រាជធានីភ្នំពេញ ៖ ក្រុមសហជីពបានបង្ហាញជំហររបស់ខ្លួនថានឹងមានការជួបជុំហែក្បួនដាក់ញត្តិពីទុក្ខលំបាករបស់កម្មករទៅកាន់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែលជាគណបក្សជាប់ឆ្នោតក្នុងរដ្ឋសភានីតិកាលទី៥ នៅថ្ងៃខួបទិវាពលកម្មអន្តរជាតិនាថ្ងៃទី១ ឧសភា ខាងមុខ បើទោះជាអាជ្ញាធរមិនអនុញ្ញាតយ៉ាងណាក្ដី ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថាសីុខៅឌូមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី២៧ មេសា ថា លោកនិងតំណាងសហជីពចំនួន១៨ផ្សេងទៀតនៅតែប្រកាន់ជំហរប្រារព្ធទិវាពលកម្មអន្តរជាតិ១ ឧសភា ទោះបីមិនមានការអនុញ្ញាតពីអាជ្ញាធរក្ដី ។ លោកពន្យល់ពីហេតុផលដែលត្រូវប្រកាន់ជំហរបែបនេះថាសហជីពទាំងអស់តែងប្រារព្ធទិវាពលកម្មអន្តរជាតិជារៀងរាល់ឆ្នាំហើយមិនមានរឿងហេតុអ្វីកើតឡើងឡើយព្រោះនោះ គឺជាការជួបជុំគ្នាចង់ឱ្យរាជរដ្ឋាភិបាលឬគណបក្សជាប់ឆ្នោតដោះស្រាយបញ្ហាដែលកម្មករចង់បានប៉ុណ្ណោះ ។ លោកបញ្ជាក់ថា ប្រសិនបើអាជ្ញាធរអនុញ្ញាតនោះនឹងមិនមានអ្វីកើតឡើងនោះទេ ព្រោះថានៅពេលដែលកម្មករនាំគ្នាមកជួបជុំនៅតាមផ្លូវណាមួយហើយមិនមានការជួយអន្តរាគមន៍ពីសមត្ថកិច្ចនោះនឹងបណ្ដាលឱ្យមានការកកស្ទុះចរាចរណ៍ជាមិនខាន ។ យ៉ាងណាក៏ដោយ សហជីពនៅតែប្រកាន់ជំហរធ្វើដូចថ្ងៃ៨ មីនា កន្លងមក គឺគ្រាន់តែមានការជួបជុំគ្នាហើយរំសាយទៅវិញ ។
ចំណែកលោក ប៉ាវ សីុណា ប្រធានសហជីពចលនាកម្មករកម្ពុជាដែលជាសហជីពមួយក្នុងចំណោមសហជីពចំនួន១៨ដែរនោះបានប្រាប់ក្រុមអ្នកសារព័ត៌មានដាច់ដោយឡែកមួយនៅក្នុងពិធីសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីថ្នាក់ជាតិស្ដីពីការពង្រឹងដំណើរការនៃការកែសម្រួលប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតកាលពីថ្ងៃទី២៥ មេសា ថា ទោះបីជាមិនមានការអនុញ្ញាតពីអាជ្ញាធរក៏ដូចជាក្រសួងមហាផ្ទៃក៏ដោយក៏ក្រុមសហជីពរបស់លោកមិនបោះបង់ចោលជំហរជួបជុំគ្នាឡើយ ហើយការជួបជុំគ្នានោះនឹងមានការហែក្បួនដាក់ញត្តិទៅកាន់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជាប់ឆ្នោតដើម្បីទាមទារដំណោះស្រាយ៧ចំណុចទាក់ទងនឹងបញ្ហារបស់កម្មករដែលកំពុងប្រឈមសព្វថ្ងៃនិងបញ្ហាមួយចំនួនទៀត ។
