មិនមាននរណាម្នាក់ដែលចង់ធ្វើការឲ្យក្រុមហ៊ុនតែមួយអស់មួយជីវិតទេ ព្រោះមនុស្សតែងតែស្វែងរកឱកាសក្នុងការអភិវឌ្ឍន៍ខ្លួន និងជំនាញខ្លួនបន្តជាដើម ។ លើសពីនេះទៅទៀតក្រុមហ៊ុនដទៃតែងតែផ្តល់មូលហេតុល្អៗសម្រាប់ទាក់ទាញបុគ្គលិកពីក្រុមហ៊ុនដទៃ ហើយកត្តាដែលសំខាន់ជាងគេ គឺកត្តាប្រាក់បៀវត្ស ។
លោក John Rampton ដែលជាសហគ្រិនមួយរូបបានចែករំលែកថា ប្រសិនបើអ្នកជាបុគ្គលិកធ្វើការឲ្យអ្នកដទៃអ្នកប្រហែលជាគួរប្តូរការងាររៀងរាល់ពីរឆ្នាំម្តង ។ លោកបានបន្តទៀតថា គំនិតនេះទាក់ទិននឹងការយល់ច្បាស់ពីតម្លៃដែលខ្លួនមាន ។
វាមិនមែនមានន័យថា អ្នកត្រូវគណនាពីតម្លៃដោយបូកបញ្ចូលចំណេះដឹង បទពិសោធន៍ និងជំនាញដែលអ្នកទទួលបានអស់ជាច្រើនឆ្នាំមកទេ ប៉ុន្តែវាទាក់ទិននឹងការដឹងច្បាស់ថាអ្នកគួរទទួលបានប្រាក់បៀវត្ស ឬថ្លៃសេវាប៉ុន្មាន? ព្រោះតែប្រទេសកម្ពុជាមិនទាន់មានការស្រាវជ្រាវ ដែលអ្នកអាចពឹងផ្អែកលើបាន អ្នកអាចសាកល្បងស៊ើបសួរអ្នកដទៃដែលធ្វើការក្នុងវិស័យជាដើម។
ព្រោះតែបុគ្គលិកដែលមានជំនាញ និងទេពកោសល្យជាធនធានដ៏មានតម្លៃរបស់ក្រុមហ៊ុន ក្រុមហ៊ុនជាច្រើន តែងតែផ្តល់អត្ថប្រយោជន៍ផ្សេងៗ ដើម្បីរក្សាបុគ្គលិកដែលពួកគេត្រូវការ ។ ប៉ុន្តែការសង្កេតមួយចំនួនបានបង្ហាញឲ្យឃើញថា បុគ្គលិកខ្លះនៅតែចាកចេញពីក្រុមហ៊ុន ដែលផ្តល់អត្ថប្រយោជន៍ដល់ពួកគេច្រើន ដើម្បីជ្រើសរើសស្ថាប័នដែលជួយកំណត់ទិសដៅក្នុងអាជីពរបស់ពួកគេ។
មានន័យថា តើក្រុមហ៊ុនរបស់អ្នកអាចជួយឲ្យបុគ្គលិកចេះកំណត់គោលដៅសម្រាប់អាជីពរបស់ខ្លួនទេ? ហើយក្រុមហ៊ុនរបស់អ្នកមានធនធានគ្រប់គ្រាន់ក្នុងការជួយបុគ្គលិកខ្លួនឲ្យសម្រេចគោលដៅទាំងនោះឬទេ ?
ចំណុចមួយដែលអ្នកគួរកត់សម្គាល់ គឺមនុស្សអាចផ្លាស់ប្តូរបាន ។ ក្នុងដំណាក់កាលមួយនៃជីវិត អ្នកប្រហែលជាផ្តល់អាទិភាពលើលុយ និងសន្តិសុខ ប៉ុន្តែក្នុងដំណាក់កាលមួយទៀត អ្នកអាចផ្តល់អាទិភាពលើឥទ្ធិពលដែលអាជីវកម្មអាចជះលើសហគមន៍ជាដើម ។ ដូច្នេះអ្នកគួរមានសមត្ថភាពក្នុងការផ្លាស់ប្តូរ និងគ្រប់គ្រងដំណើរអាជីពរបស់អ្នកដោយមានសេរីភាព ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