រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតក្នុងនាមប្រមុខរាជរដ្ឋាភិបាលជូនដល់ជនរួមជាតិសម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ឆស័ក ពុទ្ធសករាជ២៥៥៨ ។
ក្នុងសារលិខិតដែលនឹងត្រូវចាក់ផ្សាយជាផ្លូវការនៅព្រឹកថ្ងៃទី១៤ មេសា បានសរសេរជាអាទិ៍ថា ឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ ២៥៥៧ ដែលកន្លងផុតទៅនេះ រាជរដ្ឋាភិបាលបានអនុវត្ដប្រកបដោយជោគជ័យនូវយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី២ ដោយមិនត្រឹមតែរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សុវត្តិភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ បូរណភាពទឹកដី ស្ថិរភាពហិរញ្ញវត្ថុ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជម្នះបាននូវផលប៉ះពាល់ដោយវិបត្ដិគ្រោះទឹកជំនន់ ព្រមទាំងវិបត្ដិហិរញ្ញវត្ថុអន្ដរជាតិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបាននាំមកនូវកេរ្ដិ៍ឈ្មោះ ដែលព្រះរាជាណាចក្រកម្ពុជា ត្រូវបានវាយតម្លៃថា ជាប្រទេសទី១១ លើពិភពលោក ដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ និងជាប្រទេសទី៥ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ ព្រមទាំងស្ថិតក្នុងចំណាត់ថ្នាក់ទី១នៅអាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចបាននូវវឌ្ឍនភាពល្អប្រសើរ ក្នុងការកែលម្អសូចនាករផ្នែកសង្គមកិច្ច ជាពិសេសការកាត់បន្ថយភាពក្រីក្រក្នុងអត្រាជាង១%ក្នុងមួយឆ្នាំ ។
ព្រឹត្ដិការណ៍ដែលមានអត្ថន័យជាប្រវត្ដិសាស្រ្ដក្នុងឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ ២៥៥៧ គឺព្រះរាជាណាចក្រកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដសម្រាប់នីតិកាលទី៥ នៃរដ្ឋសភា ដែលបានប្រព្រឹត្ដទៅកាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ ។ ការបោះឆ្នោតនេះបានប្រព្រឹត្ដទៅស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ដែលត្រូវបានសាធារណមតិជាតិ និងអន្ដរជាតិវាយតម្លៃថា ជាការបោះឆ្នោតដោយសេរីយុត្ដិធម៌ សន្ដិសុខល្អ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ។ យោងតាមលទ្ធផលនៃការបោះឆ្នោតដែលចេញពីឆន្ទៈប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភាត្រូវបានបង្កើតឡើង និងបានដាក់ចេញនូវយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ដែលជារបៀបវារៈនៃគោលនយោបាយសង្គម សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលសំដៅបន្ដដឹកនាំ និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះរាជរដ្ឋាភិបាលបន្ដជំរុញអនុវត្ដឱ្យកាន់តែស៊ីជម្រៅថែមទៀត នូវកំណែទម្រង់សំខាន់ៗជាអាទិ៍ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលជាស្នូលនៃអភិបាលកិច្ចល្អ និងជាគន្លឹះក្នុងការបង្កើនប្រសិទ្ធភាពនិងភាពស័ក្ដិសិទ្ធិនៃសេវាសាធារណៈជូនប្រជាពលរដ្ឋ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្ដិធម៌ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ កិច្ចការពារបរិស្ថាន និងការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ។
មូលដ្ឋានគ្រឹះនៃកំណើន និងជាសសរទ្រូងដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជាគឺ វិស័យកសិកម្ម ផ្នែកឧស្សាហកម្មកាត់ដេរ ផ្នែកសេវាទេសចរណ៍ និងសំណង់ ។ ក្នុងឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ ២៥៥៧ កន្លងទៅ បរិមាណផលិតផលស្រូវរដូវវស្សា និងស្រូវរដូវប្រាំង សម្រេចបានជាង៩លាន៣សែនតោន និងសល់ស្រូវជាង៤លាន៧សែនតោន សម្រាប់បម្រើគោលដៅនាំចេញ ។ វិស័យវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងនៅឆ្នាំ២០១៣នេះ តម្លៃនាំចេញមានរហូតដល់ជាង៥ពាន់លានដុល្លារអាមេរិក និងមានកម្មករនិយោជិតប្រមាណជាង៦២ម៉ឺុននាក់ ទទួលបានប្រាក់ឈ្នួលសរុបប្រមាណជាង១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ។ ប្រជាពលរដ្ឋមានប្រមាណជាង២លាននាក់ផ្សេងទៀត បានទទួលប្រយោជន៍ដោយប្រយោលពីវិស័យនេះ ។ ភ្ញៀវទេសចរអន្ដរជាតិបានចូលមកព្រះរាជាណាចក្រកម្ពុជាមានចំនួនជាង៤លាន២សែននាក់ កើនឡើង១៧% ហើយទទួលបានចំណូលជាង២.