ខេត្តសៀមរាប ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជាមានប្រសាសន៍ថា កម្ពុជាគ្រោងបោសសម្អាតមីន និងសំណល់គ្រឿងផ្ទុះពីសង្គ្រាមឱ្យអស់នៅឆ្នាំ២០២៥ ដើម្បីរំដោះផ្ទៃដីដែលមានមីន និងគ្រាប់សំណល់ពីសង្គ្រាមជូនប្រជាពលរដ្ឋ ។ ប៉ុន្តែបច្ចុប្បន្ន អាជ្ញាធរមីនបានជួបបញ្ហាប្រឈមចំនួន២គឺ ៖
ទី១-កង្វះប្រតិបត្តិករបោសសម្អាតមីន ព្រោះមន្ត្រីបោសសម្អាតមីនក្នុងរយៈពេលជាង២០ឆ្នាំ មកនេះ ពួកគាត់មានវ័យកាន់តែចាស់ហើយ និងដោយសារការងារបោសសម្អាតមីនត្រូវការអ្នកដែលមានសុខភាពស្មារតីរឹងមាំល្អ និងទី២-គឺកង្វះថវិកា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាបានជួយគាំទ្រថវិកាលើវិស័យមីនក្នុង១ឆ្នាំៗពី៧ទៅ១០លានដុល្លារ ។
ក្រៅពីនេះ បានពីការផ្តល់ ជំនួយថវិកាជាបន្តបន្ទាប់ពីបណ្តាអង្គការដៃគូនិងបណ្តាប្រទេសជាមិត្តមួយចំនួន ដែលមានសហប្រតិបត្តិការលើការងារបោសសម្អាតមីននៅកម្ពុជាជាង៤០០លានដុល្លារអាមេរិកក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ។
លោកទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំក្រុមម្ចាស់ជំនួយគម្រោងបោសសម្អាតមីន ដើម្បីស្តាប់លទ្ធផល ដំណាក់កាលទី៣រួមមាន តំណាងប្រទេសអូស្ត្រាលីDepartment of Foreign Affairs and Trade (DFAT) អង្គការយូអិនឌីភី(UNDP) ថ្នាក់ដឹកនាំអាជ្ញាធរមីន និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យសកម្មភាពបោសសម្អាតមីនជាក់ស្តែង នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីពេលថ្មីៗកន្លងទៅនេះ ។
លោកទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយទាំងចាស់និងថ្មីទាំងអស់ ដែលបាននិងកំពុងគាំទ្រទាំងសម្ភារ បច្ចេកទេស និងថវិកា ដើម្បីជួយដល់ការងារបោសសម្អាតមីននៅកម្ពុជា ។
ជាពិសេស ជំនួយសម្រាប់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល តែទោះជាយ៉ាងនេះក្តីក៏យើងនៅតែបន្តខិតខំកៀរគរធនធានថវិកាពីបណ្តាប្រទេសជាមិត្តបន្ថែមទៀត ដើម្បីចូលរួមក្នុងការងារមនុស្សធម៌បោសសម្អាតមីន ឱ្យបានចប់ជាស្ថាពរជូនមាតុភូមិកម្ពុជា ធ្វើឱ្យកម្ពុជាគ្មានមីន និងសំណល់គ្រឿងផ្ទុះពីសម័យសង្គ្រាមឱ្យអស់នៅឆ្នាំ២០២៥ ។
ជាមួយគ្នានេះ តំណាងប្រទេសអូស្ត្រាលី និងអង្គការUNDP បានសម្តែងនូវការពេញចិត្តក្នុងការប្រើប្រាស់ជំនួយសម្រាប់បោសសម្អាតមីនមនុស្សធម៌បានចំគោលដៅ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងការកាត់បន្ថយភាពក្រីក្រនៅតាមតំបន់ជនបទ ព្រមទាំងបានប្តេជ្ញាបន្តគាំទ្រ និងជួយដល់កម្ពុជាលើវិស័យបោសសម្អាតមីនរហូតដល់ឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិកកម្មភាពមីន ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ ៕
ចែករំលែកព័តមាននេះ