ខេត្ដប៉ៃលិន ៖ រ៉ែត្បូងជាធនធានធម្មជាតិមានតម្លៃ ដែលកើតឡើងយ៉ាងកម្រលើទឹកដីកម្ពុជាយើង ពេលនេះត្រូវបានក្រុមឈ្មួញឃុបឃិតគ្នាជាមួយមន្ដ្រីខិលខូចមួយក្រុមប្រើប្រាស់គ្រឿងចក្រជីកកកាយដីក្លាយទៅជារណ្ដៅធំៗ និងប្រើម៉ាស៊ីនបូម ម៉ាស៊ីនរែងយករ៉ែត្បូងជាច្រើនកន្លែងយ៉ាងអនាធិបតេយ្យនៅក្រុងប៉ៃលិន ដែលជាហេតុធ្វើឱ្យកេរមរតកពីធម្មជាតិនេះត្រូវវិនាសសាបសូន្យជាបណ្ដើរៗពីលើទឹកដីត្បូងពេជ្រ ថែមទាំងបង្កឱ្យប៉ះពាល់ដល់បរិស្ថាន និងសម្បត្ដិរដ្ឋទៀតផង អត់មានមន្ដ្រីណាប៉ះពាល់ឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះត្រូវបានអ្នកក្រុងប៉ៃលិនរាយការណ៍ឱ្យអ្នកសារព័ត៌មានដឹងថា ក្រុមឈ្មួញបាននាំគ្នាសម្ងំជីកកកាយយូរខែកន្លងមកហើយ ប្រើឧបករណ៍សុទ្ធតែគ្រឿងចក្រមិនឃើញមានអាជ្ញាធរមូលដ្ឋាន និងមន្ដ្រីជំនាញពាក់ព័ន្ធណាម្នាក់ចុះទៅបង្ក្រាបទេ សង្ស័យថា ពួកគេទាំងនោះអាចបានទទួលលាភសក្ការៈដ៏លើសលប់ពីឈ្មួញទុច្ចរិតហើយមើលទៅ ទើបធ្វើមិនដឹងមិនឮបែបនេះ ។ កន្លែងជីកកកាយរ៉ែត្បូងបែបអនាធិបតេយ្យនេះ ស្ថិតនៅខាងក្រោយភោជនីយដ្ឋានម៉េម៉ូរីយ៉ាផាឡែស ចម្ងាយប្រហែល១៥០ម៉ែត្រ ក្នុងភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដែលជាច្រកផ្លូវចូលទៅសាលាសង្កាត់បរយ៉ាខា ។
ឈ្មួញធ្វើសកម្មភាពម្នាក់ត្រូវគេស្គាល់ថាឈ្មោះ ឌុច ភេទប្រុស អាយុប្រហែល៥០ឆ្នាំ រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ កន្លែងរែងត្បូងនេះដែរ គេឃើញមានប្រើកម្លាំងកម្មករចំនួន៩នាក់ ប្រើម៉ាស៊ីនបូមទឹកចំនួន២គ្រឿង កញ្ជ្រែងរែងរ៉ែ១គ្រឿងនិងសម្ភារផ្សេងៗមួយចំនួនទៀត។
ប្រភពព័ត៌មានពីកម្មកររែងត្បូងម្នាក់ រៀបរាប់ឱ្យដឹងថា ពួកគេបានប្រើប្រាស់គ្រឿងចក្រជីកកកាយដីរែងយករ៉ែត្បូងនៅទីនេះជាច្រើនខែមកហើយ ដោយថៅកែជួលដីគេធ្វើ និងបង់ប្រាក់រត់ការឱ្យមន្ដ្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់កន្លែងអស់ហើយ ដោយថៅកែប្រគល់ការងារនេះឱ្យពួកគេធ្វើ តែគាត់មិនសូវនៅកន្លែងទេ ។
ប្រភពបន្ដទៀតថា ជារៀងរាល់ថ្ងៃ ពួកគេជាកម្មកររែងត្បូងទទួលបានប្រាក់កម្រៃពី៣ម៉ឺុនទៅ៤ម៉ឺុនរៀលក្នុង១ថ្ងៃ ។ លុះពេលរែងបានគ្រាប់ត្បូងមក ពួកគេប្រគល់ឱ្យថៅកែយកទៅលក់ឱ្យកុងសែនៅក្រុងប៉ៃលិន តែមិនដឹងជាលក់ក្នុង១ការ៉ាត់តម្លៃប៉ុន្មានទេ ។ លោក នូវ វីន អនុប្រធានភូមិបរយ៉ាខា បានឱ្យដឹងតាមទូរស័ព្ទថា ទាក់ទិននឹងការជីករ៉ែត្បូងនៅសង្កាត់បរយ៉ាខា ខាងលោកឮតែគេនិយាយតៗគ្នាប៉ុណ្ណោះ មិនធ្លាប់ចុះទៅមើលកន្លែងនោះទេហើយមិនធ្លាប់ឃើញមានឈ្មួញរែងត្បូងណាម្នាក់មកសុំច្បាប់អនុញ្ញាតអ្វីពីខាងលោកទេ ។ មិនខុសគ្នាទេ លោក កឹម សម្បូរ ចៅសង្កាត់បរយ៉ាខា