យោងទៅតាម CBNData បានឲ្យដឹងថា វិស័យតារាលើអ៊ីនធើណេតអាចនឹងមានតម្លៃប្រមាណ៨.៤ ប៊ីលានដុល្លារ កាលពីឆ្នាំ២០១៦ ដែលធ្វើឲ្យវិស័យនេះក្លាយជាវិស័យដែលរកប្រាក់ចំណូលឲ្យប្រទេសចិនបានប្រមាណ ៦.៥ ប៊ីលានដុល្លារក្នុងឆ្នាំតែមួយ ។
ក្នុងចំណោមតារាដែលល្បីៗជាងគេរួមមានលោក លូ ហាន (Lu Han) ដែលជាអតីតសមាជិកក្រុមតារាកូរ៉េ EXO ដែលបានចាប់ដៃគូផ្សព្វផ្សាយឲ្យប្រេនធំៗដូចជា Cartier និងសូម្បីតែក្រុមហ៊ុនលក់ទឹកដោះគោ Yili ជាដើម ។
តារាសម្តែង យ៉ាង មី (Yang Mi) ដែលមានអ្នកគាំទ្រប្រមាណ ៧៧ លាននាក់លើប្រព័ន្ធសង្គម Weibo វិញគឺជាតារាមួយរូបទៀត ដែលរកប្រាក់ចំណូលបានជាច្រើនពីប្រេនដូចជា Este Lauder និង Michael Kors ។ តារាសម្តែងរូបនេះត្រូវបានចាត់ទុកជាអ្នកជំរុញការលក់សម្រាប់ប្រេនព្រោះ តែសមត្ថភាពក្នុងការស្លៀកពាក់ដ៏ទាក់ទាញ ។
ការចាប់ដៃគូជាមួយប្រេនខាងលើបានជួយឲ្យកញ្ញា យ៉ាង មី និងលោក លូ ហាន ជាប់ក្នុងបញ្ជីឈ្មោះតារាដែលមានទ្រព្យសម្បត្តិ និងប្រជាប្រិយភាពច្រើនជាងគេ ក្នុងប្រទេសចិនក្រោមទស្សនាវដ្តី Forbes ។ នៅឆ្នាំ២០១៧ លោក លូ ហាន ត្រូវបានរាយការណ៍មកថា រកចំណូលបាន ៣៣.២ លានដុល្លារក្នុងមួយឆ្នាំ ខណៈដែលកញ្ញា យ៉ាង រកបាន ៣១.៦ លានដុល្លារ ។
ក្រៅពីតារាដែលមានអ្នកគាំទ្រច្រើនដូចខាងលើហើយតារាចិនដែលមានសមត្ថភាពក្នុងការទាក់ទាញអ្នកមើលក៏រកប្រាក់ចំណូលច្រើនពីប្រព័ន្ធសង្គមដែរដូចជា កញ្ញា ប៉ាពី ជាំង (Papi Jiang) ជាដើមដែលល្បីឈ្មោះក្នុងការបង្កើតវីដេអូកំប្លែងៗរហូតដល់ចូលក្នុងការផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុននាឡិកា Jaeger LeCoultre ផងដែរ ។
ក្រៅពីទទួលបានប្រាក់ចំណូលពីការចាប់ដៃគូជាមួយប្រេនហើយ អ្នកមួយចំនួនទៀតងាកទៅបង្កើតប្រេនដោយខ្លួនឯងថែមទៀត ដូចជាកញ្ញា ចាង ដាអ៊ី (Zhang Dayi) ជាដើមដែលបើកហាងលក់ដ៏ល្បីលើ Taobao និងមានការរាយការណ៍មកថា កញ្ញារកចំណូលបានដល់ទៅ ៤៧ លានដុល្លារពីការប្រកបអាជីវកម្មជាច្រើន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