ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់​ដី ​និង​អាជីវកម្ម​មួយ​ចំនួន​នៅខេត្ត៣​កំពុង​ជំពាក់​បំណុល​ធនាគារ​ដោយសារ​ការ​ចាកចេញ​របស់​ចិន

4 ឆ្នាំ មុន
  • ព្រះសីហនុ

​ក្រុងព្រះសីហនុ​៖ លំហូរ​ចូល​យ៉ាង​គំហុក​លើ​ការ​វិនិយោគ​គ្រប់​ប្រភេទ​ដោយ​វិនិយោគិន​បរទេស ជា​ពិសេស​ការ​វិនិយោគ​របស់​ជនជាតិ​ចិន​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ​រយៈពេល​ពីរ ឬ​បី​ឆ្នាំ​ប៉ុណ្ណោះ​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​អចលនៈទ្រព្យ​នៅ​ខេត្ត​មាត់សមុទ្រ ងើបឡើង​យ៉ាង​គំហុក​ដែល​បាន​ធ្វើ​ឲ្យ​ម្ចាស់​ស្រុក​ខ្លះ​កាក់កប​នឹង​ការ​ជួល​ផ្ទះ ដីធ្លី យានយន្ត​ឬ​ក៏​សាងសង់​សណ្ឋាគារ​សម្រាប់​ជួល​ឲ្យ​ជនជាតិ​ចិន​ក្នុង​តម្លៃ​ខ្ពស់ ។ ​ក៏​ប៉ុន្តែ​គ្រប់យ៉ាង​បាន​ប្រែប្រួល​១៨០​ឌឺ​ក្រេប​ណ្តា​ល​ឲ្យ​ខ្មែរ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះ​សីហ​នុ​ប្រែជា​ផល​ប៉ះពាល់​និង​កំពុង​វណ្ឌ​ក​ជាមួយនឹង​ការ​ជំពាក់​លុយ​នៅ​ធនាគារ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​កាលពី​ថ្ងៃ​ទី​១៨…

​ក្រុងព្រះសីហនុ​៖ លំហូរ​ចូល​យ៉ាង​គំហុក​លើ​ការ​វិនិយោគ​គ្រប់​ប្រភេទ​ដោយ​វិនិយោគិន​បរទេស ជា​ពិសេស​ការ​វិនិយោគ​របស់​ជនជាតិ​ចិន​មក​កាន់​ខេត្ត​ព្រះ​សីហ​នុ​រយៈពេល​ពីរ ឬ​បី​ឆ្នាំ​ប៉ុណ្ណោះ​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​វិស័យ​អចលនៈទ្រព្យ​នៅ​ខេត្ត​មាត់សមុទ្រ ងើបឡើង​យ៉ាង​គំហុក​ដែល​បាន​ធ្វើ​ឲ្យ​ម្ចាស់​ស្រុក​ខ្លះ​កាក់កប​នឹង​ការ​ជួល​ផ្ទះ ដីធ្លី យានយន្ត​ឬ​ក៏​សាងសង់​សណ្ឋាគារ​សម្រាប់​ជួល​ឲ្យ​ជនជាតិ​ចិន​ក្នុង​តម្លៃ​ខ្ពស់ ។

​ក៏​ប៉ុន្តែ​គ្រប់យ៉ាង​បាន​ប្រែប្រួល​១៨០​ឌឺ​ក្រេប​ណ្តា​ល​ឲ្យ​ខ្មែរ​មួយ​ចំនួន​នៅ​ខេត្ត​ព្រះ​សីហ​នុ​ប្រែជា​ផល​ប៉ះពាល់​និង​កំពុង​វណ្ឌ​ក​ជាមួយនឹង​ការ​ជំពាក់​លុយ​នៅ​ធនាគារ បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០១៩ ស្តី​ពី​ការ​ពង្រឹង​ការ​គ្រប់គ្រង អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាម​រយៈ​អិន​ធី​ណេ​ត អន​ឡាញ​( internet online ) ក្នុង​និង​ក្រៅប្រទេស​គ្រប់​ប្រភេទ​និង​គ្រប់​រូបភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បិទ​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០១៩​ខាង​មុខ​នេះ​។ នៅ​ក្នុង​ខ្លឹមសារ​សារាចរ​ណែនាំ​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាម​រយៈ​អ៊ិ​ន​ធី​ណេ​ត​អន​ឡាញ​ក្នុង​និង​ក្រៅប្រទេស​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ធ្វើ​សកម្មភាព​រហូត​ផុត​សុពលភាព​ដែល​បាន​កំណត់​ក្នុង​អាជ្ញាប័ណ្ណ​បន្ទាប់​ពី​នេះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិន​បន្ត​សុពលភាព​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ប្រភេទ​នេះ​តទៅ​ទៀត​ឡើយ​។