បានឱ្យដឹងតាមទូរស័ព្ទកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៣ មេសាថា ការជីករុករករ៉ែត្បូងនៅភូមិបរយ៉ាខា សង្កាត់បរយ៉ាងខា អត់មានសុំច្បាប់ពីចៅសង្កាត់ទេ ដោយពួកគេនាំគ្នាជីកស្ងាត់ៗ ហើយរឿងនេះលោកក៏អត់ដឹងច្បាស់ថា ពួកគេសុំច្បាប់ពីថ្នាក់លើ ឬយ៉ាងណាដែរ ។ លោកចៅចង្កាត់បន្ដទៀតថា បើចង់ដឹងច្បាស់សូមទាក់ទងទៅលោក អីុ ហឿន ប្រធានមន្ទីររ៉ែនិងថាមពល ទើបអាចដឹងច្បាស់ជាង ។
លោក សួស ស៊ីយ៉ាត អភិបាលក្រុងប៉ៃលិន បានឱ្យដឹងតាមទូរស័ព្ទថា ក្រុមឈ្មួញដែលកំពុងតែប្រើម៉ាស៊ីនជីករុករករ៉ែត្បូងយ៉ាងអនាធិបតេយ្យនៅក្នុងសង្កាត់បរយ៉ាខា ខាងលោកអត់ដឹងទេ ព្រោះការជីកត្បូងនេះមិនឃើញមានឈ្មួញណាម្នាក់មកសុំច្បាប់ពីលោកទេ ។ តែបើមានច្បាប់ចេញពីខាងណាមួយ លោកក៏អត់ដឹងច្បាស់នោះដែរ តែបើចង់ដឹងច្បាស់សូមទាក់ទងទៅខាងមន្ទីររ៉ែនិងថាមពលខេត្ដ ។ ទាក់ទិននឹងការជីកកកាយរ៉ែត្បូងយ៉ាងអនាធិបតេយ្យនេះ ភ្នាក់ងារសារព័ត៌មានកោះសន្ដិភាព បានចូលជួបសម្ភាសន៍ជាមួយលោក ចាវ ខាន់ នាយករងរដ្ឋបាលសាលាខេត្ដ និងជាមន្ដ្រីទទួលបន្ទុកព័ត៌មានរដ្ឋបាលខេត្ដ កាលពីរសៀលថ្ងៃទី២២ មេសា បានឱ្យដឹងថា ពាក់ព័ន្ធនឹងការជីករុករករ៉ែត្បូងនៅក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិននេះ ខាងលោកអត់ដឹងរឿងនេះទេ បើចង់ដឹងច្បាស់ឱ្យទាក់ទងសួរនាំទៅខាងលោក អីុ ហឿន ប្រធានមន្ទីររ៉ែនិងថាមពលខេត្ដទើបដឹង ។
ចំណែកលោក អីុ ហឿន បានឱ្យដឹងតាមទូរស័ព្ទកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៣ មេសាថា ខាងមន្ទីរជំនាញមិនបានដឹងរឿងនេះទេ ហើយមិនធ្លាប់បានទទួលផលអ្វីពីពួកឈ្មួញដែលកំពុងរែងត្បូងក្នុងសង្កាត់បរយ៉ាខានេះដែរ ។
មន្ដ្រីជំនាញរូបនេះនិយាយបែបព្រងើយ គ្មានទទួលខុសត្រូវថា ខាងលោកបានចាត់មន្ដ្រីក្រោមឱវាទឱ្យទៅពិនិត្យកន្លែងនោះរួចហើយ តែមិនទាន់ទទួលបានរបាយការណ៍ពីភ្នាក់ងារនៅឡើយទេ ។ លោកបានបញ្ជាក់ទៀតថា បើសិនជាឃើញថា មានជីករ៉ែត្បូងអនាធិបតេយ្យមែន ខាងលោកនឹងចាត់វិធានការទៅតាមនីតិវិធី ។ គួររំលឹកថា កាលពីរសៀលថ្ងៃទី១០ មេសា កន្លងមកនេះ ក្នុងឱកាសធ្វើពិធីតែងតាំងលោក អីុ ហឿន ជាប្រធានមន្ទីររ៉ែនិងថាមពលខេត្ដប៉ៃលិន ដោយលោក សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានផ្ដល់អនុសាសន៍ដល់មន្ដ្រីក្រោមឱវាទថា ក្នុងនាមជាអាជ្ញាធរទទួលបន្ទុករ៉ែនិងថាមពល មិនត្រូវទទួលថវិកាណាមួយដែលមិនប្រក្រតី ហើយត្រូវចាត់វិធានការទៅលើការជីកកកាយយករ៉ែអនាធិបតេយ្យ គ្មានច្បាប់អនុញ្ញាតជាដាច់ខាត ។
ក្រុមអ្នកវិភាគយល់ឃើញថា ប្រសិនបើអាជ្ញាធរជំនាញមិនត្រូវគ្នាជាមួយឈ្មួញទេ គេមិនអាចបើកសិប្បកម្មជីករែងយកត្បូងយ៉ាងអនាធិបតេយ្យបែបនេះបានដែរ ។ ឬមួយលោក អីុ ហឿន មើលអត់ឃើញ ?
ចែករំលែកព័តមាននេះ