ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រាប​ សុវត្ថិ​ សម្ដែង​ការ​ដឹង​គុណ​ចំពោះ​អ្នក​គាំទ្រ​ក្នុង​និង​ក្រៅ​ប្រទេស​និង​មាន​មោទនភាព​ក្នុង​នាម​អ្នក​ចម្រៀង​ខ្មែរ​បាន​ការ​ទទួល​ស្គាល់​លក្ខណៈ​អន្ដរជាតិ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ តារា​ចម្រៀង​លោក​ព្រាប​ សុវត្ថិ​ ត្រូវ​គេ​ចាត់​បញ្ចូល​នៅ​ក្នុង​បញ្ជី​នៃ​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​រង្វាន់​ដែល​មាន​ឈ្មោះ​ថា​ World Music Awa-rds 2014 ។

រាជធានីភ្នំពេញ​ ៖ តារា​ចម្រៀង​លោក​ព្រាប​ សុវត្ថិ​ ត្រូវ​គេ​ចាត់​បញ្ចូល​នៅ​ក្នុង​បញ្ជី​នៃ​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​រង្វាន់​ដែល​មាន​ឈ្មោះ​ថា​ World Music Awa-rds 2014 ។

កម្មវិធី​ប្រកួត​ប្រជែង​ដ៏​ធំ​ និង​ជា​លក្ខណៈ​អន្ដរជាតិ​នេះ​ តារា​ចម្រៀង​​ លោក​ព្រាប​ សុវត្ថិ​ ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ដណ្ដើម​យក​ពាន​រង្វាន់​ក្នុង​ផ្នែក​ World Best Male Artist ដែល​ក្នុង​បញ្ជី​នោះ​មាន​តារា​ចម្រៀង​ប្រុស​ ល្បីៗ​ជា​ច្រើន​នាក់​ពី​ពាស​ពេញ​ពិភព​លោក​ ។​

តាម​ការ​គ្រោង​ទុក​ ជ័យ​លាភី​ទាំង​អស់​នឹង​ត្រូវ​ប្រកាស​ក្នុង​កម្មវិធី​ World Music Awards នៅ​ថ្ងៃ​ទី​២៧​ ឧសភា​ ២០១៤​ នៅ​ទី​ក្រុង​ Monte Carlo ប្រទេស​ម៉ូណាកូ​ ។​

លោក​ព្រាប​ សុវត្ថិ​ ប្រាប់​កោះ​សន្ដិភាព​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​២៤​ មេសា​ ២០១៤​ថា​ លោក​ភ្ញាក់​ផ្អើល​ខ្លាំង​នៅ​ពេល​ទទួល​ព័ត៌​មាន​​ថា​មាន​ឈ្មោះ​លោក​នៅ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​រង្វាន់​ដ៏​ធំ​ និង​ជា​លក្ខណៈ​អន្ដរ​ជាតិ​ប្រចាំ​ឆ្នាំ​នា​ពេល​នេះ​ ។​ កម្មវិធី​នេះ​តាម​លោក​ដឹង​គឺ​គេ​ជ្រើស​រើស​យក​តារា​ចម្រៀង​ ល្បីៗ​ និង​មាន​ទឹក​ដម​ពីរោះ​ប្រមាណ​ជាង​៣០០​នាក់​នៅ​ពាស​ពេញ​ពិភព​លោក​ ដើម្បី​ដាក់​ឱ្យ​បោះ​ឆ្នោត​ប្រកួត​ប្រជែង​ ។​

លោក​ព្រាប​ សុវត្ថិ​ ឱ្យ​ដឹង​ទៀត​ថា​ កម្មវិធី​នោះ​ធ្វើ​ឡើង​មិន​មែន​ប្រកួត​ប្រជែង​អ្វី​ឡើយ​ ប៉ុន្ដែ​ជា​ការ​រៀប​ចំ​ជ្រើស​រើស​យក​តារា​ចម្រៀង​ ល្បីៗ​ ហើយ​មាន​ទឹក​ដម​សំនៀង​ពីរោះ​តាំង​ពី​កំណើត​ និង​មាន​គេ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្ដរជាតិ​ ។​ ទើប​តែ​ឆ្នាំ​នេះ​ដែល​រូប​លោក​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​កម្ម​វិធី​ World Music Awards ។​ នេះ​ចាត់​ទុក​ជា​កិត្ដិយស​សម្រាប់​រូប​លោក​ ក៏​ដូច​ជា​ប្រជា​ជន​កម្ពុជា​ទាំង​មូល​ដែរ​ ដោយ​ហេតុ​ថា​ កម្មវិធី​នេះ​គឺ​​បាន​ជ្រើស​រើស​យក​តែ​តារា​ចម្រៀង​ដែល​មាន​​ទេពកោសល្យ​ខ្ពស់​ និង​មាន​ទឹក​ដម​សំនៀង​ល្អ​ ដែល​គេ​ចាត់​ទុក​ជា​តារា​ចម្រៀង​ដ៏​អស្ចារ្យ​សម្រាប់​ពិភព​លោក​ ។​

តារា​ចម្រៀង​ លោក​ព្រាប​​ សុវត្ថិ​ មាន​មោទ​ន​​ភាព​ចំពោះ​ខ្លួន​ឯង​ និង​មោទន​ភាព​យ៉ាង​ខ្លាំង​ក្នុង​នាម​ជា​តារា​ចម្រៀង​ខ្មែរ​មួយ​រូប​ដែល​ត្រូវ​គេ​ចាត់​ចូល​ទៅ​ក្នុង​បញ្ជី​តារា​ចម្រៀង​ ល្បីៗ​បំផុត​នៅ​ជុំ​វិញ​ពិភព​លោក​ ។​ លោក​សប្បាយ​ចិត្ដ​នៅ​ពេល​ដែល​ទេពកោសល្យ​របស់​លោក​ត្រូវ​គេ​ទទួល​ស្គាល់​ជា​អន្ដរជាតិ​ ហើយ​ក៏​ជា​មុខ​មាត់​មួយ​សម្រាប់​ប្រជា​ជន​ និង​ប្រទេស​កម្ពុជា​ ក្នុង​នាម​លោក​ជា​កូន​ខ្មែរ​មួយ​រូប​ដែល​មាន​ឱកាស​បង្ហាញ​អ្វី​ដែល​ជា​អត្ដ​សញ្ញាណ​របស់​ជាតិ​ ។

លោក​ព្រាប​ សុវត្ថិ​ ថ្លែង​អំណរ​គុណ​ទស្សនិក​ជន​ទាំង​នៅ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ដែល​តែង​លើក​ទឹក​ចិត្ដ​ និង​គាំ​ទ្រ​រូប​លោក​ជា​រៀង​រហូត​មក។​ ក្នុង​នាម​ជា​តារា​ចម្រៀង​ជើង​ចាស់​ លោក​ព្រាប​ សុវត្ថិ​ ផ្ដាំ​ផ្ញើ​ដល់​អ្នក​សិល្បៈ​ខ្មែរ​ជំនាន់​ក្រោយ​ ត្រូវ​ខិត​ខំ​បង្កើន​សមត្ថភាព​ ទេព​កោ​សល្យ​ និង​រៀប​ចំ​ខ្លួន​ឱ្យ​សម​រម្យ​ថ្លៃ​ថ្នូរ​ ដើម្បី​ចូល​រួម​លើក​តម្កើង​វិស័យ​សិល្បៈ​ខ្មែរ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ និង​ល្បីល្បាញ​នៅ​លើ​ឆាក​អន្ដរ​ជាតិ​ ៕​