿងចក្រ និងរថយន្តចាកដីនោះមិនសម្រេចឡើយ ដោយអជ្ញាធរបន្តចាក់ដីឈូសឆាយ ដើម្បីពុះជាឡូតិ៍ ទំហំ៤ម៉ែត្រគុណ១៥ម៉ែត្រ ចែកទៅឲ្យប្រជាពលរដ្ឋចំនួន១៧៧គ្រួសារ ដែលបានទន្ទានចាប់យកដីអនាធិបតេយ្យកន្លងមក ។
នៅក្នុងសន្និសីទកាសែតលោកវរៈសេនីយ៍ ព្រុំ បូរ បានឲ្យដឹងថា លោកមិនទំទាស់នៅការអភិវឌ្ឍនោះទេ ពេលអាជ្ញាធរខណ្ឌឬស្សីកែវដាក់គ្រឿងចក្រឈូសឆាយស្ថាបនាផ្លូវគាត់បានចូលរួមសហការដោយវាយរបងបើកផ្លូវដោយខ្លួនឯងមិននឹកស្មានថា បន្ទាប់ពីធ្វើផ្លូវហើយអាជ្ញាធរខណ្ឌឬស្សីកែវបានប្រើកម្លាំងការពារគ្រឿងចក្រចុះមកឈូសឆាយសំណង់និងបំផ្លាញដើមឈើរំលោភយកដីរបស់គាត់ដែលសំនុំរឿងនេះ កំពុងតែបន្តនីតិវិធីនៅតុលាការនៅឡើយនោះ ។
លោកវរៈសេនីយ៍ ព្រុំ បូរ បានឲ្យដឹងទៀតថា ដីរបស់គាត់រួមទាំងបងប្អូនទាំងអស់៨នាក់ មានទំហំប្រមាណជាង១ហិកតា ដែលបានទិញ និងកាន់កាប់តាំងពីឆ្នាំ១៩៩៩ ដោយមានបង្កាន់ដៃ តាំងដៃកាន់កាប់តាំងពីជំនន់លោក អ៊ួង ខែម ។ លុះក្រោយមកសាលារាជធានីភ្នំពេញបានយកតំបន់នោះធ្វើជាតំបន់អភិវឌ្ឍន៍ ឬស្សីកែវជាន់លើដីរបស់គាត់ក៏កើតជាទំនាស់ ។ រយៈពេលប្រមាណជាង២០ឆ្នាំមកហើយ ដែលគាត់ និងក្រុមគ្រួសារបងប្អូនបាននាំគ្នាតវ៉ារហូតមកហើយ ហើយត្រូវបានគណៈកម្មាការដោះស្រាយវិវាទដីធ្លីបានដោះស្រោយឲ្យគាត់ ៤ឡូត៍ (១ឡូត៍ទំហំ២០គុណ៣០ម៉ែត្រ) តែគាត់ពុំទទួលយក ព្រោះដីរបស់គាត់ស្មើ២១ឡូត៍ហើយ ការដោះស្រាយពុំយុត្តិធម៌ដែលខ្លះបាន៨ឡូត៍ទទួលបាន៦ឡូត៍ ។
ចំណែកដីរបស់គាត់២១ឡូត៍បានតែ៤ឡូត៍ ។ នៅក្នុងសន្និសីទលោកវរៈសេនីយ៍ព្រុំ បូរ បានឲ្យដឹងទៀតថា ក៏បានសំណូមពរដល់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិប៊ុន រ៉ានីហ៊ុន សែន ព្រមទាំងលោកទេសរដ្ឋមន្ត្រីជា សុផារ៉ា មេត្តាជួយអន្តរាគមន៍ដោះស្រាយ ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី២២ ខែតុលានេះ អាជ្ញាធរខណ្ឌឬស្សីកែវបានប្រើវិធាការណ៍រដ្ឋបាលដោយប្រើកម្លាំងប្រមាណជាង១០០នាក់ ការពារគ្រឿងចក្ររុះរើវាយសំណង់ផ្ទះជួលមួយខ្នង នៅក្នុងតំបន់អភិវឌ្ឍន៍ឬស្សីកែវ ។ ខណៈនោះលោកព្រុំ បូរ និងក្រុមគ្រួសារប្រមាណជាង១០នាក់បានផ្ទុះការតវ៉ាដោយលើកបដា និងរូបថតសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រោងព្រាត ដោយស្រែកអយុត្តិធម៌ ។ លុះក្រោយលោកក៏បានបន្តតវ៉ារហូតមក ហើយបានត្រឹមតែស្រែកអយុត្តិធម៌តែប៉ុណ្ណោះ ។
ចំណែកអាជ្ញាធរក៏បានចោទប្រកាន់ថា ប្រជាពលរដ្ឋទាំងនោះរស់លើដីតំបន់អភិវឌ្ឍដោយពុំស្របច្បាប់ឡើយ ។ លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា តុលាការមិនហ៊ានចាត់ការនោះទេ គឺគ្រប់សំនុំរឿងដែលពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍឬស្សីកែវ គេបង្វិលមកសាលារាជធានីភ្នំពេញដោះស្រាយហើយនេះជាលេសតែប៉ុណ្ណោះ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