រាជរដ្ឋាភិបាល​បញ្ឈប់​ការ​ផ្តល់​គោលការណ៍​និង​អាជ្ញា​បណ្ណ​អនុ​ញ្ញ​ត​ឲ្យ​ប្រកប​អា​ជី​កម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាម​រយៈ​អ៊ិ​ន​ធី​ណេ​ត​អន​ឡាញ​ក្នុង​និង​ក្រៅប្រទេស​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​ដូច​មាននៅ​ក្នុង​ខ្លឹមសារ​ខាងលើ​នេះ​រហូត​ដល់​ត្រឹម​ចុងឆ្នាំ​២០១៩​ដែល​កំពុង​តែ​រំកិល​ខិតចូល​មក​ដល់​ក្នុង​រយៈពេល​ដ៍​ខ្លី​ខាង​មុខ​។

ក្រោយ​ការ​ប្រកាស​បិទ​ហ្គែ​ម​អន​ឡាញ​នៅ​កម្ពុជា​នោះ គឺ​បានឃើញ​ជនជាតិ​ចិន​រាប់​ពាន់​នាក់​បាន​នឹង​កំពុង​សម្រុក​ចាក​ចេញពី​កម្ពុជា​និង​បាន​ធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម​ដែល​ធ្លាប់តែ​សើម​មាត់​សើម​.​ក នៃ​ការ​ជួល​អចល​ទ្រព្យ​ឲ្យ​ទៅ​ចិន​ញញឹម​លែង​ស្រស់​តែ​ម្តង​។

ពាណិជ្ជករ​ប្រកប​របរ​ទិញ​-​លក់ អចលនទ្រព្យ ពុះ​ដី​ឡូត៍​លក់ និង​ម្ចាស់ផ្ទះ​សំណាក់ សណ្ឋាគារ​ដែល​មាន​បន្ទប់​ជួល​ឲ្យ​ជនជាតិ​ចិន​ជា​ច្រើន​អ្នក​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ត្អូញត្អែរ​បង្ហាញ​នូវ​ក្តី​កង្វល់​របស់​ពួក​គាត់​ថា ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែរ​នាំ​បញ្ឈប់​ការ​លេងល្បែង​ភ្នាល់​ដូច​បាន​រៀបរាប់​ខាងលើ ធ្វើ​ឲ្យ​ជនជាតិ​ចិន​បាន​នាំ​គ្នា​វេច​បង្វិច​ចាក​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ប្រទេស​កំណើត​វិញ​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​សំណាក់​.​សណ្ឋាគារ ដែល​ជួល​ឲ្យ​ចិន​និង​អ្នក​ប្រកប​មុខរបរ​ផ្សេង​ៗ​មួយ​ចំនួន​ត្រូវ​បាន​ជួប​ហារ​និ​ភ័យ​ជា​ច្រើន តែ​សម្រាប់​អ្នក​ដែល​បាន​លក់​ដី​ផុត​ឲ្យ​ចិន​គឺ​មិន​មាន​បញ្ហា​នោះ​ទេ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​អ្នក​រង​គ្រោះ​ធំ​គឺ​ភាគច្រើន​អ្នកមាន​ដី​ជួល​ឲ្យ​ជនជាតិ​ចិន គឺ​ពុំ​មាន​សកម្មភាព​នៃ​ការ​អ្នក​ជួល ឬ​ទិញ​គគ្រឹកគគ្រេង​ដូច​មុន​ឡើយ ។ ហើយ​បើ​មាន​អ្នក​ជួល ឬ​ទិញ ក៏​សុំ​បញ្ចុះតម្លៃ​ខុស​ពី​ពេល​មុន​រហូត​ដល់​ទៅ​៥០%​។ ដូច​ជា​ករណី​ជួល​ផ្ទះ​.​សណ្ឋាគារ​។​ល​។ ​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ទីតាំង​ខ្លះ​ដែល​ជនជាតិ​ចិន​បាន​ជួល​មក​ទល់​ពេល​ថ្មី​នេះ​ពួក​គេ​បាន​នាំ​គ្នា​ចាកចេញ​ទាំង​យប់​និង​បាន​លួ​ប​ដោះ​យក​សម្ភារៈ​នៅ​ក្នុងផ្ទះ​ឬ​ស​ណ្ឋា​រ​គារ​យក​ទៅ​លក់​ឡាយឡុង​មិន​ឲ្យ​ម្ចាស់ផ្ទះ​ដឹង​មុន​។ អ្នកមាន​ដី ផ្ទះសំណាក់ និង​សណ្ឋាគារ​ជួល​ខ្លះ​ត្រូវ​បាន​ជនជាតិ​ចិន​បញ្ចប់​មុន​កិច្ចសន្យា​មក​ដល់ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ហានិ​ភ័យ​ខ្ពស់​កំពុង​តែ​វាយលុក​ជា​បណ្តើរ​ៗ​ដូច​ជា​ម្ចាស់​ដី .​ម្ចាស់ផ្ទះ​. ម្ចាស់​សណ្ឋាគារ ណា​ដែល​ជាប់​កម្ចី​ឥណទាន​ធនាគារ​។​ល​។ ហើយ​បញ្ហា​ប្រឈម​ខ្លាំង​គឺ​នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០១៩ ខាង​មុខក្រោយ​ពេល​ឱ​សាន្ត​វាទ​បញ្ចប់​ល្បែងភ្នាល់​តាម​រយៈ​អិន​ធី​ណេ​ត អន​ឡាញ​។

