ខេត្តកំពង់ធំ ៖ លោក អ៊ុត សំអន អភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធី សម្ភោធការិយាល័យអធិការរដ្ឋាននគរបាល ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលពីថ្ងៃទី១០ខែមេសាឆ្នាំ២០១៤ បន្ទាប់ពីលោក អ៊ឹម ថន អភិបាលស្រុកបានអានមតិស្វាគមន៏ និងរបាយការណ៏ ស្តីអំពីសមិទ្ធិផលមួយចំនួន ដែលស្រុកសម្រេចបានរួចមក។
លោក វរៈសេនីយ៏ត្រី ខេន ឈុនគ័រ អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានអានរបាយការស្វាគមន៏ ស្តីពីសភាពការណ៏កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសមិទ្ធិផលនានា រយៈពេល១ឆ្នាំ ក្នុងឆ្នាំ២០១៣កន្លងមកដែលអធិការដ្ឋាននគរបាល ស្រុកកំពង់ស្វាយសម្រេចបានជោគជ័យ ដោយមានការសហការគ្នាបានល្អ រវាងកងកម្លាំងប្រដាប់អាវុធទាំង៣ បានបង្ការទប់ស្កាត់និងបង្ក្រាបបាន ទាន់ពេលវេលានូវអំពើអសកម្មទាំងឡាយដែលកើតមានឡើងនៅក្នុងភូមិសាស្រ្តទូរទាំងស្រុក ធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសើរ ។
លោក ឧត្តម សេនីយ៏ត្រី ផាន់ សុផេង ទីប្រឹក្សាឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជា ស្នងការនៃស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ បានមានប្រសាសន៏កោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការ ខិតខំប្រឹងប្រែងការពារ បានល្អប្រសើរនូវសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋទូរទាំងស្រុក ក្នុងនោះដែរអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានខិតខំរិះរកជំនួយពីសប្បុរសជនគ្រប់ ទិសទីមកកសាង នៅក្នុងអធិការដ្ឋានរបស់ខ្លួននូវសមិទ្ធិផលជាច្រើនជាពិសេសគឺការិយាល័យសម្រាប់ធ្វើការ ១ខ្នង ធ្វើឡើងអំពីថ្មប្រក់ក្បឿង ដែលមានបណ្តោយ (២៦ម X ៨ម), បន្ទប់ទឹក, រោងដាក់រថយន្ត, ..ល។សរុបទឹកប្រាក់អស់ជាង៦ម៉ឺនដុល្លាអាមេរិច ឆ្លៀតក្នុងឳកាសនេះដែរ លោកស្នងការបានសំនូមពរដល់លោកអធិការគ្រប់ស្រុក ក្រុងសូមឲ្យកសាងស្នាដៃ ដោយយកតម្រាប់តាមអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយធ្វើឲ្យមានមោទនៈភាព សម្រាប់កងកម្លាំងនគរបាលជាតិ ។
លោក អ៊ុត សំអន បានអញ្ជើញមានប្រសាសន៏សំណេះសំណាលថា ក្នុងនាមអាជ្ញាធរខេត្តខ្ញុំសូមសម្តែងនូវការវាយតម្លៃដ៏ខ្ពង់ខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរស្រុក លោកអធិការដ្ឋាននគរបាល ស្រុកកំពង់ស្វាយនិងមន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានជួយជ្រោមជ្រែង កសាងនូវអាគារការិយ់ាល័យ១ខ្នងនេះឡើង ដោយមិនចាំបាច់មានជំនួយពីសាលាខេត្តនិងពីរាជរដ្ឋាភិបាលនោះឡើយ។ ទាំងអស់នេះសរបញ្ជាក់ឲ្យឃើញពីឧត្តមគតិខ្ពស់ក្នុងការរកជំនួយពីសប្បុរសជន មកកសាងការិយាល័យរហូតសម្រេចបានលទ្ធិផលគួរឲ្យមោទនៈ និងមានប្រគល់ជូននូវប័ណសរសើរ ដល់មន្ត្រីនគរបាលស្រុកដែលមានស្នាដៃ ។
ជាចុងក្រោយគណៈអធិបតីបាន អញ្ជើញកាត់ខ្សែរបូរ សម្ភោធបើកឲ្យប្រើប្រាស់នូវអាគារការិយាល័យអធិការដ្ឋាននគរបាល ស្រុកកំពង់ស្វាយចាប់ពីថ្ងៃនេះតទៅ ។
ចែករំលែកព័តមាននេះ