រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវនគរបាលខណ្ឌសែនសុខ ស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនបានជាបន្តបន្ទាប់ក្រោយពេលពួកគេធ្វើសកម្មភាពប្លន់ជនរងគ្រោះជាមិត្តភក្តិយកម៉ូតូសេ៊រីទំនើបមួយគ្រឿងកាលពីជាង១០ថ្ងៃមុន នៅសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ហើយនាំគ្នាមកពួនសម្ងំនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានពីនគរបាលខណ្ឌសែនសុខឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង២នាក់ខាងលើ គឺជនសង្ស័យឈ្មោះ រ័ត្ន មុនីកែវ ភេទប្រុស អាយុ២០ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនមួយ មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ មេសា ខណៈជននេះកំពុងធ្វើដំណើរនៅក្នុងទឹកដីសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ក្រោយពីសាកសួរជនសង្ស័យខាងលើរួចមក នៅព្រឹកថ្ងៃទី១០ មេសា ដដែល ក៏បានឈានទៅចាប់បក្សពួកម្នាក់ទៀតឈ្មោះ រិទ្ធិ នៅក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ទោះជាបែបណា សមត្ថកិច្ចមិនទាន់បានបង្ហើបពីជនពាក់ព័ន្ធបន្តទៀត ក្នុងអំពើប្លន់យកម៉ូតូជនរងគ្រោះខាងលើ ដែលសមត្ថកិច្ចកំពុងតែតាមប្រមាញ់នោះទេ ។
គួររំលឹកថា កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០១៤ ម្ចាស់ម៉ូតូឈ្មោះ ជា ចាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥២ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានស្គាល់គ្នាជាមួយជនសង្ស័យទាំង២នាក់ គឺឈ្មោះ រ័ត្ន មុនីកែវ និងឈ្មោះ រិទ្ធិនៅចំណុចផ្លូវ SOS សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ពេលនោះ ជនសង្ស័យទាំង២នាក់ បានឱ្យម្ចាស់ម៉ូតូឌុបទៅកាន់សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។ ពេលទៅដល់ចំណុចខាងលើក៏បានឱ្យជនរងគ្រោះឈប់ម៉ូតូ ហើយយកដុំថ្មគំរាមវាយដើម្បីឱ្យប្រគល់ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ឱ្យទៅពួកខ្លួន ។
លុះពេលជនរងគ្រោះប្រគល់ឱ្យហើយ ជនសង្ស័យទាំង២នាក់ក៏បានជិះម៉ូតូដែលប្លន់យកនោះត្រទ្បប់មកវិញ ដោយទុកម្ចាស់ម៉ូតូចោលនៅចំណុចកើតហេតុ ៕
ចែករំលែកព័តមាននេះ