​ចំពោះ​ការ​ចាកចេញ​របស់​ជនជាតិ​ចិន​ក៏​បាន​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ជួល​រថយន្ត​ឲ្យ​ចិន​ផង​ដែរ ក្រោយ​ចិន​ចាក​ចេញពី​ខេត្ត​ព្រះ​សីហ​នុ ម្ចាស់​រថយន្ត​កំពុង​លក់​រថយន្ត​បញ្ចុះតម្លៃ​ស្ទើរតែ​៥0%​នៅ​តាម​កន្លែង​ជួល​រថយន្ត​ស្រប​ពេល​រថយន្ត​ជួល​ឲ្យ​ចិន​ហើយ​ចិន​បាន​ប្រគល់​មក​ឲ្យ​ម្ចាស់​វិញ​។ ​ងាក​ទៅ​ផល​ប៉ះពាល់​ផ្នែក​ជួល​ដី​ឬ​ពុះ​ដី​ឡូត៍​លក់​វិញ គឺ​មាន​សភាព​ទ្រឹង​។ ត្រង់​ចំនុច​នេះ​មាន​ន័យ​ថា នៅ​ពេល​វិស័យ​អន​ឡាញ​កំរើក​យ៉ាង​គំហុក​និង​មាន​ជនជាតិ​ចិន​រាប់​ពាន់​នាក់​បង្ហាញ​វត្ត​មាននៅ​ខេត្ត​ព្រះ​សីហ​នុ ចរន្ត​លុយ​បាន​ចរាចរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​តាម​រយៈ​អ្នក​ដែល​មានផ្ទះ សណ្ឋាគារ និង​ដី​ជួល​ឬ​លក់​ឲ្យ​ចិន ក៏​បាន​ធ្វើ​ឲ្យ​ឈ្មួញ​ពុះ​ដី​ឡូត៍​លក់ ឬ​សង់ផ្ទះ​ល្វែង​បាន​កាក់កប​យ៉ាង​ក្រាស់ក្រែល​។ តែ​បច្ចុប្បន្ន​ការ​លក់​ដី​ឡូត៍​.​សង់ផ្ទះ​ល្វែង​លក់​ហាក់​នៅ​ទ្រឹង​មួយ​កន្លែង​តែ​មិន​ទាន់​មាន​សញ្ញាណ​ណាមួយ​បញ្ចុះតម្លៃ​លក់​ចេញ​ទេ ហើយ​ជំនួញ​ពុះ​ដី​ឡូត៍ ឬ​សង់ផ្ទះ​ល្វែង​លក់​ក៏​មិន​បន្ត​គំរោង​ថ្មី​ទៀត​ដែរ​។

