រាជធានីភ្នំពេញ ៖ ណិចហ្សាវ៉ា ជាឱសថម្យ៉ាងសម្រាប់ប្រឆាំងនឹងជំងឺមហារីកថ្លើមត្រូវបានក្រុមហ៊ុន Bayer នាំចូលមកកម្ពុជា ដោយមានការអនុញ្ញាតពីក្រសូងសុខាភិបាលកម្ពុជាផងដែរ ។ ដោយសារតែនៅកម្ពុជាសព្វថ្ងៃ ជំងឺមហារីកថ្លើមបាននិងកំពុងមានការព្រួយបារម្ភពីសំណាក់ក្រុមវេជ្ជបណ្ឌិត និងរាជរដ្ឋាភិបាលដែលភាគច្រើនជំងឺនេះ កើតឡើងទៅលើបុរសៗ មូលហេតុចំបងមកពីបុរសៗនៅកម្ពុជាភាគច្រើនជាអ្នកចូលចិត្តទទួលទានស្រា ។ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៥ មេសា ២០១៤ នៅសណ្ឋាគារភ្នំពេញ ក្រុមហ៊ុន Bayer បានបង្ហាញពីផលិតផលរបស់ខ្លួនដល់អ្នកសារព័ត៌មាន និងមានការចូលរួមពីវេជ្ជបណ្ឌិត និងតំណាងក្រុមហ៊ុនផងដែរ គឺឱសថណិចហ្សាវ៉ា ។
លោកស្រី ស៊្រុន ម៉ាលីន ប្រធានគ្រប់គ្រងក្រុមហ៊ុន Bayer Healthcare បានមានប្រសាសន៍ថា ចាប់ពីពេលនេះទៅអ្នកជំងឺមហារីកថ្លើមនៅកម្ពុជាយើងមិនចាំបាច់ធ្វើការចំណាយពេលវេលាទៅព្យាបាលជំងឺនៅប្រទេសវៀតណាមនោះទេ ដោយណិចហ្សាវ៉ា បានជំរុញឱ្យយើងអាចដោះស្រាយបញ្ហានេះបានដោយនាំចូលមកកម្ពុជាសម្រាប់ព្យាបាលដល់អ្នកជំងឺនៅកម្ពុជាយើង ។
លោកវេជ្ជបណ្ឌិត សុខ សុធា ប្រធានផ្នែកមហារីកនៅមន្ទីរពេទ្យកាល់ម៉ែត្រ បានឱ្យដឹងថា សព្វថ្ងៃនេះ បញ្ហាជំងឺថ្លើមបានកើនឡើងគួរឱ្យព្រួយបារម្ភ ហើយមូលហេតុនោះ គឺដោយសារតែប្រជាជនភាគច្រើនជាបុរសចូលចិត្តទទួលទានជាតិស្រវឹងច្រើន ។ តាមយើងដឹងត្រួសៗក្រុមហ៊ុនផលិតស្រាបៀរមួយនៅកម្ពុជា ក្នុងមួយថ្ងៃផលិតបានរហូតដល់ជាង១លានលីត្រ តែការនាំចេញទៅក្រៅតែជាង២០ម៉ឺនលីត្រ ដូចនេះ៨០ម៉ឺនលីត្រទៀតលក់ឱ្យប្រជាជនកម្ពុជា ។ ម្យ៉ាងទៀត ម្ហូបអាហារក្រៀមៗ ក៏អាចបណ្តាលឱ្យកើតជំងឺថ្លើម និងមហារីកថ្លើមបានដែរ ដូចជាសាច់គោងៀត ត្រីងៀត សណ្តែកដី ជាដើម ។ ដូច្នេះដើម្បីកាត់បន្ថយ ឬការពារជំងឺនេះ បានយើងគួរតែកាត់បន្ថយការទទួលទានជាតិស្រវឹង និងអាហារទាំងនោះ ។
តាមការសិក្សាបញ្ជាក់ថា ណិចហ្សាវ៉ា អាចពន្យាអាយុជីវិតរបស់អ្នកជំងឺមហារីកថ្លើមបានរហូតដល់ទៅ៤៤% ខណៈដែលអ្នកជំងឺដែលមិនបានទទួលការព្យាបាលដោយឱសថនេះ អាចរស់រានត្រឹមតែ៧,៩ខែ ហើយដែលទទួលការព្យាបាលអាចរស់នៅរហូតដល់១០,៧ខែនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ។ នៅតំបន់អាស៊ីការព្យាបាលនេះត្រូវបានគេរកឃើញថា អាចជួយពន្យាអាយុអ្នកជំងឺរហូតដល់ទៅ៤៧% ។ អ្នកដែលមិនបានទទួលការព្យាបាលអាចរស់បាន៤,២ខែ នៅពេលដែលទទួលការព្យាបាលអាចរស់បានរហូតដល់៦,៥ខែ ៕
ចែករំលែកព័តមាននេះ