រាជធានីភ្នំពេញ ៖ អាចចាត់ទុកជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ខណៈដែលកម្ពុជាត្រៀមរៀបចំសន្និសីទអន្តរជាតិលើកទី៥ ស្តីពីភាពជាអ្នកដឹកនាំនៃបញ្ញវន្តឆ្នើមឆ្នាំ២០១៤ ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១ ដល់ទី៧ សីហា ឆ្នាំ២០១៤ ខាងមុខនេះ ដោយមានការចូលរួមពីបញ្ញវន្តជាសិស្សនិស្សិត សាស្ត្រាចារ្យ និងវាគ្មិនល្បីៗប្រមាណ១០០០នាក់ មកពីបណ្តាប្រទេសជុំវិញសកលលោកចំនួន៤៥ប្រទេស ។
លោក ណេប សាមុត អគ្គនាយកក្រសួងទេសចរណ៍ បានឲ្យដឹងកាលពីថ្ងៃទី៧ មេសា ក្នុងសន្និសីទកាសែតនៅក្រសួងទេសចរណ៏ថា សន្និសីទអន្តរជាតិស្តីពីភាពជាអ្នកដឹកនាំនៃបញ្ញវន្តឆ្នើមនេះ ត្រូវបានរៀបចំធ្វើជារៀងរាល់ឆ្នាំចំនួន៤លើករួចមកហើយ ក្រោមការផ្តួចផ្តើមរបស់អង្គការ HumanitarainAff airs UK ។ លោកបញ្ជាក់ថា សន្និសីទលើកទី១ធ្វើឡើងកាលពីឆ្នាំ២០១០ នៅប្រទេសម៉ាឡេស៊ី ,លើកទី២ ឆ្នាំ២០១១ធ្វើនៅប្រទេសថៃ, លើកទី៣ឆ្នាំ២០១២ ធ្វើនៅប្រទេសឥណ្ឌូនេស៊ី និងលើកទី៤នៅឆ្នាំ២០១៣ ធ្វើនៅប្រទេសហ្វីលីពីន ។ ដោយឡែកសម្រាប់ឆ្នាំ២០១៤ សន្និសីទអន្តរជាតិលើកទី៥នេះនឹងត្រូវប្រារព្ធនៅព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ រៀនគិត រៀបផែនការ អនុវត្ត( Dream it. Plan it. Do it )។
លោក ណេប សាមុត បានបញ្ជាក់ថា សន្និសីទអន្តរជាតិនេះរៀបចំបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជនអាចផ្លាស់ប្តូរនូវចំណេះដឹង និងបទពិសោធន៍ល្អៗជាមួយនឹងយុវជនដែលមានភាពជាអ្នកដឹកនាំពិសេសបង្កើតជាបណ្តាញទំនាក់ទំនង ( Network ) រវាងយុវជននិងយុវជនជាមួយបុគ្គលគំរូនានាដែលមកពីជុំវិញពិភពលោក ដើម្បីស្វែងយល់ពីគន្លឹះក្នុងការពង្រឹងសមត្ថភាព និងភាពជាម្ចាស់ការរបស់យុវជនសំដៅចូលរួមក្នុងកិច្ចការអភិវឌ្ឍសង្គម មនុស្សធម៌ បរិស្ថាន និងវប្បធម៌។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍សន្និសីទអន្តរជាតិនឹងមានការអញ្ជើញចូលរួមពីបទបង្ហាញធ្វើបាឋកថានិងចែករំលែកនូវបទពិសោធន៍ល្អៗ ពីសំណាក់វាគ្មិនល្បីៗទាំងជាតិនិងអន្តរជាតិ ចំនួន១១រូបដែលមកពីប្រទេសមួយចំនួនជុំវិញពិភពលោករួមមានកម្ពុជា សហរដ្ឋអាមេរិក នេប៉ាល់ អូស្ត្រាលី ញូសឺឡែន ហ្វីលីពីន ម៉ាឡេស៊ី ជាដើម ។
ចែករំលែកព័តមាននេះ