សេវា​មេធាវី​វិញ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​គឹ​ត​ត្រឹម​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ ២០១៩ មេធាវី​មាន​សេវា​កាក់កប​ជាមួយ​អតិថិជន​រកស៊ី​ជួល​.​ទិញ​.​លក់​អចលនៈទ្រព្យ​។ បច្ចុប្បន្ន​មេធាវី​ចាប់ផ្តើម​ធ្វើ​កិច្ចការ​បណ្តឹង​នៃ​កិច្ចសន្យា​វិញ​ហើយ (​សេវា​ធ្លាក់​ចុះ​) ។ ​បន្ទាប់​ពី​ជនជាតិ​ចិន បាន​ត្រលប់​ទៅ​វិញ​បណ្ដើរ​ៗ ប្រជាពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន បាន​រង​ផល​ប៉ះពាល់​ជា​ពិសេស​ទៅ​លើ​ប្រាក់​ចំណូល​របស់​ពួក​គេ ។ ជាក់ស្ដែង​បងប្រុស​មួយ​រូប​ដែល​ប្រាប់​ឈ្មោះ​ត្រឹម​ថា លោក​ធី បាន​អះអាង​ថា​លោក​ផ្ទាល់ ដែល​ធ្លាប់តែ​បាន​ផល​ពី​វត្តមាន​ជនជាតិ​ចិន នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ដោយ​ការ​ជួល​អគារ​និង​ផ្ទះ​ទៅ​ជនជាតិ​ចិន​នោះ ពេល​នេះ​ចិន​ចាប់ផ្ដើម​ទទូច​សុំ​បញ្ចុះតម្លៃ​ផ្ទះ​ជួល​ទាំង​វិញ ដោយសារ​តែ​ពួក​គេ​ថា គ្នា​គេ​មួយ​ចំនួន​ត្រលប់​ទៅ​វិញ ហើយ​មិនសូវ​មាន​អ្នក​មក​រក​សេវាកម្ម​ស្នាក់​នៅ​ដូច​មុន​ទៀត​ឡើយ ។ លោក​បាន​បន្ត​ថា​កាល​មុន​ជនជាតិ​ចិន​គ្នា​គាត់​អាច​រក​ចំណូល​បាន​ច្រើន​ពី​គ្នា​គាត់ ហើយ​គាត់​ហ៊ាន​ជួល​ផ្ទះ​ពី​ពលរដ្ឋ​ក្នុងស្រុក​ក្នុង​តម្លៃ​ខ្ពស់ ដើម្បី​ជួល​បន្ត​ទៅ​ជនជាតិ​ចិន​គ្នា​គាត់ តែ​នៅ​ពេល​ដែល​ចិន​ត្រលប់​ទៅ​វិញ ពួក​គាត់​ក៏​រក​ចំណូល​មិន​បាន​ច្រើន​ដូច​មុន ដូច្នេះ​ហើយ​គាត់​ត្រូវ​ស្នើ​សុំ​ម្ចាស់ផ្ទះ​ជួល​ដែល​ជា​ជនជាតិ​ខ្មែរ បញ្ចុះតម្លៃ​ខ្លះ ដើម្បី​អាច​នៅ​ជួល​បន្ត ហើយ​បើសិនជា​ម្ចាស់ផ្ទះ​ជួល​ជនជាតិ​ខ្មែរ មិន​ព្រម​បញ្ចុះតម្លៃ​នោះ​ទេ ពួក​គេ​អាច​នឹង​ឈប់​ជួល ។

