រាជធានីភ្នំពេញ ៖ គិតត្រឹមវេលារសៀលថ្ងៃទី២៩ មេសានេះ ស្ថានភាពជំងឺអ្នកកំប្លែងលោកយាយនេត ផល្លី ហៅយាយខ្លី កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរនៅឡើយ នេះបើតាមការឱ្យដឹងពីចៅប្រុសរបស់លោកយាយ ហើយមានសប្បុរសជនជាច្រើនក៏បានជួយឧបត្ថម្ភជាបន្តបន្ទាប់ផងដែរ ។
រយៈពេលបួន-ប្រាំថ្ងៃហើយ ដែលអ្នកកំប្លែងលោកយាយនេត ផល្លី ហៅយាយខ្លី ចូលបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែត ដោយសារតែគាត់មានជំងឺច្រើនមុខយាយី ។ កូនស្រីទី៤ឈ្មោះ ញ៉ែម សារុំ កាលពីថ្ងៃទី២៧ មេសា ២០១៤ ឱ្យដឹងថា យាយខ្លីបានចូលបន្ទប់សង្គ្រោះបន្ទាន់ ហើយគាត់មានសភាពរវើរវាយ និងហូបអីអត់បានទេ និងឡើងជាតិស្ករខ្លាំង ។
យាយខ្លីចូលសម្រាកនៅក្នុងមន្ទីរពេទ្យប្រមាណបី អាទិត្យមកហើយ ទើបតែធ្លាក់ខ្លួនឈឺខ្លាំងរហូតសន្លប់បាត់មាត់បាត់ករយៈពេលបួន -ប្រាំថ្ងៃនេះ ។ ជាក់ស្ដែងថ្ងៃទី២៧ មេសា គាត់បឺតទុយោទឹកអត់បានទេ ទាល់តែបន្ដក់ មួយៗទើបបាន ។ ក្រុមគ្រូពេទ្យមិនទាន់និយាយពីសភាពជម្ងឺគាត់យ៉ាងណាទេ ដោយទុកតាមដានបន្ដទៀត ។
កូនស្រីដដែលបញ្ជាក់ថា យាយខ្លីមានជំងឺរបេងឆ្អឹង ទឹកនោមផ្អែម ពុកឆ្អឹងចង្កេះ លើសឈាម និងមានជាតិស្ករច្រើន ។ ស្ថានភាពជម្ងឺធ្វើឱ្យគាត់មិនស្គាល់កូនចៅទេ ហើយកូនចៅបានដាក់វេនគ្នាមើលថែទាំងថ្ងៃទាំងយប់ ។
ចែករំលែកព័តមាននេះ