ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ«ប្រវាស់»មានន័យដូចម្តេច? ​ហើយ​បច្ចុប្បន្ន​នៅ​មាន​​បន្ត​​​ដល់កូនចៅ​ទេ?

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ «​ប្រវាស់​» ជា​កិរិយា​ស័ព្ទ​មាន​ន័យ​ថា​ ចូល​ហ៊ុន​គ្នា​រកស៊ី​បាន​ប្រយោជន៍​ចែក​គ្នា ដោយ​ភាគី​ម្ខាង​មាន​របស់​ ហើយម្ខាង​ទៀត​ជា​អ្នកកាន់ការ ។ ឧទាហរណ៍​ «ខ្ញុំ​មាន​ស្រែ​ច្រើន​ណាស់ ឆ្នាំ​នេះ​ធ្វើ​មិន​ទាន់​ទេ…

ខេត្តកំពង់ឆ្នាំង៖ «​ប្រវាស់​» ជា​កិរិយា​ស័ព្ទ​មាន​ន័យ​ថា​ ចូល​ហ៊ុន​គ្នា​រកស៊ី​បាន​ប្រយោជន៍​ចែក​គ្នា ដោយ​ភាគី​ម្ខាង​មាន​របស់​ ហើយម្ខាង​ទៀត​ជា​អ្នកកាន់ការ ។ ឧទាហរណ៍​ «ខ្ញុំ​មាន​ស្រែ​ច្រើន​ណាស់ ឆ្នាំ​នេះ​ធ្វើ​មិន​ទាន់​ទេ ខ្ញុំ​បាន​ប្រវាស់​ស្រែ​ខ្លះទៅ​អោយ​គេ ។ ក្រៅពី​ប្រវាស់​ស្រែ គឺ​នៅ​មានការ​ប្រវាស់​ជា​ច្រើន​ទៀត​ដូច​ជា ប្រវាស់​គោ ប្រវាស់​ជ្រូក និង​ប្រវាស់ដៃ​ជាដើម ។

ការ​ប្រវាស់​ទាំងអស់​ខាងលើ ​គឺជា​កិច្ចព្រមព្រាង​គ្នា​រវាង​២​ភាគី ឬ​ច្រើន​ជាង​នេះ ដោយ​សន្យា​នៅ​ពេល​បាន​ផល​មក​តើ​ត្រូវ​ចែក​ដោយ​របៀប​ណា? បច្ចុប្បន្ន​មុខរបរ​ប្រវាស់​នេះ ​ស្ទើ​របាត់​អស់​ទៅ​ហើយ ព្រោះតែ​ការ​រកស៊ី​ប្រវាស់​មិនសូវ​កាក់កប​ឡើយ ពេល​ខ្លះ​ភាគី​ម្ខាង​ក្បត់​ភាគី​ម្ខាង​ទៀត ធ្វើ​ភាគី​ដែល​ជា​ម្ចាស់​ទ្រ​ព្យបាន​ខាតបង់​ធនធាន​របស់​ខ្លួន ។​

ជាក់ស្តែង​កោះ​សន្តិភាព​ សូម​លើកយក​បុរស​ម្នាក់​ជា​អ្នក​រស់នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​ប្រវាស់​មេគោ​ចំនួន​៤​ក្បាល ទៅ​អោយ​២​គ្រួសារ នៅ​ជនបទ​ចិ​ញ្ចឹម ​ដើម្បី​បានកូន​គោ​ចែក​គ្នា តែ​ល​ទ្ឋ​ផល​អស់ទាំង​មេគោ អស់​ទាំង​កូន​គោ​មិន​បាន​អ្វី​មក​វិញ​សោះ ។ ​ លោក ថា​រិ​ទ្ធ អាយុ​៦០​ឆ្នាំ ជា​អ្នក​រស់នៅ​ក្រុង​កំពង់ឆ្នាំង​បានឱ្យ​​ដឹងថា នៅ​ឆ្នាំ​២០០៦ គាត់​បាន​ទិញ​គោ​ញី​៤​ក្បាល​ក្នុង​១​ក្បាល​តម្លៃ​ជាង​១​លាន​រៀល (​កាល​ណោះ​លុយ​ខ្មែរ​នៅ​ថ្លៃ​ណាស់​)​។​

