ដោយសារតែបច្ចុប្បន្នជាសម័យកាលដែលពោរពេញទៅដោយទំនើបកម្មសម្បូរបែប និងមានសក្តានុពលលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏ត្រូវគេមើលឃើញថា ជឿនលឿនមិនធម្មតាដែរ ។ បើនិយាយពីគ្រឿងបរិក្ខារសម្រាប់ព្រះសង្ឃប្រើប្រាស់ដូចត្រៃចីវរ(ស្បង់ ចីវរ សង្ឃាដី) បាត្រ ឆត្រ…លក់លើទីផ្សារគរដូចជ្រោងចំបើង ជាហេតុងាយស្រួលដល់ការធ្វើទានទាំងឡាយមានកឋិនទានជាដើម ។ សប្បុរសអ្នកមានសទ្ធាកើតចិត្តជ្រះថា្លភ្លាម ទិញយកមកធ្វើភ្លែតមិនបាច់ចំណាយពេលយូរ ហើយវត្ថុទាំងអស់នោះសុទ្ធតែកាត់ដេរពុះច្រៀកសម្រេចត្រឹមត្រូវតាមធម៌វិន័យរួចស្រាប់ ។ ដូច្នេះកំហុសឆ្គងដែលកើតចេញពីគ្រហស្ថទាក់ទងនឹងការងារធ្វើកឋិនទាននេះ ទំនងជានឹងរកមិនឃើញសោះឡើយ តែអាចជាបញ្ហាភិក្ខុអ្នកក្រាលគ្រងទៅវិញទេ ដោយសារការប្រតិបត្តិមិនប្រកបដោយធម៌ ទើបជាហេតុនាំឲ្យមិនកើតឡើងជាកឋិនតាមផ្លូវវិន័យ ។ ហេតុម្តេចក៏ហ៊ានពោលដូច្នេះ ?
កឋិនជាទានផ្នែកវិន័យ ខុសពីទានដទៃដែលធ្វើទៅតាមផ្លូវប្រសូត្រ អាចរៀបចំកែច្នៃទៅតាមគំនិតបុគ្គល ឬទៅតាមទិដ្ឋិរបស់អាចារ្យអ្នកដឹកនាំពិធីបានខ្លះ ។ តែទានផ្នែកវិន័យមិនដូច្នេះទេ ត្រូវការចេះចាំហើយធ្វើតាមច្បាស់លាស់ណាស់ មួយម៉ែត្រគឺមួយម៉ែត្រ មួយចំអាមប្រាកដមួយចំអាមជាក់លាក់បំផុត បើពុំនោះទេមិនកើតជាទានតាមផ្លូវវិន័យបានឡើយ ។ ដូចកឋិនទាននេះទាល់តែទាំងអាចារ្យអ្នកដឹកនាំបុណ្យ ពិសេសភិក្ខុអ្នកទទួលក្រាលគ្រងចេះដឹងច្បាស់លាស់ខាងវិន័យទើបកឋិនចីវរនោះកើតឡើងប្រកបដោយធម៌ តែបើធ្វើទៅតាមទម្លាប់នោះ មិនកើតឡើងជាកឋិនឡើយ ។ ប៉ុន្តែផលានិសង្សមិនបាត់ទៅណាទេ គឺនៅទទួលបានក្នុងឋានៈជាចីវរទានធម្មតា ។
