ខេត្តស្វាយរៀង ៖ កម្មករ កម្មការិនីប្រមាណជិត៤ម៉ឺននាក់ បានធ្វើកូដកម្មមិនចូលធ្វើការដើម្បីទាមទារប្រាក់រង្វាន់៥០ដុល្លារសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងជាថ្នូរមិនធ្វើកូដកម្ម-បាតុកម្ម ។ ថៅកែរោងចក្រអេអិនជេ (ANJ) និងរោងចក្រស្មាតថេច បានយល់ព្រមផ្តល់ប្រាក់រង្វាន់៥០ដុល្លារឱ្យកម្មករ កម្មការិនីឈប់ធ្វើកូដកម្ម ហើយនាំគ្នាចូលធ្វើការវិញ ក៏បង្កឱ្យរោងចក្រចំនួន៣៨ ផ្ទុះកូដកម្មឡើងដើម្បីទាមទារប្រាក់រង្វាន់ដែរ រហូតផ្ទុះអំពើហិង្សាយកដុំថ្មគប់រោងចក្រស៊ីកូ បណ្តាលឱ្យខូចខាតយ៉ាងដំណំ ។
នៅថ្ងៃទី២៦ មេសា ក្រុមកម្មករ កម្មការិនីបានបន្តធ្វើកូដកម្ម និងគំរាមបិទផ្លូវជាតិលេខ១ ដែលបង្ខំឱ្យម្ចាស់រោងចក្រទាំង៤០ បិទទ្វារនៅវេលាម៉ោង៨និង៣០នាទីព្រឹកជាស្ថាពរ ពីព្រោះខ្លាចមានផ្ទុះអំពើហិង្សាទៀត ។ ទាក់ទិននឹងករណីកូដកម្មខាងលើត្រូវបានមន្ត្រីសមត្ថកិច្ចបង្ហើបឱ្យដឹងថា កម្មករ កម្មការិនីរោងចក្រចាប់ផ្តើមធ្វើកូដកម្មចាប់តាំងពីថ្ងៃទី១៩ មេសា រហូតមកដល់ថ្ងៃទី២៦ មេសា ។ មូលហេតុមុនដំបូងថៅកែរោងចក្រអេអិនជេ តំបន់សេដ្ឋកិ្ចចពិសេសតាយសេង បានផ្តល់ប្រាក់រង្វាន់៥០ដុល្លារដល់កម្មករ កម្មការិនីក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងជាថ្នូរមិនចូលរួមធ្វើកូដកម្ម បាតុកម្មកន្លងមក ។
នៅថ្ងៃទី១៩ មេសានោះ ក៏លេចឮដំណឹងដល់ក្រុមកម្មកររោងចក្រស្មាតថេច ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង និងរោងចក្របេសវ៉េ (Best Way) នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ហើយក៏នាំគ្នាធ្វើកូដកម្មទាមទារប្រាក់រង្វាន់៥០ដុល្លារពេលចូលឆ្នាំនេះដែរ ។ បន្ទាប់មកមានការធ្វើកូដកម្មរហូតដល់៦រោងចក្រ គឺនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន៣រោងចក្រ តំបន់សេដ្ឋកិច្ចពិសេសតាយសេង២រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសសានតុង១រោងចក្រ ដែលមានកម្មករ កម្មការិនីសរុបប្រមាណជាង៦ពាន់នាក់។ ដោយសារការធ្វើកូដកម្មគ្មានដំណោះស្រាយ រហូតមកដល់ថ្ងៃទី២១ មេសា ក៏មានតំណាងសហជីពចំនួន៦ មកចូលរួមដឹកនាំធ្វើកូដកម្មទាមទាររហូតដល់៧ចំណុចរួមមាន ៖
១-ទាមទារប្រាក់រង្វាន់ពេលចូលឆ្នាំខ្មែរ ៥០ដុល្លារ
២-កុំឱ្យកាត់ប្រាក់ខែថ្ងៃ១៧ មេសា ៥០ភាគ រយ
៣-ដំឡើងប្រាក់ខែ១៦០ដុល្លារ (ប្រាក់ខែគោល)
៤-ដោះលែងសកម្មជនសិទ្ធិមនុស្ស និងកម្មករ២៣នាក់ឱ្យមានសេរីភាព
៥-បណ្តេញកម្មករនិយោជិតជនជាតិវៀតណាមចេញពីរោងចក្រ
៦-មិនឱ្យកាត់ប្រាក់ពេលធ្វើកូដកម្ម បាតុកម្ម
៧-មិនឱ្យកាត់ប្រាក់អ្នកជំងឺដែលមកសុំច្បាប់សម្រាកក្រោយពេលមិនបានមកសុំពេលមានជំងឺ១ថ្ងៃ ។
