សង្គ្រាមស៊ីវិលចិន(Chinese Civil war) រវាងបក្សកុម្មុយនីស្តចិននិងបក្សគួមីងតាំងបានបញ្ចប់នៅឆ្នាំ១៩៤៩ ក្រោយសង្គ្រាមលោកលើកទី២ដែលបានបញ្ចប់មុននេះ៤ឆ្នាំ ។ ការបញ្ចប់សង្គ្រាមបង្ហូរឈាមពូជសាសន៍ឯងនោះ លទ្ធផលគឺបក្សកុម្មុយនីស្តចិនបានគ្រប់គ្រងលើដែនដីចិនដីគោក ឯបក្សគួមីងតាំងបានគ្រប់គ្រងកោះតៃវ៉ាន់ និងកោះមួយចំនួនទៀត ដែលគេហៅថាចិនដីទឹក ។
ជាប្រវត្តិសាស្ត្រ នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ លោក ម៉ៅ សេទុង ឬប្រធានម៉ៅ បានប្រកាសជាផ្លូវការឈ្មោះប្រទេសគឺសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រប់គ្រងដោយបក្សកុម្មុយនីស្តចិន ។ ការវិវឌ្ឍក្រោយសង្គ្រាម ប្រទេសចិនបានឆ្លងកាត់បញ្ហាជាច្រើន មានទាំងការរឹតត្បិតដ៏តឹងរុឹងដូចជាសម័យបដិវត្តន៍វប្បធម៌ជាដើម ដែលធ្វើឱ្យជីវិតឯកជនរបស់ពលរដ្ឋចិនត្រូវបានត្រួតត្រា និងក្រោយមកបន្ទាប់ពីមរណភាពរបស់លោកប្រធានម៉ៅដែលជារដ្ឋបុរសចិន លោក តេង ស៊ាវពីង ក៏បានបន្តនយោបាយបក្សកុម្មុយនីស្ត តែបានបន្ធូរបន្ថយការរឹតបន្តឹងលើពលរដ្ឋ ដោយបន្តិចម្តងៗការកែទម្រង់សេដ្ឋកិច្ចរបស់ខ្លួនបានធ្វើឱ្យនយោបាយបក្សកុម្មុយនីស្តងាកមករកសេដ្ឋកិច្ចទីផ្សារ ហើយបន្តិចម្តងៗខឿនសេដ្ឋកិច្ចបានរីកធំធាត់រហូតក្លាយជាមហាអំណាចខាងសេដ្ឋកិច្ចវ៉ាដាច់ជប៉ុននិងអាមេរិក ។
ទោះបីជាបែបណា ក្រុមអ្នកកាសែតបស្ចិមប្រទេសបានហៅការដឹកនាំរបស់មេដឹកនាំមហាអំណាចចិន ដែលប្តូរវេនគ្នារហូតមកនោះតែងប្រកាន់យក «យុទ្ធសាស្ត្រព្រនង់ធំ» Grand Strategy របស់ខ្លួនដើម្បីសម្រេចនយោបាយដឹកនាំរបស់ខ្លួន ។ ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ គឺជាខួបលើកទី៧០នៃការប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលនៅទីក្រុងប៉េកាំងឯណោះ មានការ ធ្វើព្យុហយាត្រាដ៏ធំសម្បើមមិនធ្លាប់មានពីមុនមក ។
សម្តេចតេជោ ហ៊ុន សែន មិនភ្លេចឡើយថ្ងៃខួបប្រកាសសាធារណរដ្ឋប្រជាមានិតចិនគឺថ្ងៃទី១ តុលា ដែលជាខួបលើកទី៧០ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខដល់វិទ្យុមិត្តភាពកម្ពុជា-ចិន ស្ថានីយវិទ្យុ និងទូរទស្សន៍នៃបក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី៩ ខែកញ្ញាកន្លងមក ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាស៍ថា៖ «ភាពរីកចម្រើនរបស់ចិនគឺសម្រាប់ការរីកលូតលាស់ ការរីកធំធាត់របស់សាធារណរដ្ឋប្រជាមានិតចិន គឺជារឿងអស្ចារ្យណាស់ ដែលអាចបង្ហាញឲ្យឃើញពីតួនាទីនៅត្រង់ថា ទំហំផ្ទៃដីរបស់ចិនប្រហែលជាមិនដល់១០ភាគរយនៃផ្ទៃដីពិភពលោកនោះទេ ក៏ប៉ុន្តែចិនបានចិញ្ចឹមប្រជាពលរដ្ឋប្រមាណជិត២០ភាគរយឯណោ នោះហើយគឺជាសមិទ្ធផលដែលពួកគេមិនមើលរំលងអំពីទិដ្ឋភាពបែបនេះ អាចជាសមិទ្ធផលដឹកនាំដ៏អស្ចារ្យរបស់បក្សកម្មុយនីស្តចិន ។ អ្វីដែលសំខាន់ជាងនេះទៀតនោះ ប៉ុន្មានឆ្នាំចុងក្រោយនេះ គឺចិនបានក្លាយជាប្រទេសមានទំហំសេដ្ឋកិច្ចកម្រិតទី២នៃពិភពលោក ដែលប៉ុន្មានជា១០ ទៅ២០ឆ្នាំមុននោះគ្មាននរណានឹកស្មានដល់ថា ចិនអាចដើរដល់កម្រិតនេះទេ។
នេះគឺជាចំណុចដែលយើងត្រូវមើលឃើញពីល្បឿននៃការហក់ឡើងរបស់សាធារណរដ្ឋប្រជាមានិតចិនលើគ្រប់វិស័យ ក្នុងនោះវិស័យសេដ្ឋកិច្ច ជីវភាពប្រជាជនមានការកើនឡើងគួរឱ្យកត់សម្គាល់ ។ «ក្រៅពីការអភិវឌ្ឍប្រទេសខ្លួនឯង ចិនបានដើរតួនាទីសំខាន់ៗនៅក្នុងការនាំមកនូវវិបុលភាព សម្រាប់តំបន់និងពិភពលោក» ។ ក្នុងអំឡុងពេលកើតមានវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៨ និងវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨ សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់ ដោយបានរួមចំណែកយ៉ាងសំខាន់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចអាស៊ីនិងពិភពលោក ។
គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវដែលលើកឡើងដោយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានធ្វើឱ្យប្រទេសជាច្រើនដែលបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការទទួលបានផលប្រយោជន៍ ។ ប្រទេសជាច្រើនកំពុងតែចាប់អារម្មណ៍ខ្លាំង និងកាន់តែមានការចូលរួមជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ស្របពេលដែលកម្ពុជាក៏ជាអ្នកទទួលផលនៃការរីកលូតលាស់សេដ្ឋកិច្ចចិនដែរ។
នៅពេលនិយាយដល់ការតភ្ជាប់រវាងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជាជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់ចិន សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សម្រាប់កម្ពុជាគ្រាន់តែជាផ្នែកមួយ ដែលតភ្ជាប់ទាញយកប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយវាស្របទៅនឹងគំនិតផ្តួចផ្តើមរវាងយុទ្ធសាស្ត្រចតុកោណ និងជាមួយគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលអាចផ្តល់នូវកម្ពុជារីកលូតលាស់តាមរយៈ ការប្រើប្រាស់នូវវិធានការជាកញ្ចប់ និងវិធានការតាមផ្នែក ដែលលេចចេញពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវរបស់សាធារណរដ្ឋប្រជាមានិតចិន ហើយទាក់ទងទៅនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍដទៃទៀត ដែល យើងកំពុងទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ដែលសំយោគមកគួបផ្សំជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជារបស់យើង ។ ខ្ញុំគិតថា មិនមែនធ្វើការតែក្នុងរយៈពេលខ្លីទេ បើយោងទៅលើចរិតដែលមានប្រហាក់ប្រហែលគ្នាបែបនេះ យើងអាចធ្វើការជាមួយគ្នាក្នុងរយៈពេលវែង នោះហើយដែលយើងប្រើក្នុងក្របខណ្ឌដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយក៏ជាមិត្តដែកថែបផងដែរ ។
នៅពេលនិយាយដល់ទំនាក់ទំនង រវាងប្រទេសទាំងពីរកម្ពុជា-ចិន សម្តេចតេជោបានកត់សម្គាល់ថា ប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ។ «ខ្ញុំតែងតែប្រាប់សហការីរបស់ខ្ញុំ ទាំងក្នុងគណបក្សទាំងក្នុងរដ្ឋាភិបាលថា បើយើងទាក់ទងជាមួយ រដ្ឋាភិបាលរបស់សាធារណរដ្ឋប្រជាមានិតចិន យើងកុំមានការភ័ន្តច្រឡំណាមួយជាមួយតៃវ៉ាន់ឱ្យសោះ ត្រូវប្រកាន់់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ហើយការអនុវត្តនូវនយោបាយចិនតែមួយ គឺជាការគោរពនូវអធិបតេយ្យភាពរបស់ចិន ។ ការគោរពអធិបតេយ្យភាពរបស់ចិន វាមានតម្លៃស្មើនឹងការគោរពអធិបតេយ្យកម្ពុជាខ្លួនឯង ។ ចំណុចនេះគឺបានរត់រកគ្នាទៅលើការគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ទៅវិញទៅមក នេះគឺជាចំណុចពិសេសក្នុងទំនាក់ទំនងរបស់យើង» ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណផងដែរដល់ប្រទេសចិន ដែលតែងតែផ្តល់ជំនួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេលយូរអង្វែង ។ «ចិនបានផ្តល់ជំនួយសម្រាប់កម្ពុជាយើងដោយគ្មានការផ្សារភ្ជាប់ លក្ខខណ្ឌណាមួយទេ ។ គោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព គឺជាចំណុចពិសេសដែលប្រទេសកម្ពុជាក៏ដូចជាប្រទេសមិត្តភក្ដិដទៃទៀត តែងតែធ្វើការជាមួយចិនបានយ៉ាងល្អ ។ ហើយបើនិយាយពីកម្ពុជា សព្វថ្ងៃដូចអ្វីដែលខ្ញុំបានលើកឡើងញឹកញាប់ហើយថា ប្រសិនបើគ្មានជំនួយឬការឧបត្ថម្ភរបស់ចិនទេ សួរថាមកដល់ពេលនេះ តើកម្ពុជាមានផ្លូវថ្នល់ប្រមាណ៣.០០០គីឡូម៉ែត្រ និងស្ពានធំៗឆ្លងកាត់ទន្លេ ជំនួសឱ្យផ្លូវដែលគ្មានកាលពីពេលមុន និងស្ពានដែលគ្មានពីពេលមុននោះអត់ ?
ហេដ្ឋារចនាសម្ព័ន្ធដែលកម្ពុជាទទួលបានជំនួយពីសាធារណរដ្ឋប្រជាមានិតចិន គឺបានជួយជំរុញសេដ្ឋកិច្ចកម្ពុជាខ្លាំងណាស់ ។ ការតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជាខ្លួនឯង ពឹងអាស្រ័យយ៉ាងខ្លាំងទៅលើជំនួយឧបត្ថម្ភពីសាធារណរដ្ឋប្រជាមានិតចិន ផ្លូវជាង៣.០០០គីឡូម៉ែត្រនេះ គឺតភ្ជាប់ផ្ទៃក្នុងដែលធ្វើឱ្យកម្ពុជាអាចសមាហរណកម្មខ្លួនឯងបាន ។ បន្ថែមលើនោះ ចិនក៏បានជួយធ្វើឱ្យយើងបានតភ្ជាប់រវាងប្រទេសកម្ពុជានិងប្រទេសជិតខាងក្នុងតំបន់ ។ នៅក្នុងសន្និសីទអន្តរជាតិក៏ដូចជានៅទីណាក៏ដោយ គេនិយាយអំពីការតភ្ជាប់ ប៉ុន្តែការតភ្ជាប់ចាំបាច់ត្រូវមានទុន ខណៈដែលកម្ពុជាពុំមានទុនគ្រប់គ្រាន់ទេ ដូច្នេះយើងត្រូវពឹងពាក់ពីមិត្តភក្ដិ ក្នុងនោះពឹងពាក់ច្រើនជាងគេគឺពឹងពីសាធារណរដ្ឋប្រជាមានិតចិនដើម្បីតភ្ជាប់ផ្ទៃក្នុងផង និងតភ្ជាប់យើងជាមួយនឹងប្រទេសថៃ តភ្ជាប់យើងជាមួយប្រទេសវៀតណាម និងតភ្ជាប់យើងជាមួយប្រទេសឡាវ ដែលជាចំណុចដ៏សំខាន់នៅក្នុងរបៀបវារៈអាស៊ាន ក៏ដូចជាសមាហរណកម្មក្នុងតំបន់មេគង្គរបស់យើងឬក៏អាចនិយាយបានថានៅទូទាំងអាស៊ីតែម្តង» ។
ពេលនិយាយដល់កិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាន សម្ដេចតេជោថ្លែងថា «ខ្ញុំគិតថា ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាននិងចិន គឺជាការចាំបាច់ដើម្បីបន្តទៅមុខទៀត ។ យន្តការអាស៊ានបូកចិន គឺជាយន្តការដ៏ល្អជាមួយនឹងយន្តការអាស៊ាន-ជប៉ុន អាស៊ាន-កូរ៉េខាងត្បូង និងអាស៊ានបូក៣ ដែលមានអាស៊ានបូកចិន ជប៉ុន និងកូរ៉េខាងត្បូង ប៉ុន្តែនៅមានយន្តការឡានឆាង-មេគង្គ ដែលជាការតភ្ជាប់ជាមួយចិនជាមួយបណ្តាប្រទេសនៅជាប់ទន្លេមេគង្គ សុទ្ធតែជាយន្តការដែលបំពេញបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិនជាមួយប្រទេសនៅជាប់ដងទន្លេមេគង្គ ។ យន្តការទាំងអស់នេះ បានផ្តល់នូវស្ថិរភាពសម្រាប់តំបន់ ហើយក្នុងនោះជំរុញនូវការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដោយជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ព្រមទាំងបានធ្វើឱ្យតំបន់របស់យើងមានសន្តិភាព ស្ថិភាព ក៏ដូចជាមានការអភិវឌ្ឍ ដែលជាចំណុចរួមគ្នាទាំងចិននិងបណ្តាប្រទេសនៅក្នុងតំបន់នេះផងដែរ» ៕ ដោយ៖ សាឯម ផល្គុន
ចែករំលែកព័តមាននេះ