រាជធានីភ្នំពេញ៖ ក្នុងន័យជួយពង្រឹងនិងពង្រីកឧស្សាកម្មចិញ្ចឹមជ្រូកនៅកម្ពុជាឲ្យមានលក្ខណៈល្អប្រសើរនិងជួយដល់ជីវភាពកសិករចិញ្ចឹមជ្រូកនៅកម្ពុជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានស្នើសុំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC)ជួយពិនិត្យលទ្ធភាពក្នុងការជួយដល់កម្ពុជាក្នុងការការពារជម្ងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីជួយគាំទ្រដល់ឧស្សាហកម្មចិញ្ចឹមជ្រូកនៅកម្ពុជា។
ការស្នើសុំត្រូវបានធ្វើឡើងនាឱកាសដែលលោករដ្ឋមន្ត្រីក្រសួងកសិកម្មជួបពិភាគ្សាការងារ ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក កាលពីរសៀលថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសប្រ៊ុយណេ បន្ទាប់លោក វេង សាខុន និងក្រុមការងារបានបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើលើកទី៤១ រួចមក ។ ជំនួបនេះមានគោលបំណងដើម្បីផ្លាស់ប្តូរទស្សនទានលើអាទិភាពគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពិនិត្យមើលកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគរបស់វិស័យឯកជន ក្នុងផលិតកម្មកសិកម្ម និងការផ្តួចផ្តើមនានាដែលពាក់ព័ន្ធដល់ការពង្រីកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននិងចីរភាពនៅកម្ពុជា។ លើសពីនេះក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ក៏មានបំណងផ្លាស់ប្តូរនូវទស្សនៈពីគោលនយោបាយពាណិជ្ជកម្មកសិកម្មនៅកម្ពុជាផងដែរ។
លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់វិស័យឯកជននៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយចំនួនដែលគាំទ្រដល់ដំណើរការនៃការវិវឌ្ឍនៃខ្សែច្រវាក់តម្លៃកសិកម្ម។ ហើយក៏សង្ឃឹមថាតាមរយៈកិច្ចសហការជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក កម្ពុជានឹងអាចទទួលបាននូវបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗក្នុងផលិតកម្មកសិកម្ម ហើយអាចនឹងឈានទៅជួយដល់ការបង្កើនជីវភាពកសិករនៅតាមទីជនបទ។
លោក វេង សាខុន បានមានប្រសាសន៍ថា «ទន្ទឹមនឹងនេះ ក៏សង្ឃឹមថាការបញ្ជូល
បច្ចេកវិទ្យានៅក្នុងកសិកម្ម ក៏នឹងអាចជួយលើកកម្ពស់គុណភាព និងសុវត្ថិភាពចំណីអាហារផងដែរ ហើយបច្ចុប្បន្នប្រជាជនកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ក្នុងការទទួលទានម្ហូបអាហារដែលមានគុណភាព និងមានការបញ្ជាក់គុណភាពច្បាស់លាស់ ដើម្បីធានាដល់សុខមាលភាព។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក ពិនិត្យលទ្ធភាពក្នុងការជួយដល់កម្ពុជាក្នុងការការពារជម្ងឺប៉េស្តជ្រូកអាហ្វ្រិក ដើម្បីជួយគាំទ្រដល់ឧស្សាហកម្មចិញ្ចឹមជ្រូកនៅកម្ពុជា» ។
តំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បានសម្លឹងឃើញពីសក្តានុពលវិនិយោគនៅកម្ពុជា «ជាពិសេសការនាំមកនូវបច្ចេកវិទ្យាកសិកម្មថ្មីដែលជួយដល់ការកាត់បន្ថយថ្លៃដើមកសិកម្ម ជាពិសេសជួយសម្រួលដល់បញ្ហាពលកម្មកសិកម្ម និងកាត់បន្ថយហានិភ័យដែលបំផ្លាញដោយសមាសភាពចង្រៃនិងកាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម (ជីនិងថ្នាំគីមី)» ។
ចំពោះការចិញ្ចឹមសត្វ ក្រុមប្រឹក្សាធុរកិច្ចមានការចាប់អារម្មណ៍ក្នុងការនាំមកកម្ពុជានូវផលិតផលមួយចំនួនដែលជួយដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថានពីសារធាតុអាម៉ូញាក់ដែលនៅក្នុងលាមកសត្វ ការណែនាំនូវផលិតផលដែលជួយដល់ផ្នែកជីវសុវត្ថិភាពក្នុងបរិវេណទីតាំងកសិដ្ឋានចិញ្ចឹមដើម្បីការពារជម្ងឺឆ្លងសត្វនានា (ដូចជាជម្ងឺប៉េស្តអាហ្វ្រិក) និងប្រភេទផលិតផលលាយជា មួយចំណីសត្វដែលអាចជួយផ្សាំទៅនឹងជម្ងឺនិងកាត់បន្ថយការប្រើប្រាស់វ៉ាក់សាំងការពារផងដែរ។
សមាគមអ្នកចិញ្ចឹមជ្រូកកន្លងមកបានបញ្ជាក់ថាបើទោះបីជាកម្ពុជារកឃើញផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិកប៉ុន្មានខេត្តកន្លងមកក្តី តែជំងឺនេះមិនបានឆ្លងរាលដាលដល់មនុស្សនោះទេ ហើយសមាគមធ្លាប់បានបង្ហាញនូវកង្វល់ពាក់ព័ន្ធនឹងអតិថិជនដែលមួយចំនួនបញ្ឈប់ការទទូលទានសាច់ជ្រូកដែលធ្វើឲ្យប៉ះពាល់ដល់អាជីវករលក់សាច់ជ្រូកផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