ការដាក់មេក្រូស្រែករបស់ក្រុមសហជីពដែលឆក់ឱកាសនេះបានតែ១ម៉ោង ក៏ត្រូវសមត្ថកិច្ចចាត់វិធានការឆ្លើយតប ។ បុ៉ន្តែដោយសារការធ្វើកូដកម្មគ្មានដំណោះស្រាយ ក៏បានបន្តរហូតដល់ថ្ងៃទី២៤ និង២៥ មេសា និងឈានដល់ការផ្ទុះអំពើហិង្សារវាងកម្មករ និងសមត្ថកិច្ច ប៉ះទង្គិចគ្នាមួយប្រាវបណ្តាលឱ្យរងរបួសទាំងសងខាង និងខូចខាតរោងចក្រស៊ីកូយ៉ាងដំណំ ទើបបង្ខំឱ្យថៅកែរោងចក្រចំនួន៣៧ ត្រូវបិទទ្វារ ។ បើតាមតំណាងរោងចក្រស៊ីកូ ឱ្យដឹងកាលពីថ្ងៃទី២៦ មេសាថា រោងចក្រស៊ីកូ ត្រូវក្រុមបាតុករគប់ដុំថ្ម និងយកព្រនង់វាយបំបាក់របងចូលវាយទ្វារកញ្ចក់ និងបង្អួចកញ្ចក់បែកខ្ទេចខ្ទីអស់ស្ទើរទាំងស្រុង ។ រីឯសមត្ថកិច្ចគ្មានចំណាត់ការរារាំងទេ បែរជារត់គេចបាត់អស់បណ្តាលឱ្យកម្មករវាយទ្វាររបងរោងចក្រ និងបង្អួចបែកខ្ទេចខ្ទី និងវាយកម្ទេចរថយន្តអស់១គ្រឿងទៀត បុ៉ន្តែសមត្ថកិច្ចរាយការណ៍ប្រាប់អ្នកសារព័ត៌មានថា គ្មានខូចខាតអ្វីទេ ។ តំណាងរោងចក្រដដែលនិយាយថា កាលពីដើមឆ្នាំ២០១៤ រោងចក្រស៊ីកូក៏ត្រូវកម្មករវាយ និងគប់បែកកញ្ចក់បែកខូចខ្ទេចខ្ទីម្តងដែរ ហើយការជួសជុលឡើងវិញមិនទាន់រួចរាល់ផង ក៏ត្រូវកម្មករគប់ និងវាយបំផ្លាញខ្ទេចខ្ទីអស់ទៀត ។
ម្ចាស់តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនប្រកាសថា ក្នុងកិច្ចប្រជុំដោះស្រាយ ជាលទ្ធផលថៅកែរោងចក្រទាំងអស់នៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន បានសម្តែងមតិយោបល់ឯកភាពគ្នា និងបានស្តីបន្ទោសដល់រោងចក្រដែលផ្តល់រង្វាន់ដល់កម្មករថា មិនអាចផ្តល់ប្រាក់រង្វាន់៥០ដុល្លារឱ្យទៅកម្មករ និយោជិតបានទេ ពីព្រោះប្រាក់រង្វាន់៥០ដុល្លារដែលកម្មករនិយោជិតទាមទារមិនស្របតាមបទប្បញ្ញត្តិស្តីពីច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ។ អ្នកវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន បានរួមគ្នាគោរពតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជាជាដាច់ខាត និងគោរពតាមលក្ខខណ្ឌច្បាប់ផ្សេងៗ ថែមទាំងទទួលស្វាគមន៍ចំពោះកម្មករនិយោជិតដែលគោរពច្បាប់ការងារ ហើយត្រឡប់ចូលធ្វើការក្នុងរោងចក្រតាមធម្មតាវិញ ។
ក្រុមកម្មករ កម្មការិនី ព្រមានថា បើគ្មានដំណោះស្រាយសមស្របតាមការទាមទាររបស់កម្មករទេ ពួកគេនឹងធ្វើកូដកម្មបន្តទៀត ហើយនិងធ្វើកូដកម្មបិទផ្លូវជាតិលេខ១ នៅថ្ងៃចន្ទ ទី២៨ មេសា ។ តំណាងរោងចក្រមួយចំនួនប្រាប់អ្នកសារព័ត៌មានថា រោងចក្រអេអិនជេ និងស្មាតថេច គេរកស៊ីចំណេញ ទើបមានប្រាក់រង្វាន់ផ្តល់ដល់កម្មករនិយោជិត រីឯរោងចក្រមួយចំនួនធំទើបមកវិនិយោគថ្មី ពុំទាន់មានប្រាក់ចំណេញផង ។ បើកម្មករនិយោជិតទាមទារប្រាក់រង្វាន់ តើមានប្រាក់ឯណាផ្តល់ឱ្យ ហើយបើចេះតែនាំគ្នាធ្វើបាតុកម្ម កូដកម្មមិនចូលធ្វើការ ក្រុមហ៊ុននឹងខាតបង់ ហើយផលិតមិនទាន់តាមអ្នកបញ្ជាទិញ គេអាចបញ្ឈប់កុងត្រា ។
បើកម្មករ កម្មការិនីនៅតែបន្តធ្វើកូដកម្មយូរថ្ងៃ យូរខែទៀត រោងចក្រខ្លះអាចប្រឈមជាមួយអ្នកបញ្ជាទិញ និងឈានទៅបិទទ្វារ និងបានអំពាវនាវដល់ក្រសួងការងារ និងអាជ្ញាធរជួយអន្តរាគមន៍ដោះស្រាយជាបន្ទាន់ផង ៕
ចែករំលែកព័តមាននេះ