ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នយោ​បាយ​ «ចាយ​ធំ» នាំ​ឱ្យ «ត្រូវ​មាត់» កន្លង​មក​ត្រូវ​បាន​កត់​ត្រា​​ទុក​ជា​ប្រវត្តិ​​សាស្ត្រ

14 ឆ្នាំ មុន

ស្រាវជ្រាវ ៖ រឿង​ចាយ​ប្រាក់​រដ្ឋ​​របស់​អ្នក​នយោ​បាយ​លើ​ពិភព​លោក ជួន​កាល​ធ្វើ​ឱ្យ​មាន​​ភាព​អាស្រូវ​ក៏​មាន ។ ការ​ចាយ​វាយ​ខ្ជះ​ខ្ជាយ​ក្រៅ​ពី​មិន​បាន​ផ្តល់​នូវ​ប្រសិទ្ធ​ភាព​ណា​មួយ​ខាង ​នយោ​បាយ​ក៏​ដូច​សេដ្ឋ​កិច្ច វា​បែរ​ជា​ធ្វើ​ឱ្យ​សាធា​រណ​មតិ​រិះ​គន់​អត់​សំចៃ​មាត់​ក៏​មាន ប្រសិន​បើ​ការ​ចាយ​វាយ​នោះ​មិន​សម​ស្រប​តាម​​កាលៈ​ទេសៈ​ ឬ​មិន​សម​ស្រប​​នឹង​ស្ថាន​ភាព​ប្រទេស​ជាតិ ។ និយាយ​ពី​អ្នក​នយោ​បាយ​ចាយ​ធំ​ ប្រហែល​ជា​លោក​ជំទាវ​អេន​ជី​ឡា ម៉ី​កែល

ស្រាវជ្រាវ ៖ រឿង​ចាយ​ប្រាក់​រដ្ឋ​​របស់​អ្នក​នយោ​បាយ​លើ​ពិភព​លោក ជួន​កាល​ធ្វើ​ឱ្យ​មាន​​ភាព​អាស្រូវ​ក៏​មាន ។ ការ​ចាយ​វាយ​ខ្ជះ​ខ្ជាយ​ក្រៅ​ពី​មិន​បាន​ផ្តល់​នូវ​ប្រសិទ្ធ​ភាព​ណា​មួយ​ខាង​នយោ​បាយ​ក៏​ដូច​សេដ្ឋ​កិច្ច វា​បែរ​ជា​ធ្វើ​ឱ្យ​សាធា​រណ​មតិ​រិះ​គន់​អត់​សំចៃ​មាត់​ក៏​មាន ប្រសិន​បើ​ការ​ចាយ​វាយ​នោះ​មិន​សម​ស្រប​តាម​​កាលៈ​ទេសៈ​ ឬ​មិន​សម​ស្រប​​នឹង​ស្ថាន​ភាព​ប្រទេស​ជាតិ ។ និយាយ​ពី​អ្នក​នយោ​បាយ​ចាយ​ធំ​ ប្រហែល​ជា​លោក​ជំទាវ​អេន​ជី​ឡា ម៉ី​កែល អធិ​ការ​បតី​អាល្លឺ​ម៉ង់​ស្ថិត​ក្នុង​ជួរ​ទី​មួយ និង​ឈរ​លើ​គេ​បង្អស់ ។ គេ​នៅ​ចាំ​​បាន​ថា កាល​ពី​ឆ្នាំ២០០៦ ក្នុង​ដំណើរ​​ទៅ​ចូល​រួម​សន្និ​សីទ​កំពូល​ G-8 នៅ​ក្រុង​​សាំង​ភី​តឺ​ស្បឺក ប្រទេស​អាល្លឺ​ម៉ង់ លោក​ចច ប៊ូស ប្រធានា​ធិបតី​អាមេ​រិក​កាល​ណោះ​ឆ្លៀត​ឱកាស​ឆៀង​ចូល​​ធ្វើ​ទស្សន​កិច្ច​ត្រួសៗ​តំបន់​ឆ្នេរ​សមុទ្រ​បាល់​ទិច​របស់​អាល្លឺ​ម៉ង់ ។ ​យប់​ថ្ងៃ​នោះ​នៅ​​ភោជនីយ​ដ្ឋាន​លំដាប់​កំពូល​នាទី​​ប្រជុំ​ជន Trinwillershagen លោក​ចច ប៊ូស ​ត្រូវ​បាន​លោក​ជំទាវ​ម៉ី​កែល ជប់​​លៀង​ម្ហូប​ឆ្ងាញ់​ពិសេស​នៃ​តំបន់​ខាង​ជើង​អាល្លឺ​ម៉ង់ គឺ​ថ្លាន់​អាំង​លើ​រងើក​ធ្យូង និង​ស្រា​បៀរ​លំដាប់​លេខ​១​អាល្លឺ​ម៉ង់ ។

អ្នក​នយោ​បាយ​ជប់​លៀង​អ្នក​នយោ​បាយ​រឹត​ចំណង​មិត្ត​ភាព​ជា​រឿង​ធម្ម​តា តែ​សំរាប់​ការ​ជប់​លៀង​ពេល​នោះ​បែរ​ជា​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ពេញ​ប្រទេស​​អាល្លឺ​ម៉ង់ ព្រោះ​ចំណាយ​ច្រើន​សំបើម​ពេក ស៊ី​ផឹក​មួយ​ពេល​សោះ​អស់​រហូត​ដល់​៨,៧​លាន​អឺរ៉ូ ប្រហាក់​ប្រហែល​១០​លាន​ដុល្លារ​អាមេ​រិក ។ ពេល​សារ​ព័ត៌​មាន​ចុះ​ផ្សាយ​រឿង​នេះ ប្រជា​ជន​អាល្លឺ​ម៉ង់​ភ្ញាក់​សឹង​ខ្ទាត​ថ្លើម​ចេញ​ក្រៅ​ទ្រូង ម្នាក់ៗ​គិត​ថា ប្រាក់​បង់​ពន្ធ​របស់​ខ្លួន​ត្រូវ​គេ​យក​ទៅ​ចាយ​វាយ​យ៉ាង​ឆ្ងាញ់​ដៃ​គ្មាន​ស្តាយ​ស្រណោះ​​សូម្បី​បន្តិច ។ ហេតុ​នេះ​ពល​រដ្ឋ​អាល្លឺ​ម៉ង់​ម្នាក់​នៅ​រដ្ឋ Mecklenburg-Western Pomerania ក្តៅ​ក្រហាយ​ពេក​ដាក់​ពាក្យ​ឡើង​តុលា​ការ​ទាម​ទារ​ឱ្យ​ភោជនីយ​ដ្ឋាន​ខាង​លើ​រាយ​​ការណ៍​ជា​សាធា​រណៈ​ឱ្យ​មហា​ជន​បាន​ដឹង​ពីថ្លៃ​ម្ហូប​មួយ​មុខៗ​​ក្នុ​ងពិធី​ជប់​លៀង ។ បណ្តឹង​របស់​ពល​រដ្ឋ​អាល្លឺ​ម៉ង់​រូប​នោះ​​ត្រូវ​បាន​មហា​ជន​​គាំទ្រ​ ព្រោះ​សុទ្ធ​តែ​ចង់​ដឹង​ថា ​តើ​ភោជនីយ​ដ្ឋាន​កាប់​ឆៅ​យា៉ង​ម៉េច​ខ្លះ បាន​ជា​ជប់​លៀង​មួយ​ពេល​សោះ​អស់​ដល់​១០​លាន​ដុល្លារ​អាមេ​រិក ។ បច្ចុ​ប្ប​ន្ន​តុលា​ការ​រដ្ឋ Mecklenburg-Western Pomerania កំពុង​ពិចារណា​តើ​គួរ​ធ្វើ​តាម​ការ​ទាម​ទារ​របស់​បុរស​ខាង​លើ ឬ​អត់ ព្រោះ​ថា​ក្នុង​ពិធី​ជប់​លៀង​នោះ​ក្រៅ​ពី​ចំណាយ​លើ​ម្ហូប​ពិសេស នៅ​ត្រូវ​ចំណាយ​​ប្រាក់​ជូន​បុគ្គ​លិក​សន្តិ​សុខ​រហូត​ដល់​១២.