លោក ប៉ាវ សីុណា បញ្ជាក់ថា សម្រាប់សហ ព័ន្ធសហជីពរបស់ពួកយើងគឺមិនមានជំហរណាមួយថានឹងដកថយនោះទេ ត្រូវតែធ្វើការជួបជុំគ្នាដដែលទោះបីជាមានការបង្ក្រាបក៏ដូចជាមានការទប់ស្កាត់ក៏ដោយ ។ ជាទូទៅនៅពេលដែលយើងជួបជុំគ្នាហើយយើងប្រាកដជាដាក់ ញត្តិទៅកាន់ស្ថាប័នពាក់ព័ន្ធ ។ លោក ប៉ាវ សីុណា បានបន្ថែមទៀតថា ញត្តិដែលនឹងត្រូវដាក់ទៅកាន់ស្ថាប័នពាក់ព័ន្ធមានការទាមទារ៧ចំណុចគឺដូចទៅនឹងអ្វីដែលជាការតវ៉ាលើកមុនៗដែរ ប៉ុន្តែការហែញត្តិទៅលើកនេះមានស្ថាប័នតែ២ប៉ុណ្ណោះដែលសហជីពត្រូវយកញាត្តិទៅដាក់គឺនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌចំការមន និងទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
លោក អាត់ ធន់ បានឱ្យដឹងថា ការជួបជុំនឹងនៅតែមានបើទោះបីជាអាជ្ញាធរមិនអនុញ្ញាតក៏ដោយ ប៉ុន្តែអាចនឹងមានអ្នកចូលរួមតិចជាងការគ្រោងទុកដែលមានប្រមាណពី៥.០០០ទៅ១ម៉ឺននាក់ ។ ទោះបីជាយ៉ាងណា លោកមិនប្រាកដថានឹងត្រូវជួបជុំគ្នានៅកន្លែងណានោះទេ នាថ្ងៃទី១ ឧសភា ខាងមុខនេះ ខណៈដែលក្រសួងការងារគ្រោងនឹងធ្វើមីទ្ទិញមួយនៅមជ្ឈមណ្ឌលកោះពេជ្រ ។ ទាក់ទិននឹងការជួបជុំគ្នានេះលោក អាត់ ធន់ មានការព្រួយបារម្ភព្រោះថាលោកកំពុងស្ថិតក្នុងការឃ្លាំមើលពីតុលាការដោយមិនអនុញ្ញាតឱ្យជួបជាមួយកម្មករនៅតាមទីសាធារណៈនិងបានសម្រេចឱ្យតម្កល់ប្រាក់២៥.០០០ដុល្លារថែមទៀត ។ យោងតាមលិខិតអំពាវនាវដល់កម្មកររបស់លោក អាត់ ធន់ ចុះថ្ងៃទី២៥ មេសា ឲ្យដឹងថា រយៈពេលជាង១០ឆ្នាំកន្លងមកនេះលោក បានធ្វើសកម្មភាពនិងឆ្លងកាត់ឧបសគ្គជាច្រើន ដើម្បីការពារសិទ្ធិសេរីភាពនិងផលប្រយោជន៍ ជូនកម្មករ ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានសហការជាមួយកម្មករទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារជូនកម្មករ ជំរុញឲ្យដោះលែងសកម្មជន និងកម្មករ២១នាក់ និងដោះស្រាយបញ្ហាមួយចំនួនទៀត ។
ក្នុងលិខិតរបស់លោកអាត់ ធន់ បានលើកឡើងទៀតថា ថ្មីៗនេះមានកម្មករ និងក្រុមហ៊ុន អេសអិល(SL)បានប្តឹងលោកទៅសាលាដំបូងរាជធានីភ្នំពេញ ដោយសារការពារសិទ្ធិកម្មករនិយោជិត ប៉ុន្តែតុលាការបានចោទប្រកាន់មកលើរូបលោក និងបង្គាប់ឲ្យបង់ប្រាក់តម្កល់ចំនួន២៥.០០០ដុល្លារក្នុងរយៈពេលមួយខែជាកំហិតដើម្បីធានានៅក្រៅឃុំ និងបិទសិទ្ធិសេរីភាពមិនឲ្យជួបកម្មករនិយោជិតនៅទីកន្លែងសាធារណៈថែមទៀត ។ សេចក្តីអំពាវនាវក៏បានតម្រូវឱ្យកម្មករ និយោជិតជួយឧបត្ថម្ភថវិកាដើម្បីយកទៅតម្កល់នៅសាលាដំបូង ដើម្បីចៀសផុតពីការឃុំខ្លួនរបស់តុលាការ ។
