ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បឋមពីកងរាជអាវុធហត្ថខេត្តបានឲ្យដឹងកាលពីរសៀលថ្ងៃទី៣ ខែតុលានេះថា មានករណីក្មេងប្រុសម្នាក់បានចាប់រំលោភសេព រួចសម្លាប់កុមារីរងគ្រោះចោល ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក។
សេចក្តីរាយការណ៍បន្តថា ក្មេងប្រុសជាសង្ស័យខាងលើឈ្មោះនី កែវ ភេទប្រុស អាយុ១៤ឆ្នាំ ចំណែកកុមារីរងគ្រោះខាងលើមានអាយុ៩ឆ្នាំ។
សេចក្តីរាយការណ៍បន្តទៀតថា មុនពេលកើតហេតុ ខណៈកុមារីរងគ្រោះនៅផ្ទះម្នាក់ឯងហើយឪពុកម្តាយនាងទៅមើលស្រែបាត់ ដោយឃើញឱកាសស្ងាត់ក្មេងប្រុសជាជនសង្ស័យបានចាប់រំលោភកុមារីរងគ្រោះយ៉ាងព្រៃផ្សៃបំផុត ។ ក្រោយមកដោយខ្លាចកុមារីរងគ្រោះយករឿងនេះទៅប្រាប់ឪពុកម្តាយនាង ទើបក្មេងប្រុសជាជនសង្ស័យយកកាំបិតប៉័ងតោកាប់ទៅលើកុមារីរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅក្នុងផ្ទះរបស់ខ្លួនតែម្តង។
ក្រោយពីកើតហេតុ ដោយមានលេចឮព័ត៌មានដល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល កម្លាំងប៉ុស្តិ៍រដ្ឋបាលបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនឃាតករវ័យក្មេងនាំមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