រាជធានីភ្នំពេញ ៖ បុរសចិត្តនៅចុងច្រមុះម្នាក់ដែលទើបការប្រពន្ធបាន៧ខែ ដោយសារឈឺចាប់នឹងសម្តីប្រពន្ធដែលស្តីបន្ទោសថា «យកប្តីខុសមួយជីវិត» ក៏រត់ទៅយកថ្នាំទឹកនោមផ្អែមរបស់ម្តាយលេបអស់៤០គ្រាប់ប៉ងធ្វើអត្តឃាត។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ មេសា នៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប៉ុន្តែរហូតដល់ម៉ោង៦ល្ងាច ទើបបញ្ជូនមកដល់មន្ទីរពេទ្យព្រះកុសុមៈ ។
បុរសដែលលេបថ្នាំប៉ងធ្វើអត្តឃាតនេះឈ្មោះ សឿន ថន អាយុ២២ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅក្នុងភូមិខាងលើ មានប្រពន្ធឈ្មោះ សុខ លីម អាយុ២៤ឆ្នាំ ជាកម្មការិនីរោងចក្រ ធ្វើការជាមួយគ្នា ។ អ្នកទាំងពីរនាក់ស្រឡាញ់គ្នាចិត្តនិងចិត្ត រួចទើបឱ្យឪពុកម្តាយចូលស្តីដណ្តឹងរៀបការតាមប្រពៃណីបានរយៈពេល៧ខែមកហើយ ។ បើតាមសាច់ញាតិឱ្យដឹងថា ពេលរៀបការហើយប្តីប្រពន្ធនេះរស់នៅផ្ទះម្តាយខាងប្រុស ដើម្បីនៅធ្វើការរោងចក្រទាំងពីរនាក់ ប៉ុន្តែដោយសារប្រពន្ធគិតថា ធ្វើការទាំងពីរនាក់អត់សល់លុយកាក់ ម៉្យាងទៀតប្រពន្ធប្រចណ្ឌប្តីមិនចង់ឱ្យធ្វើការជាមួយស្រីៗច្រើនផង ក៏ឱ្យប្តីឈប់ធ្វើការ និងទៅរស់នៅផ្ទះខាងស្រីវិញ ឯប្រពន្ធនៅធ្វើការរោងចក្រដដែល ហើយឱ្យប្តីជិះម៉ូតូឌុបខ្នើយ កន្ទេល ដើរលក់វិញម្តង ។
ហេតុតែប្តីមិនមានជំនាញខាងរកស៊ី ថ្វីដ្បិតខំជិះដឹកដើរលក់ដែរតែលក់អត់ដាច់សោះ ធ្វើឱ្យអ្នកទាំងពីរនាក់តែងឈ្លោះប្រកែកគ្នា ហើយប្រពន្ធស្តីបន្ទោសប្តីថា បើដឹងថាឯងអត់ចេះរកស៊ី កុំអីមិនយកឯងធ្វើប្តីទេ យកឯងធ្វើប្តីគឺខុសមួយជីវិត ។ ពេលឮប្រពន្ធស្តីបន្ទោសថា យកប្តីខុសមួយជីវិត ក៏នឹកតូចចិត្តនឹងជីវិត ហើយដោយខឹងប្រពន្ធពេកក៏រត់ទៅផ្ទះម្តាយខ្លួនវិញ ដែលពេលទៅដល់ផ្ទះបានយកថ្នាំទឹកនោមផ្អែមរបស់ម្តាយលេបអស់៤០គ្រាប់ប៉ងធ្វើអត្តឃាត ។ ពេលលេបថ្នាំអស់ហើយ ត្រូវម្តាយឃើញមានសភាពមិនប្រក្រតីក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី ដើម្បីជួយសង្គ្រោះជីវិត តែមិនបានធូរស្រាល ក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ឯរាជធានីភ្នំពេញបន្តទៀត ។
ជីវិតគ្រួសារ មិនមែនចេះតែរលូនទៅនោះទេ គឺត្រូវប្រឈមនឹងបញ្ហាច្រើនណាស់ ហើយការឈឺចាប់នឹងពាក្យសម្តីរបស់មនុស្សម្នាក់ គួរតែធ្វើឱ្យការឈឺចាប់នោះ ប្រែក្លាយទៅជាការខំប្រឹងប្រែងដើម្បីទទួលបានជោគជ័យវិញទើប ប្រសើរ ។ តើមានប្រយោជន៍អ្វីបើធ្វើអត្តឃាតនោះ សូម្បីតែព្រះក៏មិនអាចប្រោសបានផង ៕
ចែករំលែកព័តមាននេះ