ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខកាប់មួយពូថៅបណ្តាលឱ្យដាច់បំពង់កស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមនៅកន្លែងកើតហេតុចម្ងាយប្រមាណ៧០ម៉ែត្រ ពីខាងមុខផ្ទះដែលកំពុងប្រារព្ធពិធីឡើងផ្ទះថ្មី នៅផ្លូវលាវ ស្ថិតក្នុងភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៌ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី៨ មេសា ទោះជាយ៉ាងណាភ្លាមៗនោះប៉ូលិសមិនទាន់បានកំណត់មុខសញ្ញាជនដៃដល់នៅឡើយទេ ព្រោះអំពើហិង្សានេះបង្កឡើងដោយមនុស្ស២ក្រុមវាយប្រយុទ្ធគ្នាដោយដំបង កាំបិត ពូថៅ មិនដឹងខាងណាជាខាងណា ដែលពេលនេះប៉ូលិសកំពុងស៊ើបអង្កេតយ៉ាងញាប់ដៃញាប់ជើង ។ សមត្ថកិច្ចនគរបាលមូលដ្ឋាននិយាយថា ជម្លោះដែលឈានដល់អំពើហិង្សានោះពុំទាន់ដឹងថា បណ្តាលមកពីអ្វីនោះទេ គ្រាន់តែដឹងថា អំពើហិង្សាយ៉ាងព្រៃផ្សៃនេះកើតឡើងរវាងមនុស្ស២ក្រុមមានជម្លោះនឹងគ្នា និងពុំដឹងថា ខាងណាជាខាងណានោះទេ ។ មុនពេលកើតហេតុ នៅផ្ទះឈ្មោះភួង ហិុន អាយុ៣២ឆ្នាំ រស់នៅភូមិសិរី ឃុំខុនរ៉ង មានរៀបចំពិធីឡើងគេហដ្ឋានថ្មីដោយមានភ្ញៀវប្រុសស្រីចូលរួមជាច្រើននាក់ និងបានរាំលេងកម្សាន្តទៀតផង ។ ចំណែកនៅមុខផ្ទះដែលកំពុងរៀបចំពិធីក៏មានអ្នកលក់នំចំណីអាហារ និងស្រាផងដែរ ។
ប្រភពព័ត៌មានបន្តទៀតថា ស្រាប់តែពេលនោះមានមនុស្សផ្អើលឡើងដោយសារមានជម្លោះវាយតប់គ្នារវាងមនុស្ស២ក្រុមនៅមុខផ្ទះដែលកំពុងមានកម្មវិធី និងចាក់ធុងបាស់ ហើយបន្តិចក្រោយមកស្រាប់តែគេឃើញបុរសឈ្មោះលន់ ឈួន ហៅទ្រូ អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិដើមជ្រែ ឃុំខុនរ៉ង ត្រូវជនពុំស្គាល់មុខកាប់មួយពូថៅស្លាប់ក្នុងថ្លុកឈាមតែម្តង ។ ជនរងគ្រោះត្រូវជនពុំស្គាល់មុខកាប់មួយពូថៅចំបំពង់ក ។ ចំណែកនៅជិតកន្លែងជនរងគ្រោះ ប៉ូលិសបានរកឃើញពូថៅកាប់អុស១ ស្បែកជើង២សម្រាប់ កង់១ និងដំបងជាច្រើនកំណាត់ ។
លោក ជាង សុវណ្ណារិទ្ធ អធិការនគរបាលស្រុកបរិបូណ៌ ថ្លែងថា ឆ្លងតាមការស្រាវជ្រាវប៉ូលិសបានកំណត់មុខសញ្ញាជនសង្ស័យរួចហើយ តែពេលនេះកំពុងស្រាវជ្រាវរកវត្ថុតាង និងសាក្សីដាក់បន្ទុកឱ្យបានច្បាស់សិនទើបឈានដល់ការចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