រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក សម រង្សុី ប្រធានគណបក្សសង្គ្រោះជាតិ ដោយការឆ្លើយឆ្លងគ្នាតាមទូរស័ព្ទនេះ មានរយៈពេលប្រមាណ៤៥នាទី នាព្រឹកថ្ងៃទី៩ មេសា ។
នេះបើយោងតាមមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលត្រូវបានគេហទំព័រមួយស្រង់ប្រសាសន៍មកចេញផ្សាយនៅថ្ងៃពុធទី៩ មេសា ។ លោក ជាម យៀប មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភានីតិកាលទី៥ មិនអាចទាក់ទងតាមទូរស័ព្ទដើម្បីសុំសេចក្ដីអត្ថាធិប្បាយបន្ថែមបានទេ នៅរសៀលថ្ងៃទី៩ មេសា នោះដោយទូរស័ព្ទរបស់លោកទទួលការហៅចូល តែពុំមានអ្នកលើកទទួល ។
បើយោងតាមលោក អេង ឆៃអ៊ាង ការជួបសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំកំពូលនៃគណបក្សទាំងពីរដែលទទួលបានអាសនៈសភាក្នុងនីតិកាលទី៥នាពេលនេះ គឺជាការជួបគ្នាក្រៅផ្លូវការតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាក៏ដោយ លោក អេង ឆៃអ៊ាង បានបញ្ជាក់ដែរថា កិច្ចពិភាក្សាគ្នាតាមទូរស័ព្ទរយៈពេល៤៥នាទីនេះ មេដឹកនាំទាំងពីរបានផ្តោតសំខាន់ទៅលើការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មុនអាណត្តិ ការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ ។ កាលពីថ្ងៃទី៧ មេសា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ជាសាធារណៈថា ការចរចាតាមបែបទូលាយរវាងក្រុមការងារគណបក្សទាំងពីរមើលទៅហាក់ដូចជាជាប់គាំង បុ៉ន្តែការចរចាសម្ងាត់រវាងមេដឹកនាំនៃគណបក្សទាំងពីរបានប្រព្រឹត្តទៅដោយរលូន នៅសល់តែចំណុចតូចមួយបុ៉ណ្ណោះដែលនឹងត្រូវបន្តពិភាក្សាគ្នា ។
បើតាមសម្តេចតេជោ ហ៊ុន សែន គណបក្សទាំងពីរអាចនឹងស្រុះស្រួលគ្នានៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ៕
ចែករំលែកព័តមាននេះ