៥៤៧លានដុល្លារអាមេរិក មានកំណើនប្រមាណ១៥% បើធៀបនឹងឆ្នាំ២០១២ ។ រាជរដ្ឋាភិបាលបានផ្ដល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសចំនួនជាង១.៦០០គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបប្រមាណជាង៧លាន៥សែនម៉ែត្រការ៉េ មានទឹកប្រាក់វិនិយោគសរុបប្រមាណជិត៣ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ៣២% បើធៀបនឹងឆ្នាំ២០១២ ។
ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធវិញ មកទល់នឹងបច្ចុប្បន្ននេះ ផ្លូវជាតិនិងផ្លូវខេត្តនៅទូទាំងប្រទេសមានប្រវែងសរុបជាង១២.២៣៩គីឡូម៉ែត្រ ដែលក្នុងនោះចាក់កៅស៊ូហើយមានប្រវែងជាង៥.៥៩៦គីឡូម៉ែត្រ ត្រូវនឹងប្រមាណ៤៦%នៃប្រវែងផ្លូវសរុប ។ ស្ពានឆ្លងកាត់ទន្លេធំ និងដៃសមុទ្រមានចំនួន១៤កន្លែង និងកំពុងសាងសង់ចំនួន៥កន្លែងទៀត គឺស្ពានមេគង្គទី៣ (អ្នកលឿង) ស្ពានមេគង្គទី៤ (ខេត្តស្ទឹងត្រែង) ស្ពានជ្រោយចង្វាទី២ (រាជធានីភ្នំពេញ) ស្ពានទន្លេបាសាក់ទី៣ (ក្រុងតាខ្មៅខេត្តកណ្តាល) និងស្ពានទន្លេបាសាក់ទី៤ (ស្រុកកោះធំ ខេត្តកណ្តាល) ។ ក្នុងឆ្នាំម្សាញ់ បញ្ចស័ក ពុទ្ធសករាជ ២៥៥៧កន្លងទៅនេះដែរ ប្រជាពលរដ្ឋខ្មែរទាំងអស់បានអបអរសាទរ និងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលបានផ្តល់ភាពយុត្តិធម៌ដល់កម្ពុជា ដោយបានសម្រេចថា ព្រះរាជាណាចក្រកម្ពុជាមានអធិបតេយ្យលើទឹកដីទាំងមូលនៃពយភ្នំព្រះវិហារ ហើយប្រទេសថៃមានកាតព្វកិច្ចដកចេញនូវកងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងនគរបាលឬឆ្មាំយាម ឬអ្នកថែរក្សាផ្សេងៗទៀតរបស់ថៃ ដែលបានឈរជើងនៅតំបន់នោះ។
ជោគជ័យប្រកបដោយផ្លែផ្កានេះ គឺកើតឡើងដោយសារការខិតខំប្តេជ្ញាចិត្តពុះពារគ្រប់ឧបសគ្គរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទាំងនៅស្ថាប័នថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងភារកិច្ចការពារសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការរក្សានូវស្ថិរភាពនយោបាយ និងក្នុងការអភិវឌ្ឍប្រទេសជាតិទាំងមូល ។ សម្រាប់ឆ្នាំថ្មី ឆ្នាំមមី ឆស័ក ព.ស២៥៥៨ រាជរដ្ឋាភិបាលនឹងបន្តថែរក្សាការពារសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែរឹងមាំដើម្បីធានាបាននូវបរិស្ថានអនុគ្រោះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះរាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់លើវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ រួមមាន ៖ ការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ជាពិសេសចំពោះយុវជន ការបន្តវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កែលម្អថែមទៀតនូវកិច្ចសម្រួលពាណិជ្ជកម្ម ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពនៃស្ថាប័នរដ្ឋ ការបន្តអភិវឌ្ឍវិស័យថាមពលអគ្គិសនី និងការបន្តអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតជាសំខាន់លើការពង្រីកវិស័យធនធានទឹក ប្រព័ន្ធធារាសាស្ត្រតូចធំដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឈានទៅសម្រេចបាននូវការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងឆ្ពោះទៅរកអនាគតមួយដ៏រុងរឿងភ្លឺស្វាងស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជាតិកម្ពុជាទាំងមូល ។
រាជរដ្ឋាភិបាលសូមអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់សូមផ្តល់ការគាំទ្រ និងចូលរួមអនុវត្តដោយសកម្មនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣ ដោយឈរលើគោលការណ៍សាមគ្គីភាព ឯកភាពជាតិ និងតម្កល់ផលប្រយោជន៍របស់ជាតិ និងប្រជាជនជាធំដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋក្នុងដំណើរការដឹកនាំព្រះរាជាណាចក្រកម្ពុជា ដែលមានសុខសន្តិភាពពេញលេញឆ្ពោះទៅកាន់ការអភិវឌ្ឍលើគ្រប់វិស័យ និងសំបូររុងរឿង ៕
ចែករំលែកព័តមាននេះ