រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីអំពាវនាវនៅថ្ងៃទី៨ មេសា ដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្ដ្រី ស ខេង ក្នុងនាមជាប្រធានគណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក ស្ដីពីការចូលរួមរក្សាសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខ ។
សេចក្ដីអំពាវនាវមានខ្លឹមសារថា ដើម្បីធានាបាននូវសុវត្ថិភាពសណ្ដាប់ធ្នាប់ចរាចរណ៍ និងរក្សាប្រពៃណីទំនៀមទម្លាប់រុងរឿងរបស់ជាតិ ក៏ដូចជារួមចំណែកបង្កភាពសប្បាយរីករាយជូនមហាជនក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងថ្ងៃទី១៤ដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០១៤ នាពេលខាងមុខ គណៈបញ្ជាការដឹកនាំបញ្ជាត្រួតពិនិត្យការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក សូមអំពាវនាវដល់សាធារណជនទាំងអស់ដែលធ្វើដំណើរតាមផ្លូវគោក ក៏ដូចជាផ្លូវទឹក សូមប្រតិបត្ដិឱ្យបានម៉ឺងម៉ាត់នូវប្រការមួយចំនួនដូចខាងក្រោម ៖
១-ពេលបើកបរត្រូវគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងប្រុងប្រយ័ត្នជានិច្ច ។
២-ត្រូវបើកបរតាមល្បឿនដែលច្បាប់កំណត់ និងត្រូវបន្ថយល្បឿនឱ្យស្របតាមស្ថានភាពផ្លូវ ។
៣-បើបើកបរ សូមកុំសេពជាតិស្រវឹង បើសេពជាតិស្រវឹង សូមកុំបើកបរ ។
៤-មិនត្រូវដឹកជញ្ជូនអ្នកដំណើរ ទំនិញ លើសកម្រិតកំណត់ ឬសំពីងសំពោង ។
៥-ពេលបើកបរត្រូវមានសុជីវធម៌ និងត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។
៦-មុនពេលជែង បត់ ឬឈប់ ត្រូវផ្ដល់សញ្ញាដល់អ្នកដទៃ ។
៧-ត្រូវចត និងរៀបចំទុកដាក់យានយន្ដ ឬជលយានយន្ដឱ្យមានសណ្ដាប់ធ្នាប់ ។
៨-ពេលបើកបរទោចក្រយានយន្ដ ឬត្រីចក្រយានយន្ដត្រូវពាក់មួកសុវត្ថិភាព និងពេលធ្វើដំណើរតាមរថយន្ដ អ្នកបើកបរនិងអ្នករួមដំណើរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព ។
៩-មធ្យោបាយធ្វើដំណើរតាមផ្លូវទឹកត្រូវមានបរិក្ខារសុវត្ថិភាព បំពង់ពន្លត់អគ្គិភ័យ និងពោងសង្គ្រោះតាមជាប់ជានិច្ច ។
១០-ចំពោះរថយន្ដគ្រប់ប្រភេទ គប្បីដាក់បំពង់ពន្លត់អគ្គិភ័យតាមជាប់ជានិច្ច ។
១១-ពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ សូមផ្ដល់ដំណឹងជាបន្ទាន់ដល់ស្ថាប័នមានសមត្ថកិច្ច ។
គណៈបញ្ជាការដឹកនាំបញ្ជា ត្រួតពិនិត្យការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក យល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍អាចចៀសវាង ឬកាត់បន្ថយ ឬលុបបំបាត់បាន ប្រសិនបើអ្នកប្រើប្រាស់ផ្លូវគ្រប់រូបភ្ញាក់រលឹកចូលរួមគោរពប្រតិបត្ដិច្បាប់ និងមានសីលធម៌យោគយល់អធ្យាស្រ័យទៅវិញទៅមក ។ គណៈបញ្ជាការដឹកនាំបញ្ជា ត្រួតពិនិត្យការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោកសង្ឃឹមយ៉ាងមុតមាំថា សាធារណជនទាំងអស់នឹងចូលរួមគោរពប្រតិបត្ដិតាមសេចក្ដីអំពាវនាវនេះ ដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីឱ្យការធ្វើដំណើរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានប្រព្រឹត្ដទៅប្រកបដោយសេចក្ដីសុខ សុវត្ថិភាព និងសប្បាយរីករាយ ៕
ចែករំលែកព័តមាននេះ