ខេត្តបន្ទាយមានជ័យ ៖ អភិបាលខេត្តបានបញ្ជាឱ្យបិទស្ពានឈើឆ្លងស្ទឹងសិរីសោភ័ណ ដែលមានស្ថានភាពចាស់ទ្រុឌទ្រោម ជាមួយគ្នានេះលោកអភិបាលខេត្តបានណែនាំឱ្យលោកស្នងការនគរបាលខេត្តចាត់ការរុះរើផ្ទះទឹកចេញ ។ វិធានការទាំងនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅថ្ងៃទី១ តុលា នៅសាលប្រជុំសាលាខេត្ត ។
ក្នុងកិច្ចប្រជុំលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានមានប្រសាសន៍លើកឡើងថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ២០១៩នេះរដ្ឋបាលខេត្តរៀបចំបណ្តែតប្រទីបនៅដងស្ទឹងព្រះពន្លា ក្រុងសិរីសោភ័ណ ចាប់ពីស្ពានថ្មថ្មីដែលជាអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្នែកខាងត្បូងស្ពានដែលធ្វើជារៀងរាល់ឆ្នាំ ។
លោកបានសំណូមពរដល់លោកអភិបាលខេត្តដើម្បីបិទស្ពានឈើចាស់ដែលមានអាយុជាច្រើនឆ្នាំមកហើយនិងមានសភាពចាស់ទ្រុឌទ្រោមអាចបង្កគ្រោះថ្នាក់ ដល់អ្នកដំណើរឆ្លងកាត់ និងប្រឈមគ្រោះថ្នាក់គ្រប់ពេលវេលា ទើបសុំឱ្យបិទស្ពានចាស់ និងសុំឱ្យរុះរើចេញផ្ទះបណ្តែតទឹកនៅជាប់ច្រាំងខាងលិចដងស្ទឹងព្រះពន្លាដែលរយៈពេលកន្លងមក រងការរិះគន់ថាបង្កផលប៉ះពាល់បរិស្ថានទឹកស្ទឹង និងប៉ះពាល់កន្លែងបណ្តែតប្រទីបដែលរដ្ឋបាលខេត្តរៀបចំរៀងរាល់ឆ្នាំ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា អ្វីជាការសំណូមពរពីអភិបាលក្រុងសិរីសោភ័ណ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យឱ្យសាលាក្រុងសិរីសោភ័ណបិទស្ពានឈើចាស់ ដើម្បីការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋដែលប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុព្រោះស្ពានឈើមានសភាពចាស់ទ្រុឌទ្រោម និងផ្ទះបណ្តែតទឹកចំណុចក្បាលស្ពានថ្មថ្មីនៅច្រាំងខាងលិច ។
លោកថ្លែងថា ផ្ទះបណ្តែតទឹកធ្វើឱ្យប៉ះពាល់បរិស្ថាននិងកន្លែងបណ្តែតប្រទីបឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែឆ្នាំ២០១៩នេះ ដោយសុំឱ្យស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវតែរុះរើផ្ទះទឹកនោះចេញពីស្ទឹងឱ្យបានឆាប់ជាការប្រសើរ ៕
ចែករំលែកព័តមាននេះ