ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អសុរា និង​ទេវតា ជិត​បាន​ស្វាគមន៍​អ្នក​ទេស​ចរ​ហើយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ ដំណើរការ​គម្រោង​ជួសជុល​ចម្លាក់​បង្កាន់ដៃ​អសុរា​ទ្រ​នាគ​(​លេខ​០១)​និង​លើក​តម្រង់​រូបចម្លាក់​ទេវតា​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩​មក នឹង​រួចរាល់​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ ។ យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​កាលពី​ថ្ងៃ​ទី​៧…

ខេត្តសៀមរាប​៖ ដំណើរការ​គម្រោង​ជួសជុល​ចម្លាក់​បង្កាន់ដៃ​អសុរា​ទ្រ​នាគ​(​លេខ​០១)​និង​លើក​តម្រង់​រូបចម្លាក់​ទេវតា​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ពី​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៩​មក នឹង​រួចរាល់​នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២០ ។

យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​កាលពី​ថ្ងៃ​ទី​៧ ខែតុលា ២០១៩​ថា ជិត​មួយ​ឆ្នាំ​កន្លង​មកនេះ ដំណើរការ​ជួសជុល​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន និង​បាន​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ ដោយ​មានការ​ចូលរួម​ពី​ស្ថាបត្យករ វិស្វករ បុរាណវិទ្យា ក្រុមការងារ​អភិរក្ស​ថ្ម ពលករ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ដំណើរការ​ពិភាក្សា​ឱ្យ​ការ​ជួសជុល​សម​ស្រប​ទៅ​តាម​តម្លៃ​បេតិកភណ្ឌ​ខ្មែរ​និង​ច្បាប់​អន្តរជាតិ ។

ទាក់ទង​នឹង​លទ្ធផល​ដែល​ទទួល​បាន លោក​ឃា​ម មុនី ស្ថាបត្យករ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ និង​ជា​ប្រធាន​គម្រោង​ជួសជុល​ឱ្យ​ដឹង​ថា ក្រុម​ការងារ​សម្រេច​នូវ​ការ​លើក​រូប​បង្កាន់ដៃ​អសុរា​ដែល​ទ្រេត ដួល ខ្វះ​លំនឹង​បាន​ចំនួន​៥​រូប និង​បង្កាន់ដៃ​ទេវតា​ដែល​ដួល​រលំ​រាយ​ប៉ាយ ទ្រេត ស្រុត បម្រុង​ដួល​រលំ បាន​១៦​រូប (​លើក​តម្រង់​រូបចម្លាក់​ឱ្យ​ត្រង់ ជាប់​មាំ​ឡើង​វិញ​បាន​១០០%) និង​លើក​គម្រោង​លម្អិត​ជួសជុល​គ្រឹះ​ចម្លាក់​អសុរា​កាន់​ក្បាល​នាគ​បាន​៦៥% តួខ្លួន​អសុរា​បាន​៦៥% និង​ព្រះ​កេស​នាគ​ខាងលើ​បាន​៦៥% ។ ក្នុង​នោះ​ដែរ ក្រុមការងារ​ក៏​បាន​ស្វែងរក​ឃើញ​ព្រះ​កេស​របស់​ទេវតា​ចំនួន​០១​ដែល​នឹង​ត​ភ្ជាប់​ឱ្យ​មាន​សុវត្ថិភាព​ឡើង​វិញ​ផង​ដែរ​។

ចំពោះ​ការ​ជួសជុល លោក​ឃា​ម មុនី បញ្ជាក់​ថា ក្រុមការងារ​បាន​លម្អិត​ខ្លាំង​ទៅ​លើ​រូប​នាគ​និង​មេទ័ព​អសុរា​(​លេខ​០១) ព្រោះ​រូប​នេះ​មាន​ហានិភ័យ​ខ្ពស់​ដោយសារ​ដួល​ទាំងស្រុង រូប​ប្រេះ​បែក​ពី​គ្នា ព្រះ​កេស​បែក​របេះ​ធ្លាក់​ថ្ម ព្រមទាំង​គ្រឹះ​របស់​រូប​ផង​ដែរ ដោយសារ​កត្តា​ធម្មជាតិ មាន​បរិយា​កាស ទឹកភ្លៀង លំហូរ​ច្រោះ​ដី កត្តា​មនុស្ស​ដោយ​ការ​បំផ្លាញ និង​ការ​លំ​ញ័រ​របស់​យានយន្ត​ដែល​ឆ្លងកាត់ ។

