រុស្ស៊ី ៖ ក្រុមវេជ្ជបណ្ឌិតរុស្ស៊ីទទួលការកោតសរសើរពីសំណាក់ប្រជាជនរបស់ខ្លួន ដោយហៅពួកគេថាជា «វីរបុរស» បន្ទាប់ពីបានបញ្ចប់ការវះកាត់បើកបេះដូងដល់អ្នកជំងឺដោយជោគជ័យ បើទោះបីជាអណ្តាតភ្លើងកំពុងឆាបឆេះដំបូលអគារមន្ទីរពេទ្យយ៉ាងសន្ធោសន្ធៅបែបណាក្តី។

វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាចំនួន៨នាក់បានចូលរួមក្នុងការវះកាត់នេះ ដែលបានចាប់ផ្តើមមុនពេលមានអគ្គិភ័យឆាបឆេះលើដំបូលអាគារក្នុងមន្ទីរពេទ្យនៅភាគខាងកើតទីក្រុង Blagoveshchensk កាលពីថ្ងៃទី២ ខែមេសា កន្លងទៅ។

មនុស្សប្រមាណ ១២០នាក់ដោយរួមមានទាំងអ្នកជំងឺផងដែរនោះ ត្រូវបានជម្លៀសចេញពីអាគារ។ ហើយជាសំណាងល្អពុំមាននរណាម្នាក់រងរបួសឡើយក្នុងហេតុការណ៍នោះ។

លោកវេជ្ជបណ្ឌិត Valentin Filatov ដែលរាប់រងការវះកាត់បានថ្លែងប្រាប់ទូរទស្សន៍ REN TV ថា «យើងត្រូវតែជួយសង្គ្រោះជីវិតអ្នកជំងឺរបស់យើង ។ យើងបានធ្វើអ្វីៗគ្រប់យ៉ាងស្ថិតក្នុងកម្រិតខ្ពស់បំផុត» ។

ដោយឡែកក្រុមអ្នកពន្លត់អគ្គីភ័យដែលចំណាយពេលជាង២ម៉ោង ដើម្បីពន្លត់អណ្តាតភ្លើងកំពុងឆាបឆេះបាននិយាយថា ពួកគេបានប្រើកង្ហារដើម្បីផ្លុំផ្សែងមិនឱ្យចូលក្នុងបន្ទប់វះកាត់ និងបានរត់ខ្សែថាមពលដើម្បីរក្សាការផ្គត់ផ្គង់អគ្គិសនី។

ក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ីបានអះអាងថា ការវះកាត់នេះចំណាយពេលប្រហែល ២ម៉ោងដើម្បីបញ្ចប់វា។ មុនពេលអ្នកជំងឺត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យមួយផ្សេងទៀត។

ក្រសួងក៏បានបញ្ជាក់ផងដែរថា មន្ទីរពេទ្យនេះត្រូវបានសាងសង់ឡើងតាំងឆ្នាំ ១៩០៧។ ហើយដោយសារតែដំបូលធ្វើពីឈើទើបបណ្តាលឱ្យភ្លើងឆាបឆេះយ៉ាងឆាប់រហ័សបែបនេះ។ ហើយការសនិ្នដ្ឋានមូលហេតុជាបឋមដែលនាំឱ្យកើតមានអគ្គីភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី៕ (ដកស្រង់ចេញពី BBC)

ចែករំលែកព័តមាននេះ