សូមបញ្ជាក់ថា កាលទី២៤ មេសា នៅសាលារាជធានីភ្នំពេញមានបើកកិច្ចប្រជុំមួយទាក់ទងនឹងសំណើសុំជួបជុំរបស់សហជីពក្នុងថ្ងៃទិវាពលកម្មអន្តរជាតិឆ្នាំ២០១៤នេះដោយមិនអនុញ្ញាតឱ្យពួកគេធ្វើការជួបជុំនៅលើទីលានប្រជាធិបតេយ្យឡើយ ប៉ុន្តែក្រោយមកខាងសម្ព័ន្ធសហជីពទាំង១៨បានស្នើសុំប្តូរទៅជួបជុំគ្នានៅសួនច្បារមុខវត្តបទុមវតី វិញហើយខាងអាជ្ញាធរក៏ដូចជាសាលារាជធានីភ្នំពេញ បានកំពុងបញ្ជូនសំណើនេះទៅកាន់ក្រសួងមហាផ្ទៃ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងដល់កម្មករនិយោជិត អង្គការវិជ្ជាជីវៈ អង្គការជាតិនិងអន្ដរជាតិឱ្យបានជ្រាបថា ក្រសួងនឹងរៀបចំធ្វើមីទ្ទីញថ្នាក់ជាតិមួយដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១២៨ នៃទិវាពលកម្មអន្ដរជាតិ១ ឧសភា ឆ្នាំ២០១៤ ។ សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ពិធីរំលឹកខួបលើកទី១២៨នៃទិវាពលកម្មអន្ដរជាតិ នឹងប្រព្រឹត្ដទៅនៅមជ្ឈមណ្ឌលពិព័រណ៍និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្ដរជាតិ តំណាងសហព័ន្ធសហជីព តំណាងសមាគម និយោជក កម្មករនិយោជិត បុគ្គលិកសិក្សា មន្ដ្រីរាជការចំនួន៣.០០០នាក់ ។
ក្នុងសេចក្ដីប្រកាសព័ត៌មានក៏បានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធររាជធានី-ខេត្ដ ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន កម្មករនិយោជិត អង្គការសហជីព និងនិយោជក រៀបចំឱ្យបានផុលផុស ដោយបង្កលក្ខណៈសប្បាយរីករាយជូនកម្មករនិយោជិតក្នុងឱកាសដ៏ប្រពៃនេះឱ្យបានកុះករ ។
ចំណែកសេចក្ដីជូនដំណឹងរបស់សហព័ន្ធសហជីពមួយចំនួនបានលើកឡើងថា តំណាងសហព័ន្ធសហជីព សមាគម និងកម្មករនិយោជិតចម្រុះវិស័យ បានជូនដំណឹងរួចហើយក្នុងការសុំទៅអាជ្ញាធររាជធានីភ្នំពេញប្រារព្ធទិវាពលកម្មអន្ដរជាតិ ខួបលើកទី១២៨ នៅទីលានប្រជាធិបតេយ្យនៅថ្ងៃទី១ ឧសភា ខាងមុខដោយមានអ្នកចូលរួមប្រមាណ៥ពាន់នាក់ ។ ទិវាពលកម្មអន្ដរជាតិ គឺជាខួបរំលឹកការចងចាំនូវព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដក្នុងចលនាការងារដើម្បីលើកកម្ពស់សិទ្ធិ និងលក្ខខណ្ឌការងារឱ្យប្រសើរឡើង ដែលមានបណ្ដាប្រទេសនានាទូទាំងពិភពលោកក៏ដូចជាប្រទេសកម្ពុជាដែរ តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំ២០១៤នេះគឺជាខួបលើកទី១២៨ ។
ក្នុងសេចក្ដីជូនដំណឹងបានបន្ដទៀតថា សហព័ន្ធសហជីព សមាគម និងកម្មករនិយោជិតចម្រុះវិស័យ រួមមានវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង មន្ដ្រីរាជការ គ្រូបង្រៀន និស្សិត កម្មករសំណង់ កសិករ យុវជន បុគ្គលិកផ្នែកសេវាកម្ម បុគ្គលិកភោជនីយដ្ឋាន អ្នកធ្វើការតាមផ្ទះ អ្នករត់ម៉ូតូឌុប-រ៉ឺម៉ក ទេសចរ អាជីវករ សមាគម ឆ្លៀតយកឱកាសនោះដើម្បីសម្ដែងបញ្ចេញមតិ ៕
ចែករំលែកព័តមាននេះ