ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបានស្រុកពញាឮសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ធំ និងនគរបាលប៉ុស្តិ៍ផ្សារដែក បានឆ្មក់បង្រ្កាបទីតាំងសង្វៀនបញ្ជល់មាន់ខុសច្បាប់ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតនៅក្នុងភូមិបែកថ្លាង ឃុំទំនប់ធំ ស្រុកពញាឮ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២៧ មេសា២០១៤ខណះ ដែលអ្នកញៀនល្បែងបញ្ជល់មាន់នាំគ្នារត់គេចខ្លួនអស់ ។
មន្រ្តីនគរបាលស្រុកបញាឮបានប្រាប់ឱ្យដឹងថា ក្នុងប្រតិបត្តិការឆ្មក់បង្រ្កាបនេះសមត្ថកិច្ចបានដកហូតបាន មាន់ជល់០៤ក្បាលនិងម៉ូតូចំនួន០៦គ្រឿង រួមជាមួយសម្ភារៈប្រើប្រាស់មួយចំនួនទៀត ។
ប្រភពព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មាននិងដឹងច្បាស់អំពីភូមិសាស្រ្តក្នុង ភូមិបែកថ្លាង ឃុំទំនប់ធំ ស្រុកពញាឮមានលួចលាក់បើកសង្វៀនបញ្ជល់មាន់ក្នុងដីឡូត៍មួយកន្លែងរួចមកលោកអធិការនគរបាលស្រុកបានដឹកនាំកម្លាំងនគរបាល សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ធំ និងនគរបាលប៉ុស្តិ៍ផ្សារដែកចូលទៅឆ្មក់បង្រ្កាបតែម្តង ។
ពេលកម្លាំងសមត្ថកិច្ចទៅដល់ក្រុមញៀនល្បែងបញ្ជល់មាន់ខុសច្បាប់ទាំងអស់នោះនាំគ្នារត់ប្រសេចប្រសាចកាត់តាមវាលស្រែនាំគ្នាគេចខ្លួនអស់ ទើបសមត្ថកិច្ចដកហូតបានតែមាន់ជល់០៤ក្បាល និងមធ្យោបាយធ្វើដំណើរ ជាមួយនិងសម្ភារៈមួយចំនួនទៀតបញ្ជូនតាមរថយន្តទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។
ចែករំលែកព័តមាននេះ