ចេះ​សុ​បិ​ន្ត ចេះ​ស្គាល់​ការ​ពិត​រកស៊ី​មិន​ក្រ​ទេ


ក្នុង​សង្គម​យើង​នេះ យើង​អាច​សង្កេត​ឃើញ​ថា មនុស្ស​មួយ​ចំនួន​ពូកែ​ស្រមើល​ស្រ​ម៉ៃ ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​ទៀត​ចូល​ចិត្ត​គិត​អ្វី​តាម​តថភាព​ជាក់ស្តែង ។ ប៉ុន្តែ​មហាសេដ្ឋី Ray Dalio ដែល​ជា​ស្ថាបនិក​របស់ Bridgewater Associates គិត​ថា មនុស្ស​ត្រូវការ​គុណសម្បត្តិ​ទាំង​ពីរ​នេះ​ទើប​អាច​ជោគជ័យ​បាន​។ លោក​បាន​បកស្រាយ​ថា អ្នក​ដែល​មាន​ក្តី​សុបិន​ត្រូវការ​គំនិត​បែប​ពិត​និយម ទើប​អាច​ជួយ​ឲ្យ​ពួក​គេ​សម្រេច​គោលដៅ​ខ្លួន​បាន ព្រោះ​វា​ជួយ​ឲ្យ​អ្នក​ជ្រើសរើស​ក្តី​សុបិន​បាន​ត្រឹមត្រូវ រួច​សម្រេច​វា​ឲ្យ​ក្លាយជា​ការ​ពិត​។

លោក Dalio បាន​ចែករំលែក​លើ Facebook របស់​លោក​ថា ការ​យល់​ដឹង​ទទួលស្គាល់ និង​ធ្វើការ​ជាមួយនឹង​តថភាព​ជាក់ស្តែង គឺ​ពិតជា​សំខាន់​ណាស់ ផ្ទុយ​ពី​អ្នក​ដែល​មាន​ក្តី​សុបិន ប៉ុន្តែ​មិន​ដែល​ធ្វើ​សកម្មភាព​អ្វី ដើម្បី​ព្យាយាម​សម្រេច​វា​ឡើយ ។

ចូរ​កត់សម្គាល់​ដែរ​ថា លោក Dalio មិន​រិះគន់​ការ​ចេះ​ស្រមើល​ស្រ​ម៉ៃ ឬ​ការ​មាន​ក្តី​សុបិន​ទេ ។ ផ្ទុយ​មក​វិញ លោក​គិត​ថា ក្តី​សុបិន គឺជា​កត្តា​ដែល​ជួយ​ឲ្យ​ជីវិត​មនុស្ស​មាន​ន័យ ។ ប៉ុន្តែ​លោក​បាន​បក​ស្រា​ថា មនុស្ស​ដែល​បង្កើត​បាន​អ្វី​ថ្មី​ៗ និង​ទទួល​បាន​ភាព​ជោគជ័យ គឺ​មិនមែន​ជា​មនុស្ស​ដែល​តែងតែ​ស្រមើល​ស្រ​ម៉ៃ​ទេ តែ​ពួក​គេ​ជា​មនុស្ស​ដែល​យល់​ច្បាស់​ពី​តថភាព​ជាក់ស្តែង​។ ការ​ស្រមើល​ស្រ​ម៉ៃ​ពី​ភាព​ជោគជ័យ គឺ​មាន​ប្រសិទ្ធិ​ភាព​ពេល​ដែល​មនុស្ស​ស្រមើល​ស្រ​ម៉ៃ​ឃើញ​ឧបសគ្គ​ពិត​ជាក់ស្តែង ដែល​ពួក​គេ​អាច​នឹង​ជួប ខណៈ​ដែល​ពួក​គេ​ព្យាយាម​សម្រេច​គោលដៅ​ទាំងនោះ ។

ប្រាកដ​ណាស់ លោក Dalio មិនមែន​ជា​អ្នកដឹកនាំ​មួយ​រូប​ដែល​មាន​ទស្សនៈ​ដូច្នេះ​ទេ ។ លោក Tim Cook ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Apple បាន​ចែករំលែក​ថា ពេល​ដែល​ស្វែងរក​បុគ្គលិក លោក​តែងតែ​រក​មនុស្ស​ដែល​មិន​សប្បាយ​ចិត្តនឹង​អ្វី​ដែល​កំពុង​កើត​មាន​ឡើង ឬអ្វី​ដែល​សង្គម​មាន​ក្នុង​ពេល​បច្ចុប្បន្ន និង​មានការ​ប្តេជ្ញា​ចង់​ផ្លាស់​ប្តូរ​ពិភពលោក​។

ប៉ុន្តែ​លោក Cook បាន​បន្ថែម​ទៀត​ថា សមត្ថភាព​ក្នុង​ការ​ស្រមើល​ស្រ​ម៉ៃ គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដូច​លោក ប៉ុន្តែ​សមត្ថភាព​ក្នុង​ការ​តស៊ូ និង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សម្រេច​គោលដៅ​ទាំងនោះ​ក៏​សំខាន់​ដូច​គ្នា​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