​លោក​ធី​បាន​បន្ថែម​ថា «​នៅ​មាន​អ្នក​ប៉ះពាល់​ច្រើន​ជាង​នេះ​ទៀត ដោយសារ​តែ​ពលរដ្ឋ​មួយ​ចំនួន ឃើញ​គេ​ធ្វើ​ផ្ទះ​ជួល​អោយ​ជនជាតិ​ចិន បាន​លុយ​ច្រើន ទើប​ខំប្រឹង​ស្រ​វេ​ស្រវា​រក​ខ្ចី​លុយ​ពី​ធនាគារ ដើម្បី​មក​សង់ផ្ទះ​សម្រាប់​ជួល​អោយ​ចិន​ដែរ តែ​អ្នកខ្លះ​ក៏​ទើបតែ​ជួល​បាន​មួយ​រយៈពេល​ខ្លះ អ្នកខ្លះ​ទៀត​មិន​ទាន់​ទាំង​បាន​ជួល​ផង ស្រាប់តែ​ជនជាតិ​ចិន​មួយ​ចំនួន​ត្រលប់​ទៅ​ស្រុក​វិញ ។ នៅ​ពេល​ចិន​ត្រលប់​ទៅ​វិញ ក៏​ចាប់ផ្ដើម​មាន​បញ្ហា​ហិរញ្ញវត្ថុ ដោយ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​បង់​ទៅ​ធនាគារ​វិញ » ។

លោក ងួ​ន នេ​ត ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​និយាយ​ផង​ដែរ​ថា លោក​មើលឃើញ​ថា ចិន​មិន​ទាន់​ចេញ​ទៅ​អស់​ទេ ពោល​គឺ​ចេញ​តែ​ចិន​ដែល​មក​លេង​ហ្គេ​ម តែ​សម្រាប់​ការដ្ឋាន​សំណង់​ធំ​ៗ​របស់​ចិន នៅ​តែ​មានដំណើរ​ការ​ដដែល គ្រាន់តែ​មិនសូវ​សំបូរ​ចិន​ដូច​កាលពីមុន ។ ​លោក​បាន​និយាយ​ថា «​សម្រាប់​ផល​ប៉ះពាល់​ក្រោយ​ពេល​ចិន​ចាកចេញ​ទៅ​ប្រាកដជា​មាន ចំពោះ​អាជីវកម្ម​មួយ​ចំនួន ដូច​ជា​ជួល​ផ្ទះ និង​ជួល​ឡាន​អោយ​ចិន​ជាដើម ។ អ្នកខ្លះ​យក​លុយ​ពី​ធនាគារ មក​សង់ផ្ទះ ឬ ទិញ​រថយន្ត​ជួល​អោយ​ចិន តែ​នៅ​ពេល​ចិន​ចាកចេញ​ពួក​គេ ចាប់ផ្ដើម​មាន​បញ្ហា​ហិរញ្ញវត្ថុ​ហើយ » ។ លោក​បន្ត​ថា តម្លៃ​ផ្ទះ​ជួល​អោយ​ចិន ពេល​នេះ បាន​ធ្លាក់​ចុះ​ប្រហែល​៥០​ភាគរយ​ឯណោះ សម្រាប់​ផ្ទះ​ណា​ដែល​ចិន​ចង់​នៅ​បន្ត តែ​សម្រាប់​ផ្ទះ​ណា​ដែល​ចិន​ឈប់​នៅ ពិបាក​រក​អ្នក​ជួល​បន្ត​ណាស់ ដូ​ច្ន​នេះ វា​ពិតជា​មាន​ផល​ប៉ះពាល់​ពិតមែន ក្រោយ​ការ​ចាកចេញ​រប​សជន​ជាតិចិន ។

​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី និង​អ្នក​បើក​តាក់ស៊ី ក្នុង​ខេត្ត​នេះ ក៏​បាន​ត្អូញត្អែ​ផង​ដែរ ពី​ការ​ចាកចេញ​របស់​ចិន ដោយ​ពួក​គេ​និយាយ​ថា ពី​មុនគេ​អាច​រក​ចំណូល​បាន​យ៉ាង​ហោច​ណាស់ ១០​ម៉ឺន​ឬ​២០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ តែ​ពេល​នេះ​វិញ រកតែ​១០​ដុល្លារ​ក៏​ពិបាក​ដែរ ពីព្រោះ​អ្នក​ជិះ​កាល​មុន​ជា​ចិន ហើយ​គេ​ហ៊ាន​អោយ​តម្លៃ​ខ្ពស់​ៗ សម្រាប់​ដឹក​គេ​ទៅ​កន្លែង​ដែល​គេ​ចង់ទៅ តែ​សម្រាប់​ជនជាតិ​ខ្មែរ​វិញ គឺ​មានការ​ត្បិតត្បៀត​ណាស់ មុន​នឹង​ចាយវាយ ។