០០០​នាក់​ ដែល​ប្រមូល​មក​ពី​តំបន់​ផ្សេងៗ​សំរាប់​ការ​​​ពារ​សនិ្ត​សុខ​ភ្ញៀវ​សំខាន់ គឺ ប្រាក់​ចំណាយ​លើ​បុគ្គលិក​​សន្តិ​សុខ​១២.០០០​នាក់​នោះ​ដែល​អស់​ច្រើន​ មិន​មែន​ម្ហូប​ជប់​លៀង​មួយ​ពេល​អស់​រហូត​ដល់​៨,៧​លាន​អឺរ៉ូ​ឡើយ ។

ក្រៅ​ពី​លោក​ជំទាវ​ម៉ី​កែល លោក​ជំទាវ​មី​សែល អូ​បា​ម៉ា ក៏​​ឆាប់​បាន​ជាប់​ឈ្មោះ​ក្នុ​ង​បញ្ជី​ «អ្នក​នយោ​បាយ​ចាយ​ធំ» ដែរ តាម​រយៈ​ដំណើរ​​ទេស​ចរណ៍​ថ្នាក់​ឡូស​ទៅ​ប្រទេស​​អេស្ប៉ាញ​កាល​ពី​ខែ​សីហា ឆ្នាំ​​២០១០ ។ ដំណើរ​ទេស​ចរណ៍​នោះ​ចំណាយ​អស់​ប្រាក់​កន្លះ​លាន​ដុល្លារ គ្រាន់​តែ​សំរាប់​លោក​ជំទាវ​មី​សែល អូបា​ម៉ា រួម​ជា​មួយ​កូន​ស្រី​សាសា (Sasha) អាយុ​៩​ឆ្នាំ និង​សាច់​ញាតិ​មិត្ត​ភក្តិ​មួយ​ចំនួន​ទៅ​លំហែ​កាយ​ស្រូប​យក​ខ្យល់​អាកាស​សមុទ្រ​មេឌី​ទែរ៉ា​ណេ​ប៉ុណ្ណោះ ។ បខណៈ​​លោក​ជំទាវ​មីសែល អូបាម៉ា សប្បាយ​រីក​រាយ​ជា​មួយ​ទេស​ភាព​ថ្មី ខ្យល់​អាកាស​ថ្មី សារ​ព័ត៌​មាន​​ក្នុង​ស្រុក​​អាមេ​រិក​​ទះ​ប៉ោត​ទូង​ស្គរ​ក្តុង​ក្តាំង​ជុំ​វិញ​ការ​ចំណាយ​ច្រើន​សំរាប់​តែ​ការ​ដើរ​លេង​នេះ ។ CBS News លាត​ត្រដាង​ថា ថវិកា​រដ្ឋ​ត្រូវ​​ចំណាយ​១៤៦.០០០​ដុល្លារ​សំរាប់​ជួល​យន្ត​ហោះ Air Force 757 ដឹក​លោក​ជំទាវ ។ នេះ​មិន​ទាន់​គិត​ប្រាក់​៩៥.០០០​ដុល្លារ ថ្លៃ​បន្ទប់​សណ្ឋា​គារ​សំរាប់​បុគ្គលិក​សន្តិ​សុខ​៧០​នាក់ និង​ប្រាក់​​កំរៃ​ផ្តល់​ដល់​ពួក​គេ​ដែល​ត្រូវ​ចំណាយ​២៧៣​ដុល្លារ​សំរាប់​ម្នាក់​ក្នុង​មួយ​ថ្ងៃ​ផង ។ បើ​​សរុប​សព្វ​គ្រប់​តើ​អស់​ប៉ុន្មាន?

