មូលហេតុ​ដែលរថយន្ត Lamborghini ប្រើ Hybrid ហើយ​នៅ​តែ​មិន​ជួយ​ដល់​បរិស្ថាន


ទីបំផុត Lamborghini បាន​ចេញ​ប្រភេទ​រថយន្ត Hybrid ទៅ​ក្នុង​ត្រកូល​របស់​ខ្លួន ហើយ​វា​មិន​បាន​ជួយ​អ្វី​ដល់​បរិស្ថាន​នោះ​ទេ បើ​ទោះបីជា​វា​គឺជា​រថយន្ត​ប្រើ​សាំង​លាយ​អគ្គិសនី​ក៏​ដោយ​។ នៅ​ពេល​យើង​និយាយ​ពី​រថយន្ត Hybrid យើង​ដឹង​ច្បាស់​ណាស់​ថា វា​គឺ​ផលិត​មក​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​សាំង និង ជួយ​ដល់​បរិស្ថាន​។ តែ​សម្រាប់​រថយន្ត Sian របស់ Lamborghini ប្រើ​បច្ចេកវិទ្យា Hybrid ដើម្បី​បង្កើន​កម្លាំង​របស់​រថយន្ត និង មិន​បាន​ជួយ​សន្សំ​ប្រេងសាំង​ឡើយ​។

បច្ចេកវិទ្យា Hybrid បាន​មាន​ប្រជាប្រិយភាព​ចាប់ តាំងពី​ត្រូវ​បាន​ណែនាំ​ជា​លើក​ដំបូង​កាលពី ២០​ឆ្នាំ​មុន​។ ឥឡូវនេះ​ស្ទើរតែ​គ្រប់​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំងអស់​ផ្តល់​នូវ​ជម្រើស​រថយន្ត Hybrid ហើយ​ភាគច្រើន​គឺ​ស៊ីសាំង​តិច​ជាង​ជម្រើស​ធម្មតា​ស្ទើរតែ​ពាក់កណ្តាល​។ តែ​សម្រាប់​រថយន្ត Lamborghini Sian គឺ​ប្រើ Hybrid ដើម្បី​បង្កើន​ថាមពល​។ វា​ជា​រថយន្ត Lamborghini លឿន​បំផុត​មិន​ធ្លាប់​មាន ដែល​មាន​ល្បឿន​លឿន​ជាង ៣៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​ជាន់​ពី ០​ទៅ​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ក្នុង​រយៈពេល​តិច​ជាង ២,៨ វិនាទី​។

ជំនួស​ឱ្យ​ការ​ប្រើប្រាស់​អា​គុយ Hybrid ទូទៅ Lamborghini បាន​ជ្រើសរើស​យក​អា​គុយ​ប្រភេទ Supercapacitor ដែល​មាន​ទម្ងន់​ស្រាល មិន​ឆាបឆេះ និង សាក​ថ្ម​ឆាប់​ពេញ​។ អ្វី​ដែល​ជា​ចំណុច​អន់​នៃ​អា​គុយ​នេះ គឺ​វា​អាច​ផ្ទុក​អគ្គិសនី​បាន​តែ​រយៈពេល​ខ្លី​។ គេ​អាច​ប្រើ​វា​សុទ្ធ តែ​ពេល​ចូល​ចត​តែ​ប៉ុណ្ណោះ​។ ក្រៅពី​នេះ វា​ប្រើ​សម្រាប់​បន្ថែម​ថាមពល​ឱ្យ​ម៉ាស៊ីន​កាន់តែ​ខ្លាំង និង ស្ទុះ​កាន់តែ​លឿន​។ វា​សាក​ថ្ម​នៅ​ពេល​ដែល​រថយន្ត​បន្ថយល្បឿន និង ពេល​ចាប់​ហ្វ្រាំង​។

វា​អាច​មាន​ជំហាន​វិជ្ជមាន​មួយ​ចំនួន​នៅ​ក្នុង​អនាគត​ក្រុមហ៊ុន​។ Lamborghini បាន​បញ្ជាក់​ថា ពួក​គេ​មាន​គម្រោង​ប្រើប្រាស់​អា​គុយ Hybrid ធម្មតា ជំនួស​ឱ្យ​អា​គុយ Supercapacitors នៅ​ក្នុង​រថយន្ត Hybrid បន្ទាប់​របស់​ពួក​គេ ដែល​អាច​ស៊ីសាំង​តិច​ជាង​នេះ​៕

ប្រភព ៖ businessinsider , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