បន្ទាប់​មក​ គាត់​បាន​ប្រវាស់​ទៅ​អោយ​បុរស​២​នាក់​ជា​អ្នក​ចិ​ញ្ជឹ​ម ។​ បុរស​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ផ្លុ​ង សំអាត និង​ម្នាក់​ទៀត ឈ្មោះ តែម ថុ​ល ពួក​គាត់​ទាំង​២​នាក់ ជា​កសិករ​រស់នៅ​ភូមិ​ចោ​ង​ម៉ោង ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដោយ​ក្នុង​ម្នាក់​ៗ ពួក​គាត់​ទទួល​ច​ញ្ជឹ​ម​គោ​ញី​២​ក្បាល ។

​ក្នុង​កិច្ចព្រមព្រាង កូន​គោ​កើតមក​ទី​មួយ​ត្រូវ​បាន​ទៅ​លើ​អ្នក​ទទួល​ប្រវាស់ គឺជា​អ្នក​ដែល​ចិ​ញ្ជឹ​ម​គោ​ដោយ​ផ្ទាល់ ។​ចំណែក​កូន​ទី​២ ត្រូវ​បាន​ទី​ម្ចាស់​គោ គឺ​លោក ថា​រិ​ទ្ឋ និង​កូន​បន្តបន្ទាប់​មក​ទៀត ត្រូវ​ចែក​អោយ​គ្នា​ម្តងម្នាក់​ៗតរហូត​ទៅ​។ ក្រោយមក​នៅ​ឆ្នាំ​២០០៩ គឺ​៣​ឆ្នាំ​ក្រោយមក​គាត់​ទទួល​បានកូន​គោ​ចំនួន​៤​ក្បាល (៣​ឆ្នាំ​មេគោ​១​ក្បាល​កើតកូន​២​ដង​) ពី​អ្នក​ទទួល​ប្រវាស់​ម្នាក់ ដូ​ច្ឋេះ​គាត់​ទទួល​បានកូន​គោ​សរុប​ពី​កសិករ​ទាំង​២​នាក់​ចំនួន​សរុប​៨​ក្បាល ក្នុង​នោះ​កូន​គោ​៤​ក្បាល​ជា​ចំណែក​អ្នក​ចិ​ញ្ជឹ​ម និង​៤​ក្បាល​ទៀត​ជា​ចំណែក​របស់​គាត់ ។

លោក ថា​រិ​ទ្ធបាន​បន្ត​ថា​​ ៣​ឆ្នាំ​ក្រោយមក​ទៀត គឺ​នៅ​ឆ្នាំ​២០១២ មេគោ​របស់​គាត់​បាន​កើតកូន​ក្នុង​មេគោ​១​បាន​២​ក្បាល​ទៀត សរុប​រយៈ ពេល​៦​ឆ្នាំ កូន​គោ​ដែល​បាន​កើត​មាន​ចំនួន​១៦​ក្បាល ចំណែក​គាត់​ត្រូវ​ទទួល​បានកូន​សរុប​៨​ក្បាល និង​អ្នក​ចិ​ញ្ជឹ​ម​បាន​ម្នាក់​៨​ក្បាល ។ ប៉ុន្តែ​ស្រាប់តែ​នៅ​ឆ្នាំ​២០១៥ ពេល​គាត់​ទៅ​មើល​គោ​ជា​លើក​ទី​៣ អ្នក​ចិ​ញ្ជឹ​ម​ប្រាប់​ថាៈ ដោយសារ​បញ្ហា​ជីវភាព​ពួក​គេ​បាន​លក់​គោ​ទាំង​មេ​ទាំង​កូន​អោយ​គេ​យក​ប្រាក់​មក​ដោះ​ទាល់​មួយ​គ្រា​សិន នឹង​ទិញ​មេគោ​មក​សង​ជំ​នូ​ស​វិញ គាត់​ហួសចិត្ត​ខ្លាំង​ណាស់ គិត​ថាៈ ចង់​ប្តឹង​ទៅ​តុលាការ​ដែរ តែ​គាត់​អាណិត​ព្រោះ​អ្នក​ចិ​ញ្ជឹ​មក៍​ជា​សាច់ញាត្តិ​ដែរ ។