តាម​រយៈ​តម្លៃ​នៃ​ការ​ជួសជុល ប្រធាន​គម្រោង​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា ចម្លាក់​អសុរា​និង​ទេវតា​ទ្រ​នាគ​នៅ​ខ្លោងទ្វារ​ដី​ឆ្នាំង គឺជា​ទីតាំង​សំខាន់​ដែល​ទេសចរ​ឆ្លងកាត់​ឥត​ដាច់ ដែល​យើង​ត្រូវ​យក​ចិត្តទុកដាក់​ថែរក្សា​បេតិកភណ្ឌ​ដ៏​មហស្ចារ្យ​មួយ​នេះ​ឱ្យ​បាន​ល្អ ដើម្បី​រួមចំណែក​ក្នុង​ការ​លើក​តម្លៃ​ក្នុង​តំបន់​នេះ និង​អាច​បង្កើន​កន្លែង​ទស្សនា​ដល់​ទេសចរ​បាន​ច្រើន​។

ជាង​នេះ​ទៅ​ទៀត វា​ជា​ការ​ផ្តល់​ឯកសារ​ប្រវត្តិសាស្ត្រ​ជា​សំខាន់​បំផុត​នៃ​ការ​ជួសជុល​ចម្លាក់​មួយ​នេះ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​និង​អ្នក​សិក្សា​ស្រាវជ្រាវ​ទាំង​បច្ចុប្បន្ន​និង​អនាគត​បានឃើញ បាន​សិក្សា​ជា​ប្រយោជន៍ ពិសេស​គឺ​លើក​តម្លៃ​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​ជំនាន់​មុន​ដែល​បាន​បន្សល់​ស្នាដៃ​ដ៏​ល្អ​ឯក​សម្រាប់​កូនចៅ​ខ្មែរ​ជំនាន់​នេះ និង​លើក​តម្លៃ​អ្នកដឹកនាំ​ជំនាន់​ថ្មី​ដែល​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ថែរក្សា​សម្បត្តិ​ដូនតា​។

ជា​អ្នក​រួមចំណែក​មួយ​រូប​ក្នុង​ការ​ជួសជុល​ចម្លាក់​អសុរា​និង​ទេវតា​ទ្រ​នាគ លោក ដួង ដឿ​ម អាយុ​៥៩​ឆ្នាំ អ្នក​ភូមិ​នគរ​ក្រៅ សង្កាត់​គោក​ចក ក្រុង​សៀមរាប មាន​អាជីព​ជា​អ្នក​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ​ជាង​២០​ឆ្នាំ​ហើយ ផ្នែក​រៀប​ថ្ម​ប្រាសាទ​និង​ចម្លាក់ និង​ដាប់ថ្ម លោក​សប្បាយចិត្ត​ដែល​បាន​រួមចំណែក​ក្នុង​កិច្ចការ​បេតិកភណ្ឌ​ដូនតា និង​សុំ​ឱ្យ​ក្មេង​ៗ ជំនាន់​ក្រោយ​ជួយ​ថែរក្សា​និង​បន្ត​ការ​រៀនសូត្រ ព្រោះ​បើ​អត់​ពី​ចាស់​ៗ​ទៅ គឺ​វិជ្ជា​ទាំងឡាយ​នឹង​បាត់បង់​ហើយ​។ លោក ដឿ​ម មិន​មាន​បំណង​នឹង​បញ្ចប់​ការងារ​នេះ​ទេ នឹង​បន្ត​កិច្ចការ​នេះ​រហូត ។

លោក​ឡ​យ លឿម អាយុ​៥៣​ឆ្នាំ ធ្វើការ​នៅ​តំបន់​អង្គរ​ជាង​២០​ឆ្នាំ​ដូច​គ្នា ជំនាញ​ដាប់ថ្ម ត​ថ្ម សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ជួសជុល​ចម្លាក់​ថ្ម​អសុរា ព្រោះ​ជា​របស់បុរាណ​ដែល​ត្រូវ​ថែរក្សា វា​មិនជា​ការ​លំបាក​នឿយហត់​ទេ​ក្នុង​ការ​បំពេញការងារ​នេះ ។ លោក​ចង់​បន្តការងារ​នេះ ដើម្បី​ទុកជា​ស្នា​ដៃដល់​កូនចៅ​ជំនាន់​ក្រោយ​ឱ្យ​ពួក​គេ​បានឃើញ បាន​ស្គាល់ និង​ជួយ​ថែរក្សា​មរតក​វប្បធម៌​ខ្មែរ​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