ខេត្តស្វាយរៀង ៖ បន្ទាប់ពីដំណើរការសវនាការលើសំណុំរឿងព្រហ្មទណ្ឌឃាតកម្មសម្លាប់មនុស្សគិតទុកជាមុន កាលពីថ្ងៃទី៨ មេសា ស្ត្រីជាប់ចោទសម្លាប់ប្តីយ៉ាងឃោរឃៅបំផុតឈ្មោះ គូ ចាន់ដានី អាយុ២២ឆ្នាំ ត្រូវបានប្រធានអង្គជំនុំជម្រះប្រកាសសាលក្រមកាត់ទោសដាក់ពន្ធនាគារ៣០ឆ្នាំ និងពិន័យជាប្រាក់៤០លានរៀល លើបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះជាប្តី ដែលប្តឹងទាមទារសំណងរដ្ឋប្បវេណីជាជំងឺចិត្ត៨០០លានរៀល ។
ជាការកត់សម្គាល់ ក្រោយពីលោកប្រធានអង្គជំនុំជម្រះ បានប្រកាសសាលក្រមកាត់ទោសនៅចំពោះមុខ ស្ត្រីជាឃាតករបានប្រកាច់សន្លប់ និងក្អួតចង្អោរ ។ ទាក់ទិននឹងការប្រកាសសាលក្រមដាក់ទោស៣០ឆ្នាំនេះ ក្រុមគ្រួសារខាងស្ត្រីជាឃាតករបានប្រកាសបន្តប្តឹងទៅសាលាឧទ្ធរណ៍ដើម្បីតតាំងរឿងក្តី ព្រោះថាការដាក់ទោស៣០ឆ្នាំក្នុងពន្ធនាគារគឺពាក់កណ្តាលជីវិតទៅហើយ ។ អំពើហិង្សាដ៏សាហាវឃោរឃៅមួយដែលនឹកស្មានមិនដល់ គឺស្ត្រីជាប្រពន្ធបានកាប់ប្រហារប្តីចំនួន១២កាំបិតប៉័ងតោ ស្ទើរជិតដាច់ក និងយកខ្សែភ្លើងឆក់ឱ្យស្លាប់ភ្លាមៗនៅថ្លុកឈាម ដោយសារតែស្នេហាត្រីកោណងប់ងុលនឹងប្រុសស្នេហ៍ថ្មីតាមហ្វេសបុ៊ក ។ ការសម្លាប់គឺមានការរៀបចំឆាក ចោទថាមានមិត្តភក្តិទូរស័ព្ទហៅទៅផឹកស៊ី រួចប្លន់សម្លាប់យកចិញ្ចៀនពេជ្រ១វង់ តម្លៃ១.២០០ដុល្លារ និងទូរស័ព្ទមា៉កអាយហ្វូន១គ្រឿង តម្លៃជាង៤០០ដុល្លារ តែតាមពិតគឺប្រពន្ធកំណាចជាអ្នកប្រហារប្តីខ្លួនឯងសោះ ។
គួររំលឹកថា កាលពីថ្ងៃទី១០ សីហា វេលាម៉ោង៥និង៣០នាទីព្រឹក មានការភ្ញាក់ផ្អើលពីករណីប្លន់សម្លាប់មួយនៅភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ដែលជនរងគ្រោះឈ្មោះ សា៊ន ប៉េងស្រុឺ ភេទប្រុស អាយុ២៧ឆ្នាំ ជាបុគ្គលិកគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុស្ថាបនាលីមីតធីត ស្វាយរៀង ។ ជនរងគ្រោះត្រូវជនល្មើសសម្លាប់ហើយដឹកមកទម្លាក់ចោលមុខផ្ទះ រួចកាប់ចំនួន១១កាំបិតចំក្បាលពីក្រោយ និង១កាំបិតចំក ជិតដាច់ស្លាប់ក្នុងថ្លុកឈាម ដែលតាមពិតគឺស្ត្រីជាប្រពន្ធសោះជាអ្នកកាប់ប្រហារប្តីខ្លួនឯងដោយសារស្រឡាញ់ប្រុសថ្មីតាមហ្វេសបុ៊ក ។ តាមចម្លើយសារភាពរបស់ស្ត្រីជាប្រពន្ធបានប្រាប់សមត្ថកិច្ចថា មូលហេតុដែលនាំឱ្យខ្លួនក្លាយជាឃាតករសម្លាប់ប្តីនេះគឺ ទី១-មកពីបុរសជាប្តី រូបនេះដើរផឹកស៊ីនៅក្រៅផ្ទះស្ទើររាល់ថ្ងៃចាប់តាំងពីព្រលប់រហូតកណ្តាលអធ្រាត្រ ឬជិតភ្លឺទើបត្រឡប់មកផ្ទះវិញ ហើយតែងឈ្លោះប្រកែកជេរបញ្ចោរ ឬវាយដំច្រំធាក់លើរាងកាយខ្លួនជាប្រពន្ធ ។ ទី២-ដោយសារខ្លួនលេងហ្វេសប៊ុកបានជួបប្រុសស្នេហ៍ថ្មី ក៏បាក់ចិត្តស្រឡាញ់យា៉ងងប់ងុល និងលែងមានអារម្មណ៍ស្រឡាញ់ប្តីទៀតហើយ ។
