ខេត្តប៉ៃលិន ៖ ក្មេងប្រុសម្នាក់ត្រូវបានឪពុកម្តាយ ដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈដែលរូបគេងើបពីដំណេកក្នុងខ្ទមចាំចម្ការ ពេលព្រឹកទាំងសភាពមមីងមមាំង បម្រុងដើរទៅលប់លាងមុខមាត់ ។ ស្រាប់តែដើរជាន់កន្ទុយអុសក្នុងចង្ក្រាន ដែលម្តាយរបស់ខ្លួនកំពុងតែស្លម្ជូរពុះហុយទ្រលោម បណ្តាលឱ្យដួលទៅលើឆ្នាំងទឹកក្តៅរលាកពេញស្មា និងដៃខាងស្តាំ ឡើងពងធំៗ គួរឱ្យអាណោចអាធ័ម ។
ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី០៨ ខែមេសា ២០១៤ ស្ថិតនៅមុខខ្ទមចាំចម្ការ ត្រង់ចំណុចក្បែរបង្គោលឡាក់៦៧ ក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ។ក្មេងប្រុសរងគ្រោះដែលជាន់លើកន្ទុយអុសដួលលើឆ្នាំងសម្ល ឈ្មោះ អូន ជីវ៉ា អាយុ១០ឆ្នាំ រៀនថ្នាក់ទី៣នៃសាលាបឋមសិក្សាបរតាំងស៊ូ រងរបួសស្មា និងដៃខាងស្តាំធ្ងន់ធ្ងរមានបងប្អូន៣នាក់ ស្រី២នាក់ រស់នៅភូមិកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីស្រ្តីម្នាក់ ឈ្មោះ ម៉ន សុខឿន អាយុ៣៨ឆ្នាំ ជាម្តាយក្មេងប្រុសរងគ្រោះ បានរៀបរាប់ឱ្យដឹងថា នៅព្រឹកមុនពេលកើតហេតុ គាត់បានងើបពីដំណេកនៅវេលាម៉ោង៤និង៣០នាទីទាបភ្លឺដូចសព្វដង ដើម្បីដាំបាយ ចំអិនម្ហូបអាហារ បម្រុងនាំប្តី និ ងកូនៗហូបរួច នាំគ្នាបន្តកាប់ព្រៃរបោះដាំដំឡូងមីបន្ថែមទៀត ។ ស្រ្តីជាម្តាយបន្តទៀតថា នៅពេលគាត់បានដាំបាយឆ្អិនរួចរាល់អស់ហើយ ក៏ទាញយកឆ្នាំសម្លមកដាក់ស្លម្ជូរត្រីជាមួយនឹងស្លឹកអំពិល ហើយក៏អង្គុយរៀបចំប្រដាប់ប្រដាផ្សេងៗនៅក្បែរឆ្នាំងនោះដែរ ។ ស្រាប់ តែមួយសន្ទុះក្រោយមកកូនទី២របស់គាត់ បានងើបពីដំណេកទាំងសភាពមីងមមាំងដើរជ្រុលមុខជ្រុលក្រោយ បានមកក្បែរចង្ក្រាន រួចក៏បានដើរជំពប់ជើងជាន់កន្ទុយអុស បណ្តាលឱ្យដួលច្រត់ដៃខាងស្តាំទៅលើឆ្នាំងសម្លកំពុងពុះហុយទ្រលោមក្នុងចង្ក្រាន បណ្តាលឱ្យទឹកសម្លស្រោចទៅលើស្មា និងដៃខាងស្តាំ ស្រែកទ្រហោយំយ៉ាងខ្លាំងតែម្តង ។ គ្រាន់តែឃើញដូច្នេះភ្លាម គាត់បានស្រែកហៅប្តីដែលកំពុងសម្រាននៅក្នុងមុង ឱ្យស្ទុះទៅយកម៉ូតូនៅក្នុងខ្ទម ដើម្បីដឹកកូនរបស់ខ្លួនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗតែម្តង ។
ចំណែកលោកគ្រូពេទ្យបានរៀបរាប់ឱ្យដឹងថា ក្មេងប្រុសរងគ្រោះរលាករបួសផ្នែកខាងស្តាំ ៦០ភាគរយ បណ្តាលឱ្យពងលើស្បែកពេញស្មា និងដៃខាងស្តាំ ។ តែរហូតមកដល់ពេ លនេះក្មេងប្រុសរងគ្រោះមានសភាពធូរស្បើយជាងមុនហើយ ដោយគ្រូពេទ្យបានដាក់ថ្នាំ ត្រជាក់ និងថ្នាំផ្សះជាច្រើន ហើយប្រហែលជា៤ ទៅ៥ថ្ងៃទៀតអាចចេញទៅផ្ទះរបស់ខ្លួនវិញបានហើយ ។
បន្ទាប់មកលោកគ្រូពេទ្យបានផ្តាំផ្ញើថា ឪពុកម្តាយម្នាក់ៗ មិនត្រូវប្រហែស ចំពោះកូនៗរបស់ខ្លួននោះឡើយ ខណៈដាំបាយ ឬធ្វើម្ហូបនោះ ត្រូវដាក់កូនតូចៗរបស់ខ្លួន នៅឱ្យឆ្ងាយពីឆ្នាំងសម្ល ឬឆ្នាំងទឹកក្តៅ ដើម្បីជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ។
ចែករំលែកព័តមាននេះ