រុស្ស៊ី ៖ រុស្ស៊ីបានចុះបញ្ជីវ៉ាក់សាំងកូវីដ១៩ ដំបូងគេបង្អស់របស់ពិភពលោកសម្រាប់សត្វដែលត្រូវបានរាយការណ៍ថា ដើម្បីបញ្ឈប់ការផ្លាស់ប្តូរមេរោគរវាងសត្វ និងមនុស្ស។ នេះបើតាមការចេញពីផ្សាយពីសារព័ត៌មាន Aljazeera។
រុស្សីបច្ចុប្បន្នមានវ៉ាក់សាំងកូវីដ១៩ចំនួន ៣ ប្រើសម្រាប់មនុស្សដែលត្រូវបានគេស្គាល់ច្បាស់ជាងគេគឺ Sputnik V ដោយយកឈ្មោះតាម Sputnik ជាផ្កាយរណបដំបូងបង្អស់របស់ពិភពលោក ដែលបង្ហោះដោយសហភាពសូវៀត។ ហើយនិង ២ប្រភេទទៀតមានឈ្មោះថា EpiVacCorona និង CoviVac។
ក្រុមអ្នកឃ្លាំមើលបាននិយាយថា វ៉ាក់សាំងសម្រាប់សត្វដែលអភិវឌ្ឍដោយមជ្ឈមណ្ឌលសហព័ន្ធសម្រាប់សុខភាពសត្វរបស់ Rosselkhoznadzor ត្រូវបានគេដាក់ឈ្មោះថា Carnivac-Cov។
បើតាមលោក Konstantin Savenkov អនុប្រធានរបស់ Rosselkhoznadzor បានមានប្រសាសន៍ថា «ការសាកល្បងសម្រាប់វ៉ាក់សាំង Carnivac-Cov បានចាប់ផ្តើមកាលពីខែតុលាទៅលើសត្វឆ្កែ, ឆ្មា, កញ្ជ្រោង, កញ្ជ្រោងទឹកកក, ស្ការ រួមនិងសត្វផ្សេងៗទៀត»។
«ហើយជាលទ្ធផលបានអនុញ្ញាតឱ្យយើងសន្និដ្ឋានថាវ៉ាក់សាំងនេះ គ្មានគ្រោះថ្នាក់ និងមានភាពស៊ាំខ្លាំងនៅពេលសត្វទាំងនោះដែលចាក់វ៉ាក់សាំងនេះ។ ដោយបានបង្កើតអង់ទីករប្រឆាំងនឹងមេរោគបាន ១០០ភាគរយនៃករណីទាំងអស់» នេះបើតាមការបញ្ជាក់បន្ថែមពីលោក Savenkov ។
ក្រុមអ្នកឃ្លាំមើលបាននិយាយថាភាពស៊ាំមានរយៈពេល៦ខែ បន្ទាប់ពីការចាក់វ៉ាក់សាំង ប៉ុន្តែក្រុមអ្នកអភិវឌ្ឍន៍កំពុងតែបន្តវិភាគលើបញ្ហានេះបន្ថែមទៀត។ ហើយការប្រើប្រាស់វ៉ាក់សាំងនេះ បើយោងតាមការបញ្ជាក់ពីអ្នកវិទ្យាសាស្ត្ររុស្ស៊ីបានឱ្យដឹងថា វាមានសមត្ថភាពអាចការពារការវិវត្តនៃការផ្លាស់ប្តូរមេរោគ។
Rosselkhoznadzor បានអះអាងថា ការផលិតវ៉ាក់សាំងនេះ អាចចាប់ផ្តើមនៅដើមខែមេសានេះផ្ទាល់តែម្តង។ ហើយមកទល់នឹងពេលនេះ កន្លែងចិញ្ចឹមសត្វ និងក្រុមហ៊ុនឯកជនមកពីប្រទេសរួមមានក្រិក, ប៉ូឡូញ, អូទ្រីស, សហរដ្ឋអាមេរិក, កាណាដា និងសិង្ហបុរី បានបង្ហាញចំណាប់អារម្មណ៍លើវ៉ាក់សាំង Carnivac-Cov នេះ៕
ចែករំលែកព័តមាននេះ