មន្ត្រីសមត្ថកិច្ចនិយាយថា នៅយប់ថ្ងៃកើតហេតុជនរងគ្រោះជាប្តីបានចេញទៅផឹកសុីនៅខាងក្រៅ ហើយនៅវេលាម៉ោង១រំលងអធ្រាត្រ ក៏មានជម្លោះប្តីប្រពន្ធកើតឡើង ហើយប្រពន្ធបានដាក់ថ្នាំងងុយដេកក្នុងទឹក លុះពេលប្តីផឹកក៏ចាប់ផ្តើមងងុយដេក ។ ពេលនោះស្ត្រីជាប្រពន្ធឈ្មោះគូ ចាន់ដានី អាយុ២១ឆ្នាំ បានជេរដៀលដល់ពូជប្តី ធ្វើឱ្យប្តីខឹងខ្លាំង ក៏ទះប្រពន្ធ១ដៃ ។ នៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១០ សីហា ប្រពន្ធបានយកកាំបិតប៉័ងតោកាប់ប្តីចំកមួយកាំបិតជិតដាច់ និង១១កាំបិតទៀតកាប់ក្បាលពីក្រោយ បណ្តាលឱ្យដួលនៅក្នុងបន្ទប់ក្បែរគ្រែដេក ។ បន្ទាប់មកស្ត្រីជាប្រពន្ធគិតថា ប្តីមិនទាន់ស្លាប់ ក៏យករូឡូខ្សែភ្លើងដោតភ្លើងមកឆក់បាតជើងប្តីទាំងសងខាងរហូតប្តីលែងកម្រើក ទើបចាប់អូសប្តីចេញពីក្នុងបន្ទប់មកដាក់នៅមុខផ្ទះចម្ងាយប្រហែល១ម៉ែត្រ រួចចូលទៅក្នុងបន្ទប់កើបឈាមប្តីដាក់ក្នុងចានដែក យកមកចាក់ពីលើប្តី ដោយរៀបចំឈុតឆាកដើម្បីបំភាន់សមត្ថកិច្ច និងយកស្បែកជើងកប់ជាមួយឈាមដែលហូរក្បែរនោះ ។
តាមស្ត្រីជាប្រពន្ធសារភាពទៀតថា បន្ទាប់ពីអូសសពប្តីដាក់មុខផ្ទះហើយ ក៏យកក្រណាត់ជូតឈាមដែលប្រឡាក់លើកម្រាលឥដ្ឋក្នុងផ្ទះ និងក្នុងបន្ទប់ លាងគ្រែ និងយកខ្សែភ្លើងទៅដុតចោល យកចិញ្ចៀនពេជ្ររបស់ប្តីដាក់ក្នុងដំុសំឡីត្បារត្រចៀក ឯទូរស័ព្ទយកដាក់ក្នុងថង់ញាត់លាក់ក្នុងទឹកស្រះក្រោយផ្ទះ ។ ចំណែកសម្លៀកបំពាក់លាក់ក្នុងកន្ត្រក ឯកាំបិតយកទៅលាក់ទុកនៅក្រោយផ្ទះ ។ សមត្ថកិច្ចបន្តថា មុនដំបូងសមត្ថកិច្ចបានហៅមិត្តភក្តិពីរនាក់មកសាកសួរ ឃាត់ខ្លួន១យប់១ថ្ងៃ តែដោយពុំមានពាក់ព័ន្ធក៏ដោះលែង ហើយសុើបអង្កេតបន្ត និងដោយសង្ស័យថាក្រុមគ្រួសារក៏សុំយោបល់ព្រះរាជអាជ្ញាចូលឆែកឆេរក្នុងផ្ទះជនរងគ្រោះ ។ ពេលចូលដល់ក្នុងបន្ទប់ មានក្លិនឈាម និងឃើញឈាមប្រឡាក់ជាប់នឹងកងា្ហរ និងក្រោយមករកឃើញចិញ្ចៀនដែលប្រពន្ធលាក់ ទើបប្រពន្ធជាប់ចោទរូបនេះព្រមសារភាពនៅថ្ងៃទី១៣ សីហា ហើយនៅថ្ងៃទី១៤ សីហា ក៏រកឃើញវត្ថុតាងទាំងអស់ពាក់ព័ន្ធនឹងការសម្លាប់ប្តីនេះ ៕
ចែករំលែកព័តមាននេះ