ខេត្តកំពង់ធំ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនារសៀលថ្ងៃទី១៧ មេសា ២០១៤ ខណៈដែលយុវជនម្នាក់ បានលង់ទឹកស្លាប់នៅរមណីដ្ឋាន ១ មករា ( ស្ទឹងជីនិត) ។
យុវជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ឡូត សំណាង ភេទប្រុសអាយុ២០ រស់នៅភូមិតាំងក្រង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលថា មានមនុស្សលង់ទឹកមួយសន្ទុះក្រោយមកជនរងគ្រោះត្រូវគេស្រង់ឡើងលើគោកដឹកយកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកបារាយណ៏ដើម្បីជួយសង្គ្រោះអាយុជីវិត តែគួរឲ្យអនិច្ចាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតាំងពីនៅក្នុងទឹកមកម្ល៉េះ ហើយក៏ត្រូវបានសាច់ញាតិដឹកសពជនរងគ្រោះយកទៅស្រុកធ្វើបុណ្យតាមប្រពៃណីជាតិ។
ទាក់ទៅនឹងបញ្ហានេះ លោកប៉ែន ម៉ានី អាយុជាង៥០ឆ្នាំ រស់នៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៏ ដែលគេស្គាល់ថាជាម្ចាស់គ្រប់គ្រងនៅរមណីយដ្ឋាន ១ មករា ខាងលើ បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា ពិតជាមានមនុស្សលង់ទឹកពិតមែន ហើយត្រូវបានមិត្តភ័ក្តិដឹកយកទៅសង្គ្រោះ លោកមិនដឹងថាស្លាប់ ឬ ក៏រស់នោះទេ ។ ការលើកឡើងរបស់ថៅកែរមណីដ្ឋានបែបនេះ ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថាគឺជាសម្តីមិនទទួលខុសត្រូវ ។
គួរបញ្ជាក់ថា រមណីយដ្ឋាន១មករានេះពីដើមឡើយគឺជាទំនប់១មករា ដែលជីកនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ( ប៉ុល ពត ) បន្ទាប់មកត្រូវបានគេកែច្នៃធ្វើជារមណីយដ្ឋាន១មករា (ស្ទឹងជីនិត)នេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃស្រង៉ែ ឃុំបល្ល័ង្គ ស្រុកបារាយណ៏ ។
ដោយឡែកបើតាមនគរបាលស្រុកស្រុកបារាយណ៏បានឲ្យដឹងផងដែរថា ករណីដែលមានមនុស្សលង់ទឹកស្លាប់នៅរមណីយដ្ឋាន ១ មករានេះ មិនមែនជាលើកទី១នោះទេ គឺជាលើកទី៤មកហើយ ហើយឧបទ្ទវហេតុនេះបានកើតឡើងជាប់ៗគ្នាជារៀងរាល់ឆ្នាំ ។ ករណីទី១នៅថ្ងៃទី១៦ មេសា ២០១១(រដូវចូលឆ្នាំ) ស្លាប់១នាក់ ប្រុស,ករណីទី២ នៅថ្ងៃទី១៣ តុលា ២០១២ (រដូវភ្ជុំបិណ្ឌ) ស្លាប់១នាក់ ប្រុស ជនរងគ្រោះទាំង២នាក់ រស់នៅឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ករណីទី៣កើតហេតុនៅថ្ងៃទី០៤ តុលា ២០១៣ (រដូវភ្ជុំបិណ្ឌ) ស្លាប់១នាក់ ឈ្មោះ រ៉ុង គីហួត ភេទប្រុសអាយុ ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំទ្រាល ស្រុកបារាយណ៏ រហូតដល់ថ្ងៃទី០៦ ខែឆ្នាំដដែលទើបរកសពឃើញ និងករណីទី៤នេះកើតហេតុនៅថ្ងៃទី១៧ មេសា ២០១៤ ពោលគឺមួយថ្ងៃក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្លាប់១នាក់ទៀត ឈ្មោះ ឡូត សំណាង ខាងលើនេះតែម្តង ។
ប្រជាពលរដ្ឋនាំគ្នានិយាយថា បើតាមជំនឿអរូបិយ រមណីយដ្ឋាន១មករា ខាងលើនេះគឺពិតជាមានព្រលឹងខ្មោចតៃហោង ឬ ព្រាយអសូរិកាយចាំឆក់យកជីវិតមនុស្សឲ្យមកនៅចាំយាមក្នុងទឹកខាងលើនេះហើយ បានជាតែងតែមកយាយីឆក់យកជីវិតមនុស្សម្នាក់ក្នុង១ឆ្នាំៗជាប់គ្នាជារៀងរាល់ឆ្នាំ ។ ដូច្នេះសូមប្រជាពលរដ្ឋដែលទៅលេងនៅរមណីដ្ឋាន១មករា សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិតដូចករណីខាងលើ ៕
ចែករំលែកព័តមាននេះ