ខេត្តកំពង់ឆ្នាំង ៖ អ្នកភូមិបឹងកក់ ភូមិឡពាង និងភូមិសំរោង ឃុំតាជេស ប្រមាណ៣០នាក់ កាលពីព្រឹកថ្ងៃទី ២៨ មេសា បាននាំគ្នាមកសាលាខេត្តកំពង់ឆ្នាំង ដើម្បីសុំធ្វើការតវ៉ាទាមទារដី ឬជាលុយកាក់ពីក្រុមហ៊ុន K.D.C ដោយចោទប្រកាន់ថាមានទំនាស់ដីធ្លីជាមួយគ្នាជាយូរយារណាស់មកហើយ ពុំទាន់បានដោះស្រាយ ។
បើតាមអ្នកដែលបានដឹងពីប្រវត្តិវិវាទនេះបាននិយាយថា ក្រុមនេះគ្មានលិខិតស្នាមអ្វីទាំងអស់ដែលបញ្ជាក់ជាផ្លូវការបានឡើយ គឺការមកតវ៉ានេះដោយសារឃើញប្រជាពលរដ្ឋភូមិឡពាងមួយចំនួនបានទទួលប្រាក់គោលនយោបាយពីក្រុមហ៊ុន ទើបលើកគ្នាមកតវ៉ាតាមមេខ្លោងថ្មីម្នាក់ទៀតឈ្មោះ ស្ងួន ញឿន ដែលត្រូវជាបងបង្កើតរបស់ឈ្មោះ ស្ងួន ញេន ហៅ រាជ សីមា ជាមេខ្លោងដែលតវ៉ាមិនឈប់ ទោះបីមានគណៈកម្មការព្យាយាមសម្របសម្រួលយ៉ាងណាក្តី អាងអីដើរចេញពីកិច្ចប្រជុំពិភាក្សារបស់គណៈកម្មការ ។
នៅព្រឹកនោះក្រោយពីមានការអនុញ្ញាត គេឃើញឈ្មោះ ស្ងួន ញឿន បានកាន់លិខិតមួយបាច់ធំ អមដំណើរដោយបក្សពួក២-៣នាក់បានចូលទៅដាក់ពាក្យប្តឹងនៅខុទ្ធកាល័យសាលាខេត្ត ហើយខុទ្ធកាល័យ បានទទួលយក នឹងប្រាប់ថា ចាំដាក់ជូនលោកអភិបាលខេត្ត ។ ក្រោយពីត្រឡប់ចេញមកវិញឈ្មោះ ស្ងួន ញឿន និងបក្សពួកបានប្រាប់អ្នកកាសែតថា ពួកខ្លួនបានធ្វើការតវ៉ាប្តឹងប្តល់ជាមួយក្រុមហ៊ុនយូរឆ្នាំណាស់មកហើយ តែកាលនោះមានការគម្រាមកំហែងពីអាជ្ញាធរ ចាប់ដាក់គុកទើបពួកគាត់ផ្អាកការតវ៉ាពីពេលនេះមក ។ ពេលមកដាក់ពាក្យតវ៉ានៅពេលនេះព្រោះឃើញមានបង្កើតគណៈកម្មការហើយឃើញអ្នកភូមិឡពាងមួយចំនួន បានទទួលប្រាក់ឧបត្ថម្ភជាគោលនយោបាយពីក្រុមហ៊ុន ទើបពួកគេមកដែរក្រែងបានខ្លះ។
នៅព្រឹកនោះដែរគេឃើញឈ្មោះ អុំ សុភី ត្រូវជាប្រពន្ធរបស់ឈ្មោះ ស្ងួន ញឿន បានប្រាប់អ្នកកាសែតថា ពួកគាត់ចំនួន៥២គ្រួសារនៅភូមិឡពាង បានដោះស្រាយមួយចំនួនហើយ នៅសល់១៧គ្រួសារទៀត ដែលមិនទាន់បានទទួលការចចារដោះស្រាយ ។ ពេលអ្នកកាសែតសួរថា ចុះពេលហៅចរចាម៉េចបានចេះតែងើបចេញ ឈ្មោះ អុំ សុភី បានឆ្លើយថា ការហោះចូលទៅចចារម្តងម្នាក់បែបនេះមិនអាចទទួលយកបានទេ ពួកគេត្រូវការ ការចរចាជាសាធារណៈ មានការចូលរួមពីប្រជាពលរដ្ឋ ពីអង្គការផ្សេងៗ ព្រោះពួកគាត់ខ្លះមិនចេះអក្សរផង គាត់មិនត្រូវការការជួបចរចាដោះស្រាយម្តងម្នាក់ ឱ្យលុយបែបកៀបសង្កត់នោះទេ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