បើ​ក្រឡេក​ទៅ​មើល​ផល​ប៉ះពាល់​ជ្រុង​ម្ខាង​ទៀត​ក្រោយ​ការ​បិទ​ល្បែងភ្នាល់​គ្រប់​ប្រភេទ​តាម​រយៈ​អ៊ី​ន​ធើ​ណែ​ត​អន​ឡាញ បុគ្គលិក​នារី​ៗ៦០-៧០% ប្រឈម​ទៅ​ការ​អត់​ការងារ​ធ្វើ​។ ប្រភព​ខាងលើ​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា ការ​ហក់​ឡើង​លើ​វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នា​ពេល​កន្លង​មក​ដែល​ទទួល​បាន​ផលប្រយោជន៍​ច្រើន​មាន​តែ​អ្នក​ដែល​មាន​ដី មានផ្ទះ សណ្ឋាគារ ជួល​ឬ​លក់​ឲ្យ​ជន​ជាត​ចិន​តែ​ប៉ុណ្ណោះ​។ ដោយឡែក​អ្នក​ដែលរ​ត់ទៅ​រក​កម្ចី​ពី​ឥណទាន​មីក្រូ​ធនាគារ​។​ល​។ យក​មក​រកស៊ី និង​ខ្លះ​ខ្ចី​លុយ​ធនាគារ​សាងសង់​ផ្ទះ​ទុក​ជួល​ឲ្យ​ចិន​មិន​ទាន់​បាន​សង់​រួចរាល់​ផង ចិន​ក៏​ចេញ​ទៅ​អស់ បច្ចុប្បន្ន​កំពុង​តែ​ជួប​ហានិភ័យ​ខ្ពស់​បណ្តាល​ឲ្យ​ហូប​មិន​បាន សម្រាន្ត​មិន​លក់ បក់​មិន​ល្ហើយ​ធ្លាក់ខ្លួន​ស្គមរីងរៃ​ដោយសារ​តែ​ភ័យ​ព្រួយ​ខ្លាច​មិន​មាន​ប្រាក់​សង​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ ហើយ​ត្រូវ​បាន​បង្ខំចិត្ត​លក់​ឡាយឡុង​អចលនៈទ្រព្យ​របស់​ខ្លួន​យក​មក​ដោះបំណុល​។

ក្រៅពី​ផល​ប៉ះពាល់​នៅ​ខេត្ត​ព្រះ​សីហ​នុ ការ​ចាកចេញ​របស់​ជនជាតិ​ពី​កម្ពុជា​ជា​បន្តបន្ទាប់ ផល​ប៉ះពាល់​បាន​កើត​ឡើងជា​បន្តបន្ទាប់​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ទទួលផល​ពី​វត្តមាន​ជនជាតិ បើ​ទោះបីជា​មន្ត្រី​រាជរ​ដ្ឋា​បាល​បាន​ប្រកាស​ថា​មិន​មាន​ផល​ប៉ះពាល់​ក៏​ដោយ ។ សម្រាប់​តំបន់​ដែល​ប៉ះពាល់​ក្រៅពី​ខេត្ត​ព្រះ​សីហ​នុ ក៏​មាន​តំបន់​ពីរ​ផ្សេង​ទៀត​នៅ​ជាប់​ព្រំដែន​រង​ផល​ប៉ះពាល់​ដូច​គ្នា ក្នុង​នោះ​មាន​ប៉ោយ​បែ​ត នៃ​ខេត្តបន្ទាយមានជ័យ និង​ក្រុង​បា​វិត នៃ​ខេត្តស្វាយរៀង ដោយសារ​តែ​ទាំង​ពីរ​តំបន់​នោះ​ក៏​មាន​វត្តមាន​ជនជាតិ​ច្រើន រកស៊ី​អាជីវកម្ម​ហ្គេ​ម​អន​ឡាញ ។