ម្ចាស់​គោ​បាន​បន្ត​ថា​៖ គាត់​ចាំ​ការ​ដោះស្រាយ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​មិនឃើញ​អ្នក​ទទួល​ប្រវាស់​នោះ សង​ប្រាក់​មក​គាត់​វិញ​សោះ លេខ​ទូរ​សព្ទ័​ខ​ល​លែង​ចូល គាត់​ទៅ​តាម​ដល់​ផ្ទះ​មិន​ដែល​ជួប ប្រ​ព​ន្ឋ​កូន​ប្រាប់​ថា​៖ បាន​​ឡើង​ភ្នំ​កាប់​ឈើ ១០​ថ្ងៃ​ឬ​កន្លះ​ខែ​ទើប​មក​ម្តង ។ បន្ទាប់​មក នៅ​ឆ្នាំ​២០១៧ គាត់​បាន​ប្តឹង​ផ្ទាល់មាត់​ទៅ​អធិការ​នគរបាល​ស្រុក​ទឹកផុស ដើម្បី​អោយ មន្ត្រី​នគរបាល​ប៉ុស្តិ៍ កោះហៅ​អ្នក​ប្រវាស់​ទាំង​២​នាក់​មក​សាកសួរ ហើយ​ពួក​គេ​ទទួលស្គាល់​ថា​៖ ពិតជា​បាន​ប្រវាស់​គោ​ញី​ម្នាក់​២​ក្បាល​ពិតមែន និង​បាន​ធ្វើ​កិច្ចសន្យា​ដោយ​ឈ្មោះ ផ្លុ​ង សំអាត ព្រម​សង​ចំនួន​៤​លាន​រៀល និង​ឈ្មោះ តែម ថុ​ល ព្រម​សង​ចំនួន​៨​លាន​រៀល ហើយ​សុំ​សង​ត្រឹម​១​ខែ​១​លាន​រៀល រហូត​អស់ ។​

គាត់​ក៏​យល់ព្រម​បាន​ប៉ុណ្ណោះ​ក៏​​យក​ដែរ ខាត​ប៉ុណ្ណាក៏​ខាត​ទៅ ។ ប៉ុន្តែ​តាំងពី​ធ្វើ​កិច្ចសន្យា​មក គឺ​ពួក​គាត់​សង​បាន​តែ​ម្នាក់​១​លាន​រៀល​ទេ ហើយក៍​បាត់​ដល់​បច្ចុប្បន្ន ។ លោក​ថា​រិ​ទ្ឋ​បាន​បញ្ជាក់​ថា​៖ បើសិន​ពួក​គេ​កុំ​ក្បត់​គាត់ រយៈពេល​ច​ញ្ចឹ​ម​មក​ដល់​ពេល​នេះ​គាត់​បាន​គោ​ជាង​១០​ក្បាល អាច​បាន​ប្រាក់​ជាង​១០​លាន​ដែរ នេះ​នៅ​មិន​ទាន់​គិត​មេគោ​៤​ក្បាល​របស់​គាត់​ផង ។

ទាំងអស់​ខាងលើ គ្រាន់តែ​លើក​ឡើង​ពី​ការ​ប្រវាស់​មេគោ ដែល​ម្ចាស់​គោ​ជា​អ្នក​ខាតបង់ ដោយ​ភាព​មិន​ស្មោះត្រង់​ពី​អ្នក​ទទួល​ចិ​ញ្ជឹ​ម ។ សម្រាប់​ពាក្យ​ថាៈ ប្រវាស់​នៅ​មាន​ច្រើន​ទៀត ដូច​ជា​ប្រវាស់​មេ​ជ្រូក តាម​ការ​អោយ​ដឹង​ពី​អ្នក​ដែល​ធ្លាប់​ប្រវាស់ គឺ​នៅ​ពេល​ជ្រូក​កើតកូន គេ​ចែក​គ្នា​ដោយ​អ្នក​ចិ​ញ្ជឹ​ម​ដក​យក​កូនជ្រូក​១​ក្បាល​ចេញ និង​សល់​ប៉ុន្មាន​ទើប​ចែក​គ្នា​ស្មើ ។​

