ការជក់បារីផ្ដល់ផលវិបាកពីរយ៉ាងដល់សុខភាពគឺ ទីមួយអ្នកជក់បារីនឹងក្លាយជាញៀនបារីយ៉ាងឆាប់រហ័សដោយសារនីកូទីន និងទីពីរប្រឈមនឹងជំងឺធ្ងន់ធ្ងរជាច្រើនប្រភេទដែលអាចបណ្ដាលឱ្យស្លាប់មុនអាយុ ។
ផលវិបាកនៃការញៀននីកូទីន
ផ្សែងបារីផ្ទុកដោយនីកូទីនដែលជាសារធាតុញៀនមួយធ្វើឱ្យអ្នកជក់កាន់តែចង់ជក់ ។ មិនតែប៉ុណ្ណោះនីកូនីធ្វើឱ្យមានរោគសញ្ញាញៀនពិបាកនឹងទ្រាំ ។ អ្នកញៀនមានអារម្មណ៍ល្អនៅពេលមាននីកូទីននៅក្នុងខ្លួននិងមានអារម្មណ៍អាប់អួនៅពេលគ្មានវានោះធ្វើឱ្យមានការពិបាកក្នុងអារម្មណ៍យ៉ាងខ្លាំង ។ ការញៀននីកូទីនពិបាកផ្ដាច់ជាងការញៀនសារធាតុផ្សេងៗទៀត ។ ការប្រើប្រាស់ថ្នាំជក់គ្រប់ទម្រង់ទាំងអស់សុទ្ធតែបណ្ដាលមាននីកូទីនក្នុងបរិមាណខុសៗគ្នាជ្រាបចូលទៅក្នុងចរន្តឈាមរបស់អ្នកប្រើប្រាស់ ។ ជាមធ្យមនីកូទីនចូលដល់ខួរក្បាលក្នុងរយៈពេល១០វិនាទី បន្ទាប់ពីផ្សែងបារីត្រូវបានហឺតចូលក្នុងខ្លួន ។ បន្ទាប់ពីមានការប្រើប្រាស់ថ្នាំជក់មួយរយៈមកការញៀននឹងកើតឡើង ។
ការញៀននីកូទីន មានឥទ្ធិពលយ៉ាងខ្លាំងនៅពេលដែលនរណាម្នាក់បានក្លាយជាអ្នកញៀនបារីនឹងត្រូវតែបន្តជក់បារីដើម្បីបំពេញតម្រូវការផ្លូវកាយ និងផ្លូវអារម្មណ៍របស់ពួកគេជក់អស់មួយដើមហើយចង់អុជមួយដើមទៀតបន្តតែបើកាលណាពួកជក់បារីកាន់តែច្រើនជាតិនីកូទីននឹងចូលទៅក្នុងខ្លួនគេកាន់តែច្រើនដែលបណ្ដាលឱ្យមានការញៀនកាន់តែខ្លាំងប្រឈមនឹងគ្រោះថ្នាក់រឹតតែធ្ងន់ធ្ងរ ។
ឥទ្ធិពលរបស់នីកូទីន
-នីកូទីនខ្ញើចទៅលើប្រព័ន្ធសរសៃប្រសាទហើយអាចធ្វើឱ្យសារពាង្គកាយញ័រ ឬអាចធ្វើឱ្យប្រកាច់នៅពេលដែលពួកគេជក់ច្រើន ។
– នីកូទីនបង្កើនសម្ពាធឈាម ចង្វាក់បេះដូង និងលំហូរនៃចរន្តឈាមធ្វើឱ្យបេះដូងដើរខុសប្រក្រតី ។ នីកូទីនក៏ធ្វើឱ្យសរសៃឈាមអាទែរួមតូចដែរ ។
-នីកូទីនក៏អាចធ្វើឱ្យបែកញើស ចង្អោរនិងធ្វើឱ្យកម្រិតជាតិស្ករនៅក្នុងឈាមកើនឡើង ។
-នីកូទីនធ្វើឱ្យមានការចងចាំ និងស្វាហាប់ មួយរយៈនិងបន្ថយការឃ្លានអាហារ ។
