ខេត្តស្វាយរៀង ៖ កម្មករ-កម្មការិនី៤០រោងចក្រ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន២២រោងចក្រ, តាយសេង១៧រោងចក្រ និងសានតុងនៅព្រឹកថ្ងៃទី២៨ មេសា បានប្រមូលគ្នាបន្តធ្វើកូដកម្មដោយពុំព្រមចូលធ្វើការ ប្រយោជន៍ដើម្បីទាមទារប្រាក់រង្វាន់៥០ដុល្លារសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងជាថ្នូរមិនធ្វើកូដកម្ម-បាតុកម្ម។ រោងចក្រទាំងនេះមានទីតាំងស្ថិតនៅភូមិតាពៅ ឃុំតាបប់ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
គួររំលឹកថា កម្មករ កម្មការិនីប្រមាណជិត៤ម៉ឺននាក់ បានធ្វើកូដកម្មមិនចូលធ្វើការដើម្បីទាមទារប្រាក់រង្វាន់៥០ ដុល្លារសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងជាថ្នូរមិនធ្វើកូដកម្ម-បាតុកម្ម ។ ថៅកែរោងចក្រអេអិនជេ (ANJ) និងរោងចក្រស្មាតថេច បានយល់ព្រមផ្តល់ប្រាក់រង្វាន់៥០ដុល្លារឱ្យកម្មករ កម្មការិនីឈប់ធ្វើកូដកម្ម ហើយនាំគ្នាចូលធ្វើការវិញ ក៏បង្កឱ្យរោងចក្រចំនួន៣៨ ផ្ទុះកូដកម្មឡើងដើម្បីទាមទារប្រាក់រង្វាន់ដែរ រហូតផ្ទុះអំពើហិង្សាយកដុំថ្មគប់រោងចក្រស៊ីកូ បណ្តាលឱ្យខូចខាតយ៉ាងដំណំ ។
នៅថ្ងៃទី២៦ មេសា ក្រុមកម្មករ កម្មការិនីបានបន្តធ្វើកូដកម្ម និងគំរាមបិទផ្លូវជាតិលេខ១ ដែលបង្ខំឱ្យម្ចាស់រោងចក្រទាំង៤០ បិទទ្វារនៅវេលាម៉ោង៨និង៣០នាទីព្រឹកជាស្ថាពរ ពីព្រោះខ្លាចមានផ្ទុះអំពើហិង្សាទៀត ។
ទាក់ទិននឹងករណីកូដកម្មខាងលើត្រូវបានមន្ត្រីសមត្ថកិច្ចបង្ហើប ឱ្យដឹងថា កម្មករ កម្មការិនីរោងចក្រចាប់ផ្តើមធ្វើកូដកម្មចាប់តាំងពីថ្ងៃទី១៩ មេសា រហូតមកដល់ថ្ងៃទី២៦ មេសា ។ មូលហេតុមុនដំបូងថៅកែរោងចក្រអេអិនជេ តំបន់សេដ្ឋកិ្ចចពិសេសតាយសេង បានផ្តល់ប្រាក់រង្វាន់៥០ដុល្លារដល់កម្មករ កម្មការិនីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងជាថ្នូរមិនចូលរួមធ្វើកូដកម្ម បាតុកម្មកន្លងមក ។
ចែករំលែកព័តមាននេះ