ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ហ្គេ​ម ៖ ក្រុមបាល់ទាត់​កម្ពុជា​ស្ថិត​ក្នុង​ពូ​ល A

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០ ឆ្នាំ​២០១៩ ដែល​ធ្វើ​នៅ​ប្រទេស​ហ្វី​លី​ពី​ន​នោះ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ប្រភេទ​កីឡា​បាល់ទាត់​បុរស​បាន​ចាប់ឆ្នោត​បែងចែក​ពូ​ល​រួច​ហើយ​កាលពី​ថ្ងៃ​ទី​១៥ តុលា នាទី​ក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០ ឆ្នាំ​២០១៩ ដែល​ធ្វើ​នៅ​ប្រទេស​ហ្វី​លី​ពី​ន​នោះ​បាន​ឲ្យ​ដឹង​ថា សម្រាប់​ប្រភេទ​កីឡា​បាល់ទាត់​បុរស​បាន​ចាប់ឆ្នោត​បែងចែក​ពូ​ល​រួច​ហើយ​កាលពី​ថ្ងៃ​ទី​១៥ តុលា នាទី​ក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន ។

ផ្អែក​តាម​លទ្ធផល​នៃ​ការ​ចាប់ឆ្នោត​បែងចែក​ពូ​ល​នោះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​​ឆ្នាំ​របស់​កម្ពុជា​ស្ថិត​នៅ​ពូ​ល A ជាមួយ​ក្រុម​ប្រទេស​ខ្លាំង​ៗ​ចំនួន​៤​ប្រទេស​ទៀត គឺ​ម្ចាស់ផ្ទះ​ហ្វី​លី​ពី​ន ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា និង ទី​ម័​រ​ខាងកើត​។ ចំពោះ​ពូ​ល B វិញ​មាន​ប្រទេស​ថៃ ឥណ្ឌូ​នេ​ស៊ី វៀតណាម ឡាវ សឹ​ង្ហ​បូ​រី និង​ប្រទេស​ប្រ៊ុ​យ​ណេ​។ ការ​ដែល​ក្រុម​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូ​ល​ជាមួយ​ម៉ា​ឡេ​ស៊ី​និង​មី​យ៉ា​ន់​ម៉ា គឺជា​ការ​ជួប​គ្នា​សារ​ជា​ថ្មី​ក្នុង​ឆ្នាំ​២០១៩​នេះ ។

ក្រុម​ទាំង​ពីរ​នេះ​ធ្លាប់​ស្ថិត​នៅ​ក្នុង​ពូ​ល​ជាមួយ​កម្ពុជា​កាលពី​ប្រកួត​ពានរង្វាន់​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍​អាយុ​ក្រោម​២២​ឆ្នាំ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ ហើយ​ដែល​កាលនោះ​កម្ពុជា បាន​យកឈ្នះ​ទាំង​ពីរ​ប្រកួត ពោល​គឺ​ឈ្នះ ម៉ា​ឡេ​ស៊ី ១​ទល់​០ និង​ឈ្នះ​មី​យ៉ា​ន់​ម៉ា ២​ទល់​០ ទៀត​ផង​។

សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​របស់​បុរស នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Rizal Memorial ក្នុង​ទីក្រុង Manila ខណៈ​កីឡដ្ឋាន Binan Football Stadium ក្នុង​ទីក្រុង Binan និង Laguna គឺ​សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​ស្ត្រី​ហើយ​កីឡដ្ឋាន​ទាំងនេះ​សុទ្ធតែ​ជាទី​លាន​ជា​ស្មៅ​សិប្ប និមិត្ត ។

ការ​ប្រកួត​លើក​ទី​៣០ នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​អាគ្នេយ៍ នៅ​ប្រទេស​ហ្វី​លី​ពី​ន នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ជាមួយនឹង​៥២៣ វិញ្ញាសា​ប្រកួត លើ​៥៦​ប្រភេទ ប៉ុន្តែ​សម្រាប់​ប្រភេទ​កីឡាបាល់ទាត់ គឺ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ហើយនឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១០ ខែធ្នូ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