ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់មនុស្ស០១នាក់ស្លាប់ និង១៧នាក់ទៀតរងរបួសធ្ងន់និងស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសដើរលេងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមីឆស័ក ពស២៥៥៨ គស២០១៤ នៅខេត្តពោធិ៍សាត់។
តាមរបាយការណ៍ដែលផ្ដល់ដោយលោកវរសេនីយ៍ត្រី រស់ ចំរើន ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តឲ្យដឹងថា ក្នុងរយៈពេល០៤ថ្ងៃ គិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ នៅខេត្តពោធិ៍សាត់មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៩ករណី បណ្ដាលឲ្យស្លាប់០១នាក់ របួសធ្ងន់១១នាក់ និងស្រាល០៦នាក់។ គ្រោះថ្នាក់ចរាចរណ៍ទាំង០៩លើកនេះបានធ្វើឲ្យខូចខាតរថយន្តតូច០១គ្រឿងនិងម៉ូតូ១៤គ្រឿង មូលហេតុអ្នកបើកបរមិនប្រកាន់ស្ដាំ បើកបរក្នុងល្បឿនលឿនហួសកំណត់ ជែងគ្នា ស្រវឹងស្រា និងឪពុកម្ដាយឫអាណាព្យាបាលបណ្ដែតបណ្ដោយឲ្យក្មេងដើរឆ្លងកាត់ផ្លូវ។
លោកវរសេនីយ៍ត្រី រស់ ចំរើន ឲ្យដឹងដែរថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ២០១៤នេះកើនឡើងលើសឆ្នាំ២០១៣ចំនួន០២លើក ៕
ចែករំលែកព័តមាននេះ