ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសជាកូនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពដុតផ្ទះឪពុក បណ្តាលឱ្យឆេះខ្ទេចគ្មានសល់ ។ ពាក់ព័ន្ធនឹងករណីនេះត្រូវបានគេសង្ស័យថា មូលហេតុលបណ្តាលមកពីរឿងប្រពន្ធលែងលះ ហើយជនសង្ស័យបានសុំឪពុកឱ្យជួយផ្សះផ្សាប្រពន្ធមកវិញ ឬជួយរៀបការប្រពន្ធថ្មីមួយទៀតឱ្យខ្លួន តែឪពុកហាក់មិនអើពើ ទើបធ្វើឱ្យជនសង្ស័យខឹងក៏ដុតផ្ទះឪពុកចោលបែបនេះតែម្តង ។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យជាកូនខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២៣ តុលា ឆ្នាំ២០១៩ នៅចំណុចភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោកវរសេនីយ៍ទោហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានថ្លែងថា ជនសង្ស័យជាកូនឈ្នោះ ធៀម ធារ៉ា ហៅ អួង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិត ។ ចំណែកជនរងគ្រោះជាឪពុកឈ្មោះ ធៀម វី អាយុ៥០ឆ្នាំ មុខរបរកសិករ ។ ទាំង២នាក់ឪពុកនិងកូនរស់នៅភូមិឃុំកើតហេតុខាងលើ ។

លោកអធិការស្រុកព្រៃនប់បានបន្តថា ក្នុងករណីខាងលើបណ្តាលឱ្យរងការខូចខាតផ្ទះមួយខ្នងធ្វើអំពីឈើប្រក់សង្ក័សីមានទំហំ៥,៥០ម៉ែត្រគុណនឹង៦ម៉ែត្រ ត្រូវភ្លើងឆេះអស់ទាំងស្រុង ព្រមទាំងរងការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់ទាំងស្រុងគិតជាទឹកប្រាក់អស់ប្រហែលចំនួន៣.៥០០ដុល្លារ និងលុយត្រៀមទុកធ្វើផ្ទះក៏ត្រូវភ្លើងឆេះអស់ទាំងស្រុងចំនួន១២.០០០ដុល្លារទៀតផង។
លោកអធិការស្រុកព្រៃនប់បានបន្ថែមថា ចំពោះមូលហេតុគឺបណ្តាលមកពីរឿងប្រពន្ធលែងលះ ហើយជនសង្ស័យជាកូនសុំឪពុកអោយជួយផ្សះផ្សាប្រពន្ធមកវិញ ឬជួយការប្រពន្ធថ្មីឱ្យមួយទៀត តែជនរងគ្រោះជាឪពុកហាក់មិនសូវអើពើ ទើបធ្វើឱ្យជនសង្ស័យខឹងក៏ដុតផ្ទះឪពុកចោលបែបនេះ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