បើ​តាម​លោក ខៀវ បូ​រី ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត បាន​និយាយ​ថា ក្នុង​នាម​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ប៉ោយ​ប៉ែ​ត​ផ្ទាល់ លោក​មើលឃើញ​ថា ផល​ប៉ះពាល់​ពិតជា​មាន​មែន បន្ទាប់​ពី​ចិន​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ក្រោយ​ការ​ប្រកាស​បិត​ហ្គេ​ម​អន​ឡាញ​ពី​សំណាក់​រាជរដ្ឋាភិបាល ។ ផល​ប៉ះពាល់​ធំ​ៗ​រួម​មាន​ទៅ​លើ​វិស័យ​ដីធ្លី ដែល​បាន​ឡើង​ខ្ពស់ និង​មានការ​ទិញ​លក់​ច្រើន​នោះ បាន​ធ្លាក់​ចុះ​និង​ស្ងប់ស្ងាត់​វិញ ហើយ​ពលរដ្ឋ​ដែល​ធ្លា់​អាស្រ័យ​ផល​ពី​វត្តមាន​ជនជាតិ​ចិន​នោះ ក៏​កំពុង​តែ​មាន​វិបត្តិ​ផង​ដែរ ដោយសារ​តែ​ពួក​គេ​មួយ​ចំនួន បាន​ត្រៀម​ពង្រីក​អាជីវកម្ម​សម្រាប់​ទទួល​ពី​ចិន ដូច​ជា​សង់​សណ្ឋាគារ ផ្ទះសំណាក់​ឬ​អគារ​ជួល​ទៅ​ចិន ហើយ​ទុន​មួយ​ចំនួន ក៏​បាន​យក​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដើម្បី​មក​សាងសង់ តែ​នៅ​ពេល​ដែល​ចិន​ត្រលប់​ទៅ​វិញ គ្មាន​អ្នក​ជួល គ្មាន​ប្រាក់​ចំណូល ដែល​ធ្វើ​អោយ​ពួក​គេ ត្រូវ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ សម្រាប់​ដោះស្រាយ​សង​ត្រលប់​ទៅ​ធនាគារ ។ លោក​បាន​បន្ត​ថា ចិន​ដែល​មក​កាន់​ប៉ោយ​ប៉ែ​ត ជា​ចិន​ប្រកប​អាជីវកម្ម​ហ្គេ​ម​អន​ឡាញ ហើយ​នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ភ្លាម​ៗ​ពួក​គេ​ក៏​មិនដឹង​ថា​ត្រូវធ្វើ​អ្វី ទើប​ពួក​គេ​ត្រូវ​ចាក​ចេញពី​កម្ពុជា និង​ស្វែងរក​ប្រទេស​ផ្សេង​ទៀត ដែល​អនុញ្ញាត​អោយ​គេ​អាច​ប្រកប​របរ​នេះ​បាន ។

