ប្រសិនបើនិយាយដល់មហាធម្មយាត្រាទាំង៥ដែនដីនៅតាមតំបន់ទន្លេមេគង្គ ច្បាស់ជានឹកដល់ថា តើអ្នកណាជាអ្នកបង្កើតនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃតំបន់អាស៊ាននេះឡើង ដោយហេតុថា នេះជាការសាងនូវសាមគ្គីភាពមួយយ៉ាងរឹងម៉ាំដើម្បីស្វែងរកសុខសន្តិភាពជូនពិភពលោក ។
ដំណើរស្វែងរកសន្តិភាពជាប្រវត្តិសាស្ត្រនេះត្រូវបានជំរំពោធិគយាន វិឆាឡៃ ជាអ្នករៀបចំផ្តើមគំនិតឡើង ដើម្បីឱ្យព្រឹត្តិការណ៍នៃសាសនាព្រះពុទ្ធក្លាយទៅជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចងចាំរបស់ពុទ្ធសាសនិកជនទាំង៥ដែនដីដែលមានដូចជា ថៃ វៀតណាម ឡាវ កម្ពុជា និងមីយ៉ានម៉ាជារៀងរហូតមក ។
ជំរំពោធិគយាន វិឆាឡៃនេះ បានកើតចេញពី វិទ្យាស្ថានពោធិគយានវិឆាឡៃ ដែលមានទីតាំងស្ថិតនៅ វត្តថៃពុទ្ធិគយា នៅស្រុកពុទ្ធគយា រដ្ឋភិហា សាធារណរដ្ឋឥណ្ឌា ដោយមាន ព្រះធម្មពោធិវង្ស ជាចៅអធិការវត្តថៃពុទ្ធគយា ជាប្រធានព្រះធម្មទូត ឥណ្ឌា នេប៉ាល់ រួមគ្នានឹងក្រុមពុទ្ធបរិស័ទ មានតាំងពីអ្នកជំនួញធំៗនៃប្រទេសថៃ រហូតទៅដល់មន្ត្រីរាជការ ជាន់ខ្ពស់ក្រសួងការបរទេស កងទ័ពជើងទឹក ប៉ូលិស និងសាធារណជនទូទៅ ដែលធ្លាប់បានប្រណិប័តន៍ក្រោមម្លប់ដើមពោធិព្រឹក្សបានចូលរួមសាទរនូវដំណើរការដើម្បីរកសុខសន្តិភាពជូនពិភពលោកនេះ ។
ក្រោយមកក៏មានការជួយជ្រោមជ្រែងពីសំណាក់ព្រះភិក្ខុសង្ឃ ព្រះភិក្ខុនី ឧបាសិក ឧបាសិកា ដែលមានទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនារួមគ្នាមកជួយផ្សព្វផ្សាយពីពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធដែលមាននៅក្នុងគម្ពីរព្រះត្រៃបិដក ដើម្បីបញ្ជ្រាបដល់មហាជនទូទៅឱ្យកាន់តែយល់ច្បាស់ពីសេចក្តីស្ងប់តាមផ្លូវចិត្ត ។
ក្រៅពីនេះក៏មានការរៀបចំនូវសន្និសីទជាច្រើនដែលមានដូចជា ការរៀបចំនូវពុទ្ធិប្តូរទឹកដីឱ្យទៅជាទឹកដីសុវណ្ណភូមិតែមួយជាដើម ដើម្បីបង្ហាញពីការសាមគ្គីភាព ដែនដីធម៌ ដែនដីមាស ការអប់រំធម្មៈ និងការប្រតិបត្តិធម៌យ៉ាងត្រឹមត្រូវដល់ពុទ្ធិសាសនិកជន ។
ដោយអំណាចនៃកម្លាំងសទ្ធា និងការតាំងចិត្តរបស់ក្រុមពុទ្ធសាសនិកនៃជំរំពោធិគយាននេះហើយ ទើបបានធ្វើឱ្យមហាធម្មយាត្រា ៥ប្រទេសនៅតាមតំបន់ទន្លេមេគង្គបានកើតឡើងចេញមកពិតៗ ។ (កែសម្រួលដោយ ៖ បុប្ផា)