ខេត្តព្រះសីហនុ ៖ ជនសង្ស័យ៣នាក់ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនក្នុងផ្ទះសំណាក់គឹមម៉េង ឆ្នេរអូរឈើទាលកាលពីព្រឹកព្រលឹមថ្ងៃទី២៨ មេសា ២០១៤ បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចកាបូបលុយរបស់ភ្ញៀវមកកម្សាន្តនៅឆ្នេរសមុទ្ធអូរឈើទាលក្រុងព្រះសីហនុកាលពីវេលាម៉ោង១២យប់។
តាមប្រភពពីលោកវ៉ា ចាន់ថន ប្រធានការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន១-ឈ្មោះភិន ណេន ភេទប្រុស អាយុ៣៥ឆ្នាំ, ២-ឈ្មោះដា ឌិន ភេទប្រុស អាយុ២៣ឆ្នាំ និង៣-ឈ្មោះម៉ម វណ្ណី ភេទប្រុស អាយុ២៤ឆ្នាំ អ្នកទាំង៣ស្នាក់នៅអូរទី១ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ប្រភពបន្តថា ក្រោយពេលចាប់ខ្លួនជនសង្ស័យនៅបន្ទប់ផ្ទះសំណាក់ខាងលើ សមត្ថកិច្ចដកហូតបានលុយ១០.៨០០ដុល្លារអាមេរិក កាំភ្លើងខ្លីម៉ាកប្រាហា១ដើម កាបូបខ្មៅធំមួយ និងទូរស័ព្ទម៉ាកសាំសុងកាឡាក់ស៊ីណូត មួយគ្រឿងទៀតដែលជារបស់ជនរងគ្រោះ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