ខេត្តតាកែវ ៖ ភ្លើងកំហឹងរួមផ្សំនឹងជាតិស្រវឹងក្នុងខ្លួនផងនោះ ធ្វើឱ្យបុរសជាដន្លងនឹងគ្នាម្នាក់ត្រូវស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្ខាងទៀតត្រូវចាប់ខ្លួន និងកូនៗដៃដល់រត់គេចខ្លួន ។ ហេតុការណ៍នឹកស្មានមិនដល់នេះ កើតឡើងខណៈពេលដែលដន្លងពីរនាក់កំពុងអង្គុយផឹកស៊ីជាមួយគ្នា ក៏មានទំនាស់កើតឡើង ធ្វើឱ្យភាគីម្ខាងរត់ទៅហៅកូនប្រុសរបស់ខ្លួន៣នាក់ យកពូថៅ និងគល់ឫស្សីមកព្រួតគ្នាកាប់និងវាយទៅលើជនរងគ្រោះដែលជាដន្លងរបស់ខ្លួនរហូតដល់ស្លាប់នៅក្នុងថ្លុកឈាម ។
បន្ទាប់មក ពួកគេក៏នាំគ្នារត់គេចខ្លួនបាត់អស់ ដោយទៅលាក់ខ្លួននៅក្នុងព្រៃលើភ្នំ លុះពេលចុះពីភ្នំមករកថ្នាំលាបរបួសឱ្យកូនដោយសារពស់ចឹក ក៏ត្រូវប៉ូលិសចាប់ខ្លួនបានតែម្តង ។ ហេតុការណ៍ដន្លងវាយសម្លាប់គ្នា ព្រោះតែមានទំនាស់គ្នារឿងជំពាក់ប្រាក់បន្តិចបន្តួច ខណៈពេលអង្គុយស៊ីផឹកជាមួយគ្នានេះ បានកើតឡើងនៅថ្ងៃបុណ្យចូលឆ្នាំថ្មីថ្ងៃទី១៥ មេសា វេលាម៉ោង៩និង៥៥នាទីយប់ នៅក្នុងចម្ការលើភ្នំទទឹង ក្នុងភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ។ លោកវរសេនីយ៍ត្រី យុក សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានឱ្យដឹងថា ជនល្មើសជាដន្លងដែលបាននាំកូន៣នាក់មកវាយ និងកាប់សម្លាប់ជនរងគ្រោះដែលជាដន្លងរបស់ខ្លួន ហើយត្រូវប៉ូលិសចាប់ខ្លួនបាននេះឈ្មោះ ណន់ ទិត ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិព្រាល ឃុំសោម ។ ជននេះត្រូវបានចាប់ខ្លួននៅពេលចុះពីលើភ្នំមករកថ្នាំព្យាបាលកូនប្រុសរបស់គេដែលត្រូវពស់ចឹក កាលពីថ្ងៃទី១៧ មេសា វេលាម៉ោង៧និង៣០នាទីព្រឹក ស្ថិតក្នុងភូមិព្រាល ឃុំសោម ។ ចំណែកជនរងគ្រោះឈ្មោះ ឆែម សុធី ហៅម៉ុស ភេទប្រុស អាយុ៤៤ឆ្នាំ ត្រូវជនដៃដល់ ជាឪពុក-កូន៤នាក់ យកពូថៅកាប់ក្បាលជាច្រើនកន្លែង និងវាយនឹងគល់ឫស្សីបណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាម ។
លោកអធិការនគរបាលស្រុក បន្តទៀតថានៅមុនពេលកើតហេតុ ជនរងគ្រោះនិងជនល្មើសដែលត្រូវជាដន្លងនឹងគ្នា បានអង្គុយស៊ីផឹកជាមួយគ្នា នៅពេលនោះជនរងគ្រោះបានទារលុយដែលជនល្មើសជំពាក់ ទើបបណ្តាលឱ្យមានទំនាស់កើតឡើង ហើយជនរងគ្រោះក៏បានដាល់ជនល្មើសមួយដៃចំមុខ ។ ដោយសារភ្លើងកំហឹង ជនល្មើសក៏មកផ្ទះហៅកូនប្រុសចំនួន៣នាក់ គឺឈ្មោះ ទិត ខន អាយុ៣១ឆ្នាំ ឈ្មោះ ទិត ខាន់ អាយុ២០ឆ្នាំ និងឈ្មោះ ទិត លី អាយុ១៧ឆ្នាំ កាន់ពូថៅ២ និងគល់ឫស្សី១ ទៅកាប់និងវាយសំពងជនរងគ្រោះរហូតដល់ស្លាប់ រួចហើយក៏រត់គេចខ្លួន ។ នៅចំពោះមុខប៉ូលិស ជនឈ្មោះ ណន់ ទិត សារភាពថា រូបគេពិតជាបានព្រួតគ្នាវាយនិងកាប់ទៅលើដន្លងរបស់ខ្លួនរហូតបណ្តាលឱ្យស្លាប់ប្រាកដមែន ។ លោកវរសេនីយ៍ទោ សែម សុជាតិ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឱ្យដឹងថា ជនល្មើសនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីកាត់ទោសទៅតាមច្បាប់ ។ ចំណែកកូន៣នាក់ទៀតដែលកំពុងគេចខ្លួននោះ នគរបាលកំពុងស្រាវជ្រាវតាមចាប់ខ្លួន ព្រោះជនល្មើសទាំង៣នាក់ដែលរត់គេចខ្លួននោះ មានម្នាក់របួសដោយពស់ចឹក មិនយូរទេ នគរបាលនឹងចាប់ខ្លួនយកមកផ្តន្ទាទោសឱ្យខាងតែបាន ។
សូមបញ្ជាក់ថា រវាងដន្លងទាំងពីរនាក់ គឺបុរសត្រូវចាប់ខ្លួនមានកូនប្រុសឈ្មោះ ទិត ខាន់ ដែលជាជនល្មើសក្នុងចំណោមឪពុក និងបងប្អូន២នាក់ទៀត ចំណែកបុរសដែលស្លាប់ជាឪពុកខាងកូនស្រី ៕
ចែករំលែកព័តមាននេះ