រោគសញ្ញាញៀននីកូទីន
ឆាប់ខឹងការថប់អារម្មណ៍ ពិបាកផ្ចង់អារម្មណ៍ នៅមិនស្ងៀម ចេះតែរសាប់រសល់ ចង្វាក់បេះដូងថយចុះរហូតលែងដំណើរការគាំងបេះដូង ។
ផលប៉ះពាល់ដល់សុខភាព
ការជក់បារីធ្វើឱ្យប៉ះពាល់ដល់សុខភាពជាច្រើនយ៉ាងដូចជា បណ្តាលឱ្យកើតមានជំងឺមហារីក និងជំងឺធ្ងន់ធ្ងរជាច្រើនទៀត ៖
១-ជំងឺបេះដូង-សរសៃឈាម
-ជំងឺបេះដូង-សរសៃឈាម គឺជាមូលហេតុសំខាន់មួយនៃការស្លាប់ដោយសារការជក់បារី
-ការជក់បារីជំរុញឱ្យសរសៃឈាមអាទែទៅជារឹង និងត្បៀត ដែលជាហេតុបណ្តាលឱ្យកើតជំងឺលើសឈាម ស្ត្រូក និងជំងឺគាំងបេះដូង ។ អ្នកជក់បារីកើតជំងឺទាំងនេះ ឆាប់រហ័សជាងអ្នកមិនជក់បារី ។ ប្រហែល៣០%នៃជំងឺគាំងបេះដូង បង្កឡើងដោយការជក់បារី ។
២-ជំងឺមហារីក
-អ្នកជក់បារីងាយកើតជំងឺមហារីកជាងអ្នកមិនជក់បារី ជាពិសេស ជំងឺមហារីកសួត មហារីកបំពង់ក និងមហារីកមាត់ ដែលជំងឺទាំងនេះកម្រនឹងកើតមានលើអ្នកមិនជក់បារី ។ បើអ្នកជក់បារី ជក់កាន់តែច្រើនក្នុងមួយថ្ងៃ និងជក់រយៈពេលកាន់តែយូរនោះពួកគេកាន់តែប្រឈមនឹងការកើតជំងឺមហារីកសួត ។ ការប្រឈមនឹងការកើតជំងឺនេះក៏កើនឡើងដែរ បើពួកគេចាប់ផ្តើមជក់បារីក្នុងវ័យក្មេង ។
-ចំពោះអតីតអ្នកជក់បារី ការប្រឈមជំងឺមហារីកសួត នឹងធ្លាក់ចុះមកស្មើនឹងអ្នកមិនជក់បារីក្នុងរយៈពេលប្រហែល១៥ឆ្នាំ ។
-ជំងឺផ្សេងៗទៀត ដែលកើតមានជាញឹកញាប់លើអ្នកជក់បារីមាន ៖
-មហារីកប្លោកនោម ,មហារីកបំពង់អាហារ,មហារីកតម្រងនោម,មហារីកលំពែង…។
៣-ជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ (COPD)
-ការជក់បារីគឺជាមូលហេតុចម្បងមួយនៃជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ ។
-ចំពោះអ្នកជក់បារី ដំណើរការរបស់សួត អាចធ្លាក់ចុះទាបជាងធម្មតាបីដង ។ នៅពេលដែលដំណើរការរបស់សួតធ្លាក់ចុះ ការពិបាកដកដង្ហើមក៏ចាប់ផ្តើមកើតឡើង ។
-ការខូចសួត ៖ ដោយសារជំងឺស្ទះផ្លូវដង្ហើមរ៉ាំរ៉ៃ គឺជាការខូចខាតជាអចិន្ត្រៃយ៍ ប៉ុន្តែការឈប់ជក់បារីក្នុងដំណាក់កាលណាមួយ អាចកាត់បន្ថយការធ្លាក់ចុះនៃសមត្ថភាពរបស់សួត ។
៤-ការជក់បារី និងការចុះខ្សោយផ្លូវភេទ
ចំពោះបុរសក្នុងវ័យ៣០ ទៅ៤០ឆ្នាំ ការជក់បារីបង្កើនការចុះខ្សោយផ្លូវភេទ ប្រហែល៥០% ។
លិង្គរបស់បុរសនឹងមិនអាចរឹងបានទេ បើចរន្តឈាមមិនអាចហូរចូលទៅលិង្គបានគ្រប់គ្រាន់នោះ ដូច្នេះសរសៃឈាមទាំងនេះ ត្រូវតែមានទ្រង់ទ្រាយល្អជានិច្ចទើបធ្វើឱ្យសមត្ថភាពលិង្គមានដំណើរការយ៉ាងប្រសើរ ។ ការជក់បារីអាចបណ្តាលឱ្យខូចសរសៃឈាម ៖ នីកូទីនធ្វើឱ្យត្បៀតសរសៃឈាមអាទែ ដែលចូលទៅលិង្គ ជាហេតុធ្វើឱ្យលំហូរឈាម និងសំពាធឈាមទៅលិង្គមានការថយចុះ ។ ឥទ្ធិពលនៃការត្បៀតសរសៃឈាមនេះចេះតែកើនឡើង ដូច្នេះប្រសិនបើអ្នកជក់បារីគ្មានបញ្ហានេះកើតឡើងក្នុងពេលបច្ចុប្បន្នក៏ដោយ ក៏ពួកគេនឹងអាចមានបញ្ហា នៅពេលអនាគត ។
ការមានបញ្ហាផ្លូវភេទលើអ្នកជក់បារី អាចជារោគសញ្ញាដំបូងដែលបង្ហាញថា បារីបាននិងកំពុងបំផ្លាញផ្នែកផ្សេងៗនៃសរីរាង្គរួចទៅហើយ ដូចជាសរសៃឈាមទៅបេះដូងជាដើម ។
៥-ជក់បារីក្នុងពេលមានផ្ទៃពោះ
ការជក់បារីធ្វើឱ្យប៉ះពាល់ផ្នែកជាច្រើន និងគ្រប់ដំណាក់កាលនៃការបន្តពូជ ។ ការស្រាវជ្រាវបានបង្ហាញឱ្យឃើញថា ការជក់បារីក្នុងពេលមានផ្ទៃពោះប៉ះពាល់ដល់ទាំងសុខភាពម្តាយ និងទារក ។ ជាតិនីកូទីននៅក្នុងថ្នាំជក់ ធ្វើឱ្យត្បៀតសរសៃឈាមក្នុងទងសុក និងស្បូន ដែលជាេហតុធ្វើឱ្យបរិមាណអុកស៊ីសែន ដែលផ្តល់ទៅទារក មានការថយចុះ ។
នៅពេលមានផ្ទៃពោះ ស្ត្រីដែលជក់បារី មានការប្រឈមនឹងបញ្ហាទ្វេដង ដូចជា របេះសុក (សុករបេះពីជញ្ជាំងស្បូនមុនអាយុកាល) ។ បញ្ហានេះអាចធ្វើឱ្យទារកកើតមិនគ្រប់ខែ ស្លាប់កើត ឬកើតស្លាប់ ។
នីកូទីន ក៏ត្រូវបានរកឃើញមាននៅក្នុងទឹកដោះម្តាយដែលជក់បារីដែរ ។ ទារកកើតពីម្តាយ ដែលជក់បារីក្នុងពេលមានផ្ទៃពោះ តែងមានទម្ងន់ទាបជាងធម្មតា ។ ការមានទម្ងន់ទាបនេះ គឺជាមូលហេតុនៃការស្លាប់របស់ទារក ៕
ចែករំលែកព័តមាននេះ