​លោក ខៀវ បូ​រី បាន​បន្ត​ថា «​ការ​ប្រកាស​បិទ​ហ្គេ​ម​អន​ឡាញ​ត្រូវ​បាន​ធ្វើ​ឡើង​លឿន​រហ័ស និង​ប្រ​ញ៉ាប់​ពេក ដោយ​មិន​ទុក​ពេលវេលា​ណាមួយ​សម្រាប់​អោយ​ពលរដ្ឋ​កម្ពុជា ដោះស្រាយ​ជាមួយ​ជនជាតិ​ចិន​ដែល​ធ្វើ​អាជីវកម្ម​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ហើយ​ទើប​ចិន ក៏​សម្រុក​ចេញពី​កម្ពុជា​ទាំង​ប្រ​ញ៉ាប់​ដូច​គ្នា » ។ លោក​បន្ថែម​ថា សព្វ​ថ្ងៃនេះ​ពលរដ្ឋ​ដែល​ជំពាក់​លុយ​គេ​ច្រើន​សម្រាប់​សង់​អគារ និង​ទិញ​ឡាន​ជួល​អោយ​ចិន ស្ទើរតែ​មាន​អ្នកខ្លះ​លោត​ពីលើ​អគារ​ហើយ ដោយសារ​តែ​ពិបាក​ក្នុង​ដោះស្រាយ និង​អវត្តមាន​របស់​ចិន បើ​ទោះបីជា​ក្រសួង​ការងារ បាន​ប្រកាស​អោយ​ជនបរទេស​អាច​ប្រកប​របរ​ដែល​ត្រូវ​ហាម​កាលពី​ប៉ុន្មាន​ខែ​មុន​នោះ ។ ​លោក​បាន​បន្ត​ថា « រដ្ឋាភិបាល​គួរតែ​ទុក​ពេលវេលា​ណាមួយ​សម​ស្រប មួយ​ឆ្នាំ​ឬ​កន្លះ​ឆ្នាំ ដើម្បី​ត្រៀមខ្លួន ។ ម្យ៉ាងទៀត​នៅ​ពេល​ដែល​ប្រកាស​បិទ​ភ្លាម​ៗ​បែប​នេះ ចិន​ក៏​បាន​ប្រកាស​លក់​ឧបករណ៍​ឡៃ​ឡុ​ង​ដែរ ដូច​ជា​កុំព្យូទ័រ ម៉ាស៊ីនត្រជាក់ និង​ឧបករណ៍​ផ្សេង​ទៀត ។​ក្រៅពី​នោះ​ដែរ ពលរដ្ឋ​ក៏​បាត់បង់​ការងារ​ដែល​ធ្លាប់​ធ្វើ​ជាមួយ​ចិន​ដែរ ដែល​អាច​ឈាន​ទៅ​ដល់​ការ​បាត់បង់​ចំណូល​ដូច​គ្នា » ។

​ដោយឡែក​ពលរដ្ឋ​មួយ​រូប​នៅ​ក្នុង​ក្រុង​បា​វិត​ខេត្តស្វាយរៀង ក៏​បាន​និយាយ​ស្រ​ដៀង​គ្នា​ដែរ​ថា សព្វថ្ងៃ មើលឃើញ​ថា​ចិន​បាន​ដាក់​លក់​ឧបករណ៍​នៅ​មុខ​អគារ​ដែល​ធ្លាប់​ជួល​នោះ​ក្នុង​តម្លៃ​ទាប ដើម្បី​ចេញ​អោយ​លឿន និង​ប្រ​ញ៉ាប់​ទៅ​កាន់​ទីកន្លែង​ផ្សេង ។ សកម្មភាព​នេះ បាន​កើតឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​បិទ​ហ្គេ​ម​អន​ឡាញ​ដូច​គ្នា​ដែរ ។

​លោក គី សេរី​វឌ្ឍន៍​អ្នកវិភាគ​សេដ្ឋកិច្ច​មួយ​រូប​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ការ​ចាកចេញ​របស់​ចិន ពី​កម្ពុជា បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​បិទ​ហ្គេ​ម​អន​ឡាញ​យើង​មិន​អាច​បដិសេធ​ពី​ផល​ប៉ះពាល់​បាន​នោះ​ទេ ពោល​វា​ពិតជា​មាន​ផល​ប៉ះពាល់ ក៏​ប៉ុន្តែ​វា​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ សម្រាប់​រយៈពេល​វែង​វិញ ស្ថានភាព​នេះ​នឹង​ត្រលប់​មក​រក​ភាព​ដើម​វិញ ព្រោះ​អ្នក​ដែល​ចាកចេញ មិនមែន​ជា​វិនិយោគិន​នោះ​ទេ ដូច្នេះ​សកម្មភាព​វិនិយោគ​នៅ​តែ​មាន មិន​មានការ​រាំងស្ទះ​អ្វី​ឡើយ ។ លោក​ថា​៖« ក្នុង​រយៈពេល​ខ្លី វា​ពិតជា​ទទួល​រង​ផល​ប៉ះពាល់​មែន ក្រោយ​ការ​ចាកចេញ​របស់​ចិន ដោយសារ​តែ​ពលរដ្ឋ​ដែល​ធ្លាប់​រក​ចំណូល​បាន​ពី​ជនជាតិ​ក៏​បាន​ធ្លាក់​ចំណូល​វិញ ក៏​ប៉ុន្តែ​នៅ​រយៈពេល​វែង​ទៅ​មុខ​ទៀត ផល​ប៉ះពាល់​នេះ វា​នឹង​ប្រសើរ​ឡើង​វិញ » ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