ហេតុ​ដែល​សារ​ព័ត៌​មាន​ចេះ​តែ​លើក​ឡើង​ដដែលៗ​ ព្រោះ​ការ​ចំណាយ​សំរាប់​តែ​ការ​ដើរ​លំហែ​កាយ​​របស់​លោក​ជំទាវ​មី​សែល អូបាម៉ា ធ្វើ​ឡើង​ពេល​ប្រទេស​ជាតិ​កំពុង​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ​ មនុស្ស​ទូទៅ​​ជួប​ផល​វិបាក​អាក្រក់​​ធ្ងន់​ធ្ងរ​ក្នុង​ជីវ​ភាព​​ប្រចាំ​ថ្ងៃ ។ ប្រសិន​បើ​ពេ​លធម្ម​តា​ប៉ុណ្ណឹងៗ​អ្នក​ណា​ទៅ​ថា​អី?​ អ្នក​នយោ​បាយ​ស្រី​មួយ​ចំនួន​ធំ​និយម​តែង​ខ្លួន ហើយ​ក៏​ចំណាយ​ច្រើន​សំរាប់​ការ​តែង​ខ្លួន ។ លោក​ជំទាវ​សារ៉ា ផេ​លីន (Sarah Palin) បេក្ខ​នារី​​អនុ​ប្រធានា​ធិបតី​ខាង​គណ​បក្ស​សាធា​រណ​រដ្ឋ​ដៃ​គូ​លោក​ចន ម៉ាក់​ខេន កាល​ពី​ឆ្នាំ​២០០៨ ប្រហែល​ជា​អ្នក​នយោ​បាយ​ស្រី​ដែល​លេច​ធ្លោ​ជាង​គេ​ខាង​និយម​តែង​ខ្លួន ។​ អ្នក​នយោ​បាយ​ស្រី​រូប​នេះ​ធ្លាប់​ធ្វើ​ឱ្យ​មាន​ចលនា​តែង​ខ្លួន​តាម​​គាត់​យ៉ាង​គគ្រឹក​គគ្រេង​ពេល​គាត់​ឈរ​ឈ្មោះ​ជា​បេក្ខ​នារី​អនុ​ប្រធានា​ធិបតី ។ តាំង​ពី​​មួក​ធុន​ថ្លៃ​រហូត​ដល់​ម៉ូដ​ខោ​អាវ វែន​តា ស្បែក​ជើង និង​ម៉ូដ​សក់​របស់​គាត់​ ស្រី​ៗ​អាមេ​រិក​ជា​ច្រើន​ផ្អើល​ធ្វើ​តាម ។ កាល​ណោះ​គណៈ​កម្ម​ការ​​បោះ​ឆ្នោត​គណ​បក្ស​សាធា​រណ​រដ្ឋ​ត្រូវ​ចំណាយ​ប្រាក់​១៥០.០០០​ដុល្លារ​សំរាប់​​តែ​ការ​តែង​ខ្លួន​របស់​គាត់ រហូត​ដល់​មាន​មនុស្ស​ជា​ច្រើន​រិះ​គន់​​ការ​ចំណាយ​នេះ ហើយ​ក៏​ព្រោះ​តែ​ការ​ចំណាយ​នេះ​ផង​ដែរ ដែល​អ្នក​រិះ​គន់​និយាយ​ថា ធ្វើ​ឱ្យ​គណ​បក្ស​សាធា​រណ​រដ្ឋ​ចាញ់​ចុក​ឈាម ។

និយាយ​ពី​ការ​​ចាយ​ធំ មិន​មែន​មាន​តែ​នៅ​អាមេ​រិក​ដែល «អ្នក​មាន​​ចូល​ចិត្ត​លេង​ម៉ា​សប្បាយ​ដៃ» ទេ ជន​ជាតិ​បារាំង​ក៏​ណាស់​ដែរ។ លោក​ប្រធានា​ធិបតី​បារាំង​ នី​កូឡាស់ សាកូហ្សី មិន​ព្រម​ចាញ់​សម​ភាគី​ខ្លួន​នៅ​ខាង​​​មហា​សាគរ​អាត្លង់​ទិច​ឡើយ ។ កាសែត​អង់​គ្លេស​ឈ្មោះ Telegraph បាន​ឱ្យ​ដឹង​​ថា ដោយ​​ច្រណែន​នឹង​ភាព​ឡួយ​ផ្នែក​ខាង​​​ក្នុង​នៃ​​យន្ត​​ហោះ Boeing 747-200B របស់​ប្រធានា​ធិបតី​អាមេ​រិក​ប៉ារ៉ាក់​អូបាម៉ា លោក​នី​កូ​​ឡាស់​ សាកូ​ហ្ស៊ី​ ត្អូញ​ត្អែរ​ថា យន្ត​ហោះ Airbus A319 «អន់​ពេក» មិន​ស័ក្តិ​សម​ជា​​យន្ត​ហោះ​សំរាប់​ប្រធានា​ធិបតី ។​ ហេតុ​នេះ​គាត់​សំរេច​ចិត្ត​ចំណាយ​ថវិកា​រដ្ឋ​ទិញ​យន្ត​ហោះ Airbus A330-200 ថ្លៃ​រហូត​ដល់​១៧៦​លាន​អឺរ៉ូ ។ នេះ​ជា​យន្ត​ហោះ​ប្រភេទ «ឡូយ» ដែល​ខាង​ក្នុង​មាន​បន្ទប់​ដេក បន្ទប់​ទឹក បន្ទប់​ប្រជុំ​សំរាប់​១២​នាក់ មាន​៦០​កៅអី​សំរាប់​អាជីវ​ករ​គ្រាក់ៗ មាន​ប្រព័ន្ធ​ព័ត៌​មាន ប្រព័ន្ធ​ចម្រោះ​​ខ្យល់​អាកាស តួ​យន្ត​ហោះ​រឹង​​មាំ​ភ្ជាប់​ជា​មួយ​ប្រព័ន្ធ​ប្រឆាំង​កាំជ្រួច​ទៀត ។ ដោយ​សារ​ចំណាយ​ច្រើន​សំរាប់​តែ​យន្ត​ហោះ​មួយ​គ្រឿង​ចំ​ពេល​ប្រទេស​ជាតិ​កំពុង​ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ​ លោក​សាកូ​ហ្សី ត្រូវ​សារ​ព័ត៌​មាន «សាប់» ដូច​សាច់​ប្រហិត និង​ប្រើ​ពាក្យ​ចំអក​ហៅ​យន្ត​ហោះ Airbus A330-200 របស់​​​គាត់​ថា “Air Sako One” វិញ ។

អ្នក​មាន​ចាយ​ធំ​ជា​រឿង​ធម្ម​តា គ្រាន់​តែ​ចាយ​មិន​ត្រូវ​ពេល​វេលា​មិន​ត្រូវ​កន្លែង​ជា​រឿង​ពិបាក​ទទួល​យក​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​អ្នក​ក្រដូច​​ហ្វ៊ី​លីពីន​ចាយ​ធំ​តាម​បែប​អ្នក​មាន​ដែរ រឿង​អី​មិន​ឱ្យ​ជេរ ។ រឿង​នេះ​កើត​ឡើង​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០០៩ ពេល​លោក​ស្រី អារ៉ូ​យ៉ូ ប្រធានា​ធិបតី​ហ្វ៊ី​លី​ពីន ទៅ​ធ្វើ​ទស្សន​កិច្ច​អាមេ​រិក ។ ក្រោយ​ជួប​សន្ទនា​ជា​មួយ​ប្រធានា​ធិបតី​អាមេ​រិក​បារ៉ាក់ អូ​បាម៉ា រួច​រាល់ លោក​ស្រី អារ៉ូ​យ៉ូ និង​គណៈ​​ប្រតិ​ភូ​រួម​ទាំង​​អ្នក​ហែ​ហម​ផង​ ដែល​មាន​គ្នា​សរុប​៦៥​នាក់ ឡើង​យន្ត​ហោះ​ទៅ​រក​កន្លែង​ឆ្ងាញ់​នៅ​ក្រុង​ញូវ​យ៉ក ចូល​ភោជនីយ​ដ្ឋាន​ Bobby Van’s Steakhouse ឆ្ងាញ់​មួយ​ពេល​អស់​១៥.០០០​ដុល្លារ ។ ៣​ថ្ងៃ​ក្រោយ​អ្នក​ទាំង​នោះ​ឡើង​យន្ត​ហោះ​​ទៅ​ញូវ​យ៉ក​ម្តង​ទៀត លើក​នេះ​​ចូល​ហាង Le Cirque ឆ្ងាញ់​ជា​មួយ​​ពង​ត្រី​ពិសេស និង​ស្រា​សាំប៉ាញ​​អស់​២០.០០០​ដុល្លារ ។ ឆ្ងាញ់​មួយ​ពេល​អស់​ប៉ុន្មាន​ម៉ឺន​ដុល្លារ​អត់​​បញ្ហា​សំរាប់​ប្រទេស​អ្នក​មាន តែ​សំរាប់​ប្រទេស​អ្នក​ក្រ​ដែល​ប្រជា​ជន​មួយ​ចំនួន​អត់​បាយ​នៅ​ឡើយ រឿង​អី​ប្រជា​ជន​មិន​ជេរ?