ឧ​ទា​ហរ​ណ៍ កើត​បានកូន​ជ្រូក​១១​ក្បាល អ្នក​ទទួល​ចិ​ញ្ជឹ​ម​បាន​៦​ក្បាល ចំណែក​ម្ចាស់​មេ​ជ្រូក​បាន​៥​ក្បាល ។ ចំណែកឯ​ការ​ប្រវាស់ដៃ​វិញ គឺជា​កិច្ចព្រមព្រៀង​គ្នា​រវាង​២​ភាគី​ឬ​ច្រើន​ជាង​នេះ ដូច​ជា​ស្ទូងស្រូវ​ប្រវាស់​គ្នា មាន​ន័យ​ថាៈ ថ្ងៃនេះ​ក្នុង​ក្រុម​ប្រវាស់​មាន​គ្នា​៧​នាក់ ត្រូវ​ទៅ​ស្ទូងស្រូវ​អោយ​អ្នក​ទី​១ ថ្ងៃស្អែក​ទៅ​ស្ទូង​អោយ​អ្នក​ទី​២ និង​ថ្ងៃ​បន្ទាប់​ទៅ​ស្ទូង​អ្នក​ទី​៣ និង​ទី​៤​ជា​បន្តបន្ទាប់​គ្នា​រហូត​ដល់​ជុំ​ចឹ​ង​ទៅ ។ ចំណែកឯ​ការ​ច្រូតស្រូវ ឬ ភ្ជួរ​រាស់ ក៍​គេ​ធ្វើ​ដូច​គ្នា​ដែរ ។ ពាក្យ​ថាៈ​ប្រវាស់​នេះ​នៅ​តាម​ស្រុក​ខ្លះ​គេ​ហៅ​ថា​៖ ធ្វើស្រែ​យកដៃ​គ្នា

ដោយឡែក​ពាក្យ​ថា​ ​ប្រវាស់​ស្រែ​មួយទៀត គឺ​ខុស​គ្នា​ពី​ប្រវាស់ដៃ ។​ប្រវាស់​ស្រែ​គឺ​ភាគី​ម្ខាង​មាន​ដីស្រែ ភាគី​ម្ខាង​ទៀត​មានពូជ មាន​កម្លាំង​ពលកម្ម និង​ជា​អ្នក​ធ្វើស្រែ​ថែរ​រក្សា​ទឹក ចាប់តាំងពី​ភ្ជួ​រាស់ ដក ស្ទូង​ច្រូតកាត់ បោក​បែន រួចរាល់ ទើប​គេ​ចែក​ស្រូវ​គ្នា​នៅ​លើ ទីលាន​ស្រូវ​តែ​ម្តង ។ ​

ការ​ចែក​ស្រូវ​គ្នា​នេះ គឺ​មាន​ខុស​គ្នា​តាម​តំបន់ ខ្លះ​គេ​ចែក​គ្នា​ស្មើ​គឺ​៥០%​ម្នាក់ តែ​តំបន់​ខ្លះ​ចែក​តាម​របៀប ៤០/៦០ គឺ​ម្ចាស់​ស្រែ​ទទួល​បាន​៤០% អ្នក​ធ្វើស្រែ​ផ្ទាល់​ទទួល​បាន​៦០% និង​តំបន់​ខ្លះ​ទៀត​អ្នក​ធ្វើស្រែ​ផ្ទាល់​បាន​ច្រើន​ជាង​នេះ​រហូត​ដល់​៧០% ឯណោះ​ ។

អត្ថបទសរសេរ ដោយ