ប៉ុន្តែសម័យបច្ចុប្បន្ន សប្បុរសជាសាមីដើមកឋិនមិនពិបាកសោះ ត្រៃចីវរ(ស្បង់ ចីវរ សង្ឃាដី) លក់ពេញផ្សារ ហើយត្រៃចីវរទាំងនោះសុទ្ធតែត្រូវបានគេកាត់ដេរត្រឹមត្រូវតាមក្បួនខ្នាតរួចជាស្រេចស្រាប់ហើយ នៅពេលដែលកឋិនកាលចូលមកដល់ចាប់ពីថ្ងៃ១រោច ខែអស្សុជរហូតទៅដល់១៥កើត ខែកត្តិកមានរយៈពេល២៩ថ្ងៃ ទៅទិញយកមកវេរប្រគេនសង្ឃក្នុងពេលដ៏សមស្របណាមួយនៅចន្លោះវេលានេះ ដើម្បីព្រះសង្ឃលោកក្រាលគ្រង ដោយត្រឹមតែបញ្ចេញវាទៈថា៖ «ខ្ញុំព្រះករុណាប្រគេនសំពត់នេះជាសំពត់កឋិន» ។
នេះជាភារៈរបស់ម្ចាស់កឋិនមិនច្រើនទេ គឺបញ្ចប់ត្រឹមយកត្រៃចីវរទៅវេរប្រគេនព្រះសង្ឃ ហើយត្រៃចីវរនោះសោតទៀតក៏មិនមែនទាល់តែចីវរទាំងបី(ស្បង់ ចីវរ សង្ឃាដី)ទើបកើតឡើងជាកឋិននោះក៏ទេដែរ បើម្ចាស់ទានមិនសូវធូរធារទិញតែស្បង់មួយទៅវេរប្រគេនថាជាសំពត់កឋិនក៏បាន ។ ប៉ុន្តែមិនដូច្នោះទេ សម័យសកលភាវូបនីយកម្មនេះមានវិសាលភាពធំធេងណាស់ចំពោះការកសាងប្រទេសជាតិក៏ដូចសង្គមសាសនា ។ ព្រោះហេតុនោះសម្រាប់គ្រឿងបរិក្ខារមានចីវរជាដើមសម្រាប់កឋិននោះហាក់មិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ ភាពចាំបាច់សម្រាប់អង្គកឋិនគឺប្រាក់សង្កត់ត្រៃតម្កល់កសាងវត្តអារាមជារឿងប្រសើរពេកណាស់ ។
ខុសពីសម័យពុទ្ធកាលវិទ្យាសាស្ត្រមិនទាន់រីកចម្រើន កុំថាឡើយដល់ទៅចីវរទាំងត្រៃ បច្ច័យច្រើនសន្ធឹកសម្រាប់សង្កត់ត្រៃនោះ សូម្បីតែក្រណាត់មួយផ្ទាំងសម្រាប់កាត់ដេរជាស្បង់ ឬចីវរ ឬក៏សង្ឃាដីនាំមកប្រគេនលោកជាសំពត់កឋិនសម្រាប់ក្រាលគ្រងក៏សឹងតែពិបាករកផង ។ រដូវកឋិនចូលមកដល់ម្តងៗ បរិស័ទទាំងភូមិ ចងសម្ព័ន្ធគ្នាជាពួក ជាក្រុម រៃអង្គាសប្រាក់គ្នាទិញជាក្រណាត់ និងគ្រឿងបរិក្ខារផ្សេងៗយកទៅវេរប្រគេនសង្ឃទម្រាំនឹងបានត្រូវឆ្លងកាត់ច្រើនដំណាក់កាល ។ ប៉ុន្តែសង្ឃជំនាន់នោះភាគច្រើនបំផុតដែលលោកបដិបត្តិបានត្រឹមត្រូវយកធម៌វិន័យជាធំ គឺមិនឲ្យម្ចាស់ទានគេអាក់អន់ស្រពន់ចិត្ត ឬធ្វើឲ្យខូចប្រយោជន៍អ្នកដទៃឡើយ។ ដោយសារការប្រតិបត្តិត្រឹមត្រូវទៅតាមក្រឹត្យក្រមអ៊ីចឹងហើយ បានជាមនុស្សជំនាន់នោះឆាប់សម្រេចមគ្គផលភា្លមៗឃើញច្បាស់នឹងភ្នែក មិនបាច់រង់ចាំជាតិក្រោយទើបទទួលផលនោះទេ ។
ងាកមកបច្ចុប្បន្នភាព តាមការកត់សម្គាល់ បញ្ហាដែលមិនកើតឡើងជាកឋិនអាចជាកំហុសខាងភិក្ខុអ្នកទទួលក្រាលគ្រងច្រើនជាង ហើយកំហុសទាំងនោះប្រព្រឹត្តទៅ៣ចំណុចគឺ ៖
១-ភិក្ខុអ្នកក្រាលគ្រងមិនប្រកបដោយធម៌(អធម្មិកៈ) ។ មានន័យថា ភិក្ខុអ្នកក្រាលគ្រងមិនចេះលក្ខន្តិកៈក្នុងការក្រាលគ្រង ឬចេះខ្លះមិនចេះខ្លះ ឬក៏ចេះដែរតែមិនយល់ដល់សេចក្តីនៃគោលធម៌នីមួយៗ គឺចេះតែសូត្រតាមរបៀបទន្ទេញចាំមាត់ ។ តាមវិនយប្បញ្ញត្តិ ភិក្ខុរូបណាដែលសង្ឃប្រគល់កឋិនឲ្យក្រាលគ្រងត្រូវចេះធម៌៨ប្រការគឺ បុព្វករណៈ១ បច្ចុទ្ធរៈ១ អធិដ្ឋាន១ អត្ថារៈ១ មាតិកា១ បលិពោធ១ ឧព្ភារៈ១ និងអានិសង្ស១ ហើយគោលធម៌នីមួយៗបំបែកទៅជាច្រើនផ្នែក ច្រើនប្រការ ច្រើនសង្កាត់ទៀតគឺមានន័យជ្រាលជ្រៅណាស់ក្រសោមទ្រឹស្តីកឋិនទាំងមូល ដែលតម្រូវឲ្យភិក្ខុអ្នកក្រាលគ្រងកឋិនត្រូវចេះ និងយល់ឲ្យច្បាស់ បើមិនប្រាកដត្រង់ចំណុចណាត្រូវរកគេ(សង្ឃ)ឲ្យជួយពន្យល់ណែនាំបន្ថែមទើបបាន ។
២-ភិក្ខុអ្នកក្រាលគ្រងមិនឈ្លាស(អកលោសិ) ។ ដៅចំពោះភិក្ខុដែលសង្ឃប្រគល់កឋិនឲ្យ មិនឈ្លាសវៃក្នុងការក្រាលគ្រងមិនចេះដាក់ពិន្ទុកប្ប មិនចេះអធិដ្ឋាន… ក្រាលគ្រងចីវរមួយត្រៃតែម្តង ប្រព្រឹត្តខុសទៅនឹងពុទ្ធោវាទដែលត្រាស់បង្គាប់ថា បើទោះជាសប្បុរសគេជ្រះថ្លាដង្ហែចីវររាប់រយ រាប់ពាន់ត្រៃសម្រាប់កឋិនក៏ដោយ ត្រូវភិក្ខុអ្នកក្រាលគ្រងជ្រើសរើសចីវរបានតែមួយគត់មកធ្វើជាអង្គកឋិន ។ ឧទាហរណ៍ៈ ត្រៃចីវរ មានន័យថាចីវរ៣ គឺស្បង់សម្រាប់ស្លៀក១ ចីវរសម្រាប់គ្រងឬឃ្លុំ១ និងសង្ឃាដីសម្រាប់បំពាក់លើស្មា១ ។ បើភិក្ខុអ្នកក្រាលគ្រងជ្រើសយកស្បង់ត្រូវចោលចីវរ និងសង្ឃាដី បើជ្រើសយកចីវរ ត្រូវចោលស្បង់ និងសង្ឃាដី បើជ្រើសយកសង្ឃាដី ត្រូវចោលស្បង់ និងចីវរ ។ នេះជាវិន័យ មិនបានអនុញ្ញាតឲ្យភិក្ខុអ្នកក្រាលគ្រងម្តងទាំងត្រៃចីវរនោះទេ ។ មានភិក្ខុអ្នកក្រាលគ្រងខ្លះដើម្បីផ្គាប់ចិត្តសាមីដើមទានក្រាលកឋិនម្តងចីវរទាំងបីតែម្តង ។ ការក្រាលគ្រងតាមវិធីនេះអាចលើកទឹកចិត្តម្ចាស់ទាន ដែលគាត់មិនសូវយល់ពីធម៌វិន័យបាន តែសម្រាប់អ្នកចេះដឹងដែរគេអន់ចិត្ត ព្រោះធ្វើឲ្យខូចទានរបស់គេ និងអាចប៉ះពាល់សទ្ធាចិត្តទៅថ្ងៃក្រោយទៀតផង ។ មិនប្រដៅទេ ការក្រាលគ្រងឲ្យបានលឿន មិនបង្កការសាំញុំាច្រើន និងដើម្បីសម្រួលដល់ពេលវេលាផង បើភិក្ខុអ្នកក្រាលគ្រងឆ្លាត គួរជ្រើសរើសសង្ឃាដីមកធ្វើជាអង្គកឋិនដាក់ពិន្ទុកប្ប និងអធិដ្ឋាន ហើយដកដោះសង្ឃាដីចាស់ចេញ រួចបំពាក់សង្ឃាដីថ្មីនោះលើស្មាជំនួសវិញក្រាលគ្រងយកតែម្តង លឿនហើយងាយណាស់មិនចាំបាច់ដោះស្បង់ចីវរនៅចំពោះមុខគ្រហស្ថនាំឲ្យពិបាកភ្នែកនោះទេ ។
៣-មិនយកសង្ឃជាធំ(អសង្ឃាធិបតេយ្យភាព) សឹងថាជាប្រពៃណីទៅហើយ នៅតាមវត្តអារាមភាគច្រើនបើភិក្ខុអង្គណាធំជាងគេជាសង្គ្រាជ ឬជាមន្ត្រីសង្ឃ(រាជាគណៈ) ភិក្ខុអង្គនោះជាអ្នកក្រាលគ្រងកឋិនដោយស្វ័យប្រវត្តិមិនចាំបាច់សម្រេចពីជំនុំសង្ឃឡើយ រីឯភិក្ខុតូចតាចគ្មានតួនាទីគ្មានតំណែង បើទោះជាអត់ដែលស្គាល់ជាតិចីវរថ្មីប្រើនឹងគេ ក៏គ្មានផ្លូវនឹងបានស្គាល់ក្រាលគ្រងកឋិនដែរ ។ ការក្រាលគ្រងតាមវិធីនេះទំនងជាផ្ទុយទៅនឹងពុទ្ធឱវាទ ដែលតាមផ្លូវវិន័យភិក្ខុដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែភិក្ខុរូបនោះមានចីវរទុព្វលភាពចាស់ក្រំគ្រា ហើយត្រូវចេះរបៀបពីរចំណុចខាងលើនោះទៀតទើបជាការក្រាលគ្រងកឋិនប្រកបដោយធម៌ត្រឹមត្រូវតាមផ្លូវវិន័យ ។
យ៉ាងណាក៏ដោយចុះ ទោះជាការប្រតិបត្តិកើតឡើងជាកឋិនក្តី ឬមិនកើតឡើងជាកឋិនក្តីក៏ឈ្មោះថា បរិស័ទទាំងបួនពួកបានធ្វើតាមលំអានពុទ្ធសាសនា រក្សាពិធីកម្មទាំងឡាយមានកឋិនកម្មជាដើម បានគង់វង្សតរៀងមក ហើយក៏នៅមានវត្តអារាមជាច្រើនព្រះសង្ឃលោកដឹកនាំ ប្រតិបត្តិទៅតាមធម៌វិន័យយ៉ាងខ្ជាប់ខ្ជួនអាចញុំាងសទ្ធាចិត្តបរិស័ទឲ្យត្រេកអរបានហើយ ៕ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