រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចេញរបាយការណ៍ប៉ាន់ប្រមាណការខូចខាត និងបាត់បង់ដោយគ្រោះទឹកជំនន់ក្នុងឆ្នាំ២០១៣ សរុបជាទឹកប្រាក់៣៥៦លាន២៣០ពាន់ដុល្លារ ក្នុងនោះការខូចខាតមាន១៥៣លាន២៨០ពាន់ដុល្លារ និងការបាត់បង់២០២លាន៩៤០ពាន់ដុល្លារ ។
លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ប៉ាន់ប្រមាណលើសេចក្តីត្រូវការនៃការស្តារឡើងវិញដំបូងក្រោយគ្រោះទឹកជំនន់នាព្រឹកថ្ងៃទី៨ មេសា នៅសណ្ឋាគារភ្នំពេញ ថា តាមលទ្ធផលរួមនៃការប៉ាន់ប្រមាណការខូចខាត និងបាត់បង់ ដែលក្រុមការងាររកឃើញពីគ្រោះមហន្តរាយទឹកជំនន់ឆ្នាំ២០១៣ គឺការខូចខាតមាន១៥៣លាន២៨០ពាន់ដុល្លារ និងការបាត់បង់មាន២០២លាន៩៤០ពាន់ដុល្លារ សរុបទាំងអស់គឺ៣៥៦លាន២៣០ពាន់ដុល្លារ ។ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ថ្លែងទៀតថា គ្រោះទឹកជំនន់បានកើតឡើងនៅរាជធានី-ខេត្តចំនួន២០ មានប្រជាពលរដ្ឋ៣៧៧.៣៥៥គ្រួសារ បានរងឥទ្ធិពលដែលស្មើនឹងចំនួនមនុស្ស១.៨០០.០០០នាក់ និងមានមនុស្សស្លាប់១៦៨នាក់ ភាគច្រើនជាកុមារ ។
ផ្ទះប្រមាណ២១៣.៤៨៤ខ្នង បានខូចខាត សាលារៀន១.២៤២កន្លែង មណ្ឌលសុខភាព និងមន្ទីរពេទ្យ៧៨កន្លែង វត្តអារាមត្រូវលិចលង់ ហើយផ្លូវស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅខេត្តប៉ែកខាងលិចប្រទេស ដូចជា ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ជាដើម ។ ក្នុងនោះ ដីស្រែប្រមាណ៣៨៤.៨៤៦ហិកតា រងឥទ្ធិពលដោយទឹកជំនន់ និងដីស្រែ១២៥.០១១ហិកតា ត្រូវខូចខាតទាំងស្រុង ។
លោកទេសរដ្ឋមន្ត្រី ថ្លែងទៀតថា ការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាសកម្មភាពដែលត្រូវបានអនុវត្តមុនពេល និងក្រោយពេលមានគ្រោះមហន្តរាយ ហើយការឆ្លើយតបសង្គ្រោះបន្ទាន់ គឺយើងត្រូវស្តារឡើងវិញ ដែលចាំបាច់ត្រូវតែមានការប៉ាន់ប្រមាណពីការខាតបង់ជាមូលដ្ឋានជាមុនសិន ។ ចំពោះការប៉ាន់ប្រមាណនេះ យើងបានទទួលការគាំទ្រពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) លើផ្នែកថវិកា និងអ្នកជំនាញសម្រាប់ធ្វើការប៉ាន់ប្រមាណ ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធ និងអង្គការជាតិ-អន្តរជាតិ និងភ្នាក់ងារសហប្រជាជាតិ ។
ទោះបីគុណភាពរបស់ទិន្នន័យ និងសារប្រយោជន៍នៃការគណនាការខូចខាត និងបាត់បង់ជារួម មានកម្រិតទាបជាងទិន្នន័យដែលទទួលបានពីការអង្កេតជាមួយអ្នកផ្តល់ព័ត៌មានក៏ដោយ ក៏ក្រុមការងារចុះប្រតិបត្តិការប៉ាន់ប្រមាណទាំង៣វិស័យមាន វិស័យសង្គម វិស័យសេដ្ឋកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធ បានចុះអនុវត្តតាមមូលដ្ឋានប្រមូលទិន្នន័យបន្ថែមលើរបាយការណ៍របស់ក្រសួង និងស្ថាប័ននៃវិស័យនីមួយៗ ។ លោកស្រី Claire Van der Vaerenn អ្នកសម្របសម្រួលសហប្រជាជាតិ និងជាតំណាង UNDP សម្រាប់កម្ពុជា បានថ្លែងថា ដើម្បីគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ឱ្យមានតុល្យភាពក្នុងការស្តារឡើងវិញនោះ សហប្រជាជាតិ ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយអង្គការជាដៃគូនានា ផ្តល់ជំនួយជាច្រើនដល់ប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ ។ លើសពីនេះ ក៏មានទឹកប្រាក់ចំនួន៥លានដុល្លារ ដែលផ្តល់ពីរាជរដ្ឋាភិបាលកម្ពុជា ហើយប្រទេសមួយចំនួន បានផ្តល់ជំនួយសម្រាប់ផ្គត់ផ្គង់ទឹកអនាម័យ ទីជម្រក ចំណីអាហារ ការគាំពារ និងវិស័យផ្សេងៗទៀត។
លោកស្រី ថ្លែងទៀតថា តាមរយៈការស្តារឡើងវិញនូវវិស័យជាអាទិភាព ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងវិស័យមួយចំនួនទៀត យើងត្រូវជំរុញឱ្យប្រជាជនបានយល់ដឹង ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ។
តាមរយៈការឆ្លើយតបនឹងគ្រោះមហន្តរាយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយអង្គការជាតិ និងអន្តរជាតិ ក្នុងការវាយតម្លៃពីការខូចខាតដោយគ្រោះទឹកជំនន់ ។ លោកស្រីថ្លែងបញ្ជាក់ថា គ្រោះថ្នាក់ដោយសារទឹកជំនន់ ធ្វើឱ្យប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ងាយរងគ្រោះ ដោយសារការចំណាយទឹកប្រាក់ជាង៣៥៦លានដុល្លារ ដែលធ្វើឱ្យមានការប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាធ្វើឱ្យមានការចំណាយជាច្រើនក្នុងការកែលម្អ ។ លើសពីនេះ គ្រោះទឹកជំនន់ធ្វើឱ្យមានជំងឺឆ្លងជាច្រើន ដែលអាចកើតមានឡើងចំពោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយទាំងគ្រោះទឹកជំនន់ និងខ្យល់កន្ត្រាក់ផ្សេងៗ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ។ តាមរយៈក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់អង្គការសហប្រជាជាតិ បានកំណត់ទៅលើការអភិវឌ្ឍរបស់ជាតិពាក់ព័ន្ធនឹង GDP ក៏ដូចជាទ្រព្យធនផងដែរ ។
លោកស្រី ថ្លែងទៀតថា នៅប្រទេសអាសុីអាគ្នេយ៍ មានតែប្រទេសកម្ពុជាទេ ដែលរងគ្រោះមហន្តរាយធម្មជាតិ ដូចជាការកើនឡើងនៃសីតុណ្ហភាព ការផ្លាស់ប្តូរធាតុអាកាស ព្យុះ គ្រោះទឹកជំនន់ បាក់ច្រាំងទន្លេ ដែលប្រជាពលរដ្ឋកំពុងរងគ្រោះ និងមានក្តីបារម្ភ ៕
ចែករំលែកព័តមាននេះ