រាជធានីភ្នំពេញ ៖ បន្ទាប់ពីជិះយន្តហោះមើលតំបន់មួយចំនួន និងមានការរៀបរាប់ពីភាគីអាល្លឺម៉ង់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថាពលរដ្ឋអាល្លឺម៉ង់មួយភូមិបានប្រើសូឡាប្រមាណ៤០ភាគរយបន្ថែមពីពន្លឺដែលប្រើប្រាស់ផ្សេងៗទៀត ។ យោងតាមបណ្តាញសង្គមសម្តេច ស ខេង កាលពីថ្ងៃទី០២ តុលា តាមការរៀបរាប់ពីភាគីអាល្លឺម៉ង់ និងតាមរយៈការពិនិត្យដោយផ្ទាល់ គឺផ្ទះប្រជាពលរដ្ឋតាមភូមិជនបទប្រមាណ៤០ភាគរយ ក្នុងមួយភូមិ សុទ្ធតែមានបំពាក់ផ្ទាំងសូឡាទាញ ដើម្បីថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ ដើម្បីបន្ថែមពីពន្លឺអគ្គិសនីមួយចំនួនទៀត ។
ការលើកឡើងរបស់សម្តេច ស ខេង បន្ទាប់ពីកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីត្រូវបានអញ្ជើញជិះយន្តហោះជាមួយលោក Norbert Barthle រដ្ឋលេខាធិការសភារបស់ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍអាល្លឺម៉ង់ (BMZ) និងលោក Eberhard Gienger សមាជិកសភានៃសាធារណរដ្ឋហព័ន្ធអាល្លឺម៉ង់ ដើម្បីអញ្ជើញពិនិត្យមើលទិដ្ឋភាពទូទៅនៃការផ្គត់ផ្គង់វិមជ្ឈការ និងការតាំងទីកន្លែងឧហ្សាកម្មនៅប្រទេសអាល្លឺម៉ង់ ។
ការអញ្ជើញជិះយន្តហោះជាមួយមន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់នាពេលនេះ គឺដើម្បីបានឃើញពីការអភិវឌ្ឍនៅតំបន់ជនបទក្នុងប្រទេសអាល្លឺម៉ង់ក្នុងនោះក្រៅតែពីមានរួចជាស្រេចនូវប្រព័ន្ធភ្លើង ផ្លូវ ទឹក និងសាលារៀន តំបន់ជនបទអាល្លឺម៉ង់តែងតែមានរោងចក្រពង្រាយតាមភូមិ ដើម្បីស្រូបយកកម្លាំងពលកម្មផ្ដល់ការងារជូនពលរដ្ឋប្រចាំភូមិ និងតំបន់ក្បែរៗ ។
ប្រភពបានបន្តថា នៅគ្រប់ភូមិនៃតំបន់ជនបទអាល្លឺម៉ង់តែងតែមានការផលិតថាមពលហ្គាស់ធម្មជាតិ ដែលផលិតបានពីកាកសំណល់ធម្មជាតិ និងលាមកសត្វ ក្នុងនោះការផលិតម្យ៉ាងដើម្បីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងភូមិ និងម្យ៉ាងទៀតសម្រាប់ការលក់នាំចេញទៅតំបន់ផ្សេងផងដែរ ។
ដោយឡែកតាមរយៈការអត្ថាធិប្បាយពីសំណាក់ភាគីអាល្លឺម៉ង់ និងតាមរយៈការពិនិត្យដោយផ្ទាល់ គឺផ្ទះប្រជាពលរដ្ឋតាមភូមិជនបទប្រមាណ៤០ភាគរយ ក្នុងមួយភូមិសុទ្ធតែមានបំពាក់ផ្ទាំងសូឡាទាញ ដើម្បីថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យ ដែលបន្ថែមពីលើការទាញថាមពលពីវារីអគ្គីសនីពីថាមពលនុយក្លែអ៊ែ និងថាមពលបានមកពីកង្ហាល់បក់ដោយខ្យល់ធម្មជាតិ ។ នៅថ្ងៃដដែលនោះ គណៈប្រតិភូកម្ពុជាបានបន្តជួបពិភាក្សាជាមួយលោកជំទាវ Friedlinde Gurr-Hirsch រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក Martin Stritmatter ប្រធាននាយករដ្ឋានរុក្ខកម្មនៃគណៈដឹកនាំតំបន់រដ្ឋបាល Tubingen. ក្នុងជំនួបនោះបានស្វែងយល់ពីប្រព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៃនាយកដ្ឋាននានានៅក្នុងការងាររុក្ខកម្ម និងការរក្សាព្រៃឈើ ច្បាប់ព្រៃឈើ ក៏ដូចជា ការយល់ឃើញអំពីការពិសោធន៍នៅប្រទេសអាល្លឺម៉ង់ក្នុងការងាររុក្ខកម្មប្រកបដោយនិរន្តរភាព និងបានជួបស្វែងយល់ផ្ទាល់ជាមួយក្រុមអនុរក្សព្រៃឈើនិងការទស្សនាព្រៃក្នុងតំបន់ Tubingen នោះ ។
ក្រុមគណៈប្រតិភូកម្ពុជាបានបន្តធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលកែច្នៃ ដោយបានជួបពិភាក្សាជាមួយប្រធាននាយកដ្ឋានហិរញ្ញវត្ថុ សាលារៀន និងសំណង់ផ្លូវថ្នល់របស់រដ្ឋបាលស្រុក និងជួបពិភាក្សាជាមួយតំណាងសមាគមគ្រប់គ្រងសំរាមប្រចាំស្រុក Ostalbkreis. ។ ជំនួបនោះបានផ្ដោតទៅលើការស្វែងយល់ពីសេវាកម្មគ្រប់គ្រងសំរាម និងកែច្នៃរបស់រដ្ឋបាលមូលដ្ឋានការលើកទឹកចិត្តនៅថ្នាក់ជាតិ ថ្នាក់រដ្ឋសហព័ន្ធនីមួយៗ និងនៅថ្នាក់ឃុំសម្រាប់ការគ្រប់គ្រងសំរាមឲ្យមាននិរន្តរភាព ